អ្នកកាសែត៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ាចំពោះការផ្សាយអំពីបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា។
អ្នកយកព័ត៌មានម្នាក់ក្នុងចំណោមនោះគឺលោក Thein Zaw ជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Associated Press។ មេធាវីម្នាក់របស់លោក Thein Zaw និយាយថា លោកThein Zaw និងអ្នកកាសែត៥នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ក្រោមច្បាប់មួយ ដែលហាមឃាត់មិនឱ្យជនណាម្នាក់បង្កការភ័យខ្លាច ចែករំលែកព័ត៌មានមិនពិតឬបង្កការជ្រួលច្របល់ដោយផ្ទាល់ឬដោយប្រយោលប្រឆាំងនឹងបុគ្គលិករដ្ឋាភិបាលនោះទេ។
អ្នកកាសែតទាំង៦នាក់ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់រយៈពេល៣ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោស។ របបយោធាបានធ្វើវិសោធនកម្មច្បាប់នេះកាលពីខែមុនដើម្បីបង្កើនការកាត់ទោសឲ្យជាប់ពន្ធនាគារអតិបរមាពី២ឆ្នាំ ទៅជា ៣ ឆ្នាំវិញ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានឲ្យដឹងថា លោក Thein Zaw ត្រូវបានចាប់ឃុំខ្លួននៅថ្ងៃសៅរ៍ក្នុងទីក្រុងរ៉ង់ហ្គូន ខណៈពេលដែលលោកកំពុងយកព័ត៌មានអំពីបាតុកម្មនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ លោកត្រូវបានគេរាយការណ៍ថា កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ Insein ដែលមានកេរ្តិ៍ឈ្មោះអាក្រក់នៅក្នុងទីក្រុងដែលបានឃុំឃាំងអ្នកទោសនយោបាយជាច្រើនក្នុងអំឡុងពេលនៃការគ្រប់គ្រងដោយរបបយោធាពីមុន។
អ្នកកាសែត៤នាក់ក្នុងចំណោមអ្នកកាសែត៥នាក់ទៀតធ្វើការឱ្យបណ្ដាញព័ត៌មាន Myanmar Now ទីភ្នាក់ងារព័ត៌មាន Myanmar Photo Agency បណ្ដាញព័ត៌មាន 7Day News និងបណ្ដាញព័ត៌មាន Zee Kwet ដែលជាបណ្តាញព័ត៌មានតាមអ៊ីនធឺណិត រីឯអ្នកទី៥គឺជាអ្នកកាសែតឯករាជ្យ។ លោក Ian Phillips អនុប្រធានទីភ្នាក់ងារព័ត៌មាន Associated Press ទទួលបន្ទុកព័ត៌មានអន្តរជាតិបានអំពាវនាវឱ្យមានការដោះលែងលោក Thein Zaw ជាបន្ទាន់៕