ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបំបែកបាតុកម្មនៅក្នុងទីកន្លែងជាច្រើនដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងនៅថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗពីមនុស្សស្លាប់និងរបួសទេ នៅមួយថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្ស៣៨នាក់ បានត្រូវសម្លាប់នៅថ្ងៃដ៏បង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីខែមុនមក។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយគ្មានការញញើតនឹងការបង្ក្រាប ក្រុមសកម្មជននិយាយថា ពួកគេបានបដិសេធមិនទទួលយកការគ្រប់គ្រងរបស់យោធា ហើយបានសម្រេចដាក់គំនាបឲ្យដោះលែងអ្នកស្រី Aung San Suu Kyi មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត និងទទួលស្គាល់ជ័យជម្នះរបស់អ្នកស្រីនៅក្នុងការបោះឆ្នោតខែវិច្ឆិកាឆ្នាំមុន។
ហ្វូងមនុស្សដ៏ធំ ក៏បានប្រមូលផ្តុំគ្នាដោយសន្តិវិធីដើម្បីធ្វើបាតុកម្មនៅទីកន្លែងផ្សេងទៀត រួមមាននៅទីក្រុង Mandalay ដែលជាទីក្រុងធំទី២ និងនៅក្នុងទីក្រុងប្រវត្តិសាស្ត្រ Bagan ដែលមានមនុស្សរាប់រយនាក់ បានដើរដោយកាន់រូបថតរបស់អ្នកស្រី Suu Kyi ហើយនឹងបដាដោយសរសេរថា «ដោះលែងមេដឹកនាំរបស់យើង»។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា មនុស្សយ៉ាងតិចណាស់ក៏៣៨នាក់ដែរ បានត្រូវគេសម្លាប់នៅទូទាំងប្រទេសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលនៃបាតុកម្មមួយថ្ងៃទៀតប្រឆាំងនឹងរបបយោធា។
អ្នកស្រី Christine Schraner Burgener បានប្រាប់ក្រុមអ្នកយកព័ត៌មានតាមវីដេអូពីប្រទេសស្វ៊ីសថា៖ «ថ្ងៃ[ពុធ]នេះ វាជាថ្ងៃបង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារបានកើតមានឡើងនៅថ្ងៃទី១ ខែកុម្ភៈមក»។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការស្លាប់ចុងក្រោយនេះ នាំឱ្យចំនួនការស្លាប់សរុបបានកើនដល់ជាង៥០នាក់ នៅពេលដែលយោធាព្យាយាមដាក់អំណាចគ្រប់គ្រង។
Reuters ក៏បានរាយការណ៍ដែរថា នៅថ្ងៃព្រហស្បតិ៍នេះ យន្តហោះចម្បាំង៥ គ្រឿងបានហោះទាបៗកាត់ទីក្រុង Mandalay។ នេះបើតាមអ្នកស្រុក នៅក្នុងអ្វីដែលទំនងជាការបង្ហាញកម្លាំងសាច់ដុំយោធា៕