ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របប​យោធា​មីយ៉ាន់ម៉ា ចោទ​ប្រកាន់​អ្នកស្រី Suu Kyi ពី​បទ​បន្លំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ២០២០


រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi មើល​ការចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ អ្នកស្រី Aung San Suu Kyi មើល​ការចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

របប​យោធាមីយ៉ាន់ម៉ា​ បាន​ចោទ​ប្រកាន់​អ្នកស្រី Aung San Suu Kyi ថា​ បាន​ប្រព្រឹត្តិ​អំពើ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពីឆ្នាំ​២០២០​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​ការ​ចោទ​ប្រកាន់​ថ្មីចុង​ក្រោយ​មួយ​ក្នុង​ចំណោមការ​ចោទ​ប្រកាន់​ជា​ច្រើន​ប្រឆាំង​នឹង​រូប​អ្នកស្រី​ ចាប់​តាំង​ពី​គណបក្ស​អ្នកស្រី​ឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្លូកទឹក​ភ្លូក​ដី​នោះ​មក។​ នេះ​បើ​តាម​ការ​ផ្សាយរបស់​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​រដ្ឋ​មីយ៉ាន់ម៉ា​នៅ​ថ្ងៃអង្គារ ហើយ​ដែល​ត្រូវ​បាន​ដក​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP ។

ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្លាក់​ទៅ​ក្នុង​ភាព​វឹកវរចាប់​តាំង​ពី​ក្រោយថ្ងៃ​រដ្ឋប្រហារយោធា​កាល​ពី​ដើមខែ​កុម្ភៈ​កន្លង​ទៅ ដែល​បណ្តាល​ឲ្យមាន​បាតុកម្មប្រឆាំង​តវ៉ា់​នៅ​ទូទំាង​ប្រទេស​ និង​ការ​បង្ក្រាប​យ៉ាង​បង្ហូរឈាម​ពី​សំណាក់​អាជ្ញាធរ​មីយ៉ាន់ម៉ា​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង។​ ​

អ្នកស្រី​ Suu Kyi ​ដែល​មាន​អាយុ ៧៦​ឆ្នាំ​ ​ត្រូវ​បាន​របប​យោធាមីយ៉ាន់ម៉ា​ចាប់​ឃុំ​ក្នុង​ផ្ទះ​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​មក​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មាន​វិទ្យុទាក់​ទង​ដោយ​ខុស​ច្បាប់​ ដឹកនាំ​ការ​បះបោរ​ ប្រព្រឹត្តិអំពើ​ពុករលួយ​ ដែល​ត្រូវ​ប្រឈម​នឹងការ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ទសវត្សរ៍​ ប្រសិន​បើត្រូវ​កាត់​ទោស​ថា​ មាន​កំហុស​មែន​នោះ។

អ្នកស្រី Suu Kyi នៅ​ពេល​នេះ​ ថែមទាំង​ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ាចោទ​ប្រកាន់​មួយ​ករណី​បន្ថែម​ទៀត ​គឺ ​«ការ​លួច​ប​ន្លំ​សន្លឹកឆ្នោត និង​សកម្មភាព​ខុសច្បាប់​ផ្សេងទៀត»។ នេះ​ បើ​តាមការ​ចេញ​ផ្សាយ​របស់​កា​សែត Global New Light of Myanmar ដែល​គ្រប់​គ្រង​ដោយ​រដ្ឋមីយ៉ាន់ម៉ា។​ កាសែត​នេះ​មិន​បាន​និយាយ​ថា តើ​នៅ​ពេលណា​ ទើបករណី​ចោទ​ប្រកាន់​ថ្មី​នេះ​ នឹង​ត្រូវ​បើក​សវនាការ​កាត់ទោស​នោះ​ទេ។​

កាសែត​នោះ​បន្ថែម​ទៀត​ថា​ មន្ត្រី​មីយ៉ាន់ម៉ា​ចំនួន​១៥​នាក់​ផ្សេងទៀត​ ដែល​រួម​មាន​អតីតប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក Win Myint ​និង​អតីត​ប្រធានគណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផងដែរ​ ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នោះ។​

អ្នកស្រី Suu Kyi នឹងដឹង​អំពី​សាលក្រម​របស់​តុលាការ​លើអ្នកស្រី​ ពី​បទធ្វើ​ឲ្យ​មាន​អំពើ​ញុះញង់​ប្រឆាំង​នឹងក្រុម​យោធា​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខាង​មុខ​នេះ​។ នេះ ​បើតាម​ប្រភព​មួយ​ ដែល​បាន​ដឹងអំពី​រឿង​នេះ​ ហើយ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ។

​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់អ្នកស្រី Suu Kyi មាន​សំឡេង​គាំទ្រ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោតកាល​ពីឆ្នាំ​២០២០​ បើ​ប្រៀប​ធៀប​ទៅនឹង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​គណបក្ស​ដែល​គាំទ្រ​ដោយ​របបយោធា​ទទួល​បរាជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ។​

ប៉ុន្តែ​របប​យោធា​ បាន​លើក​យក​ហេតុផល​ពី​ការ​លួច​បន្លំ​ការបោះ​ឆ្នោត ធ្វើ​ជា​មូលហេតុក្នុង​ការធ្វើ​រដ្ឋប្រហារ​យោធា​ ​ដណ្តើម​អំណាច​ និង​បញ្ចប់​នូវ​ការ​ដឹកនាំគ្រប់​គ្រង​តាម​បែបលទ្ធិប្រជាធិបតេយ្យ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG