រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងអំពាវនាវឱ្យរបបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ាស្ដារមាគ៌ាប្រទេសនេះ«ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងរួមបញ្ចូលគ្នា»។ លោកថ្លែងដូច្នេះ នៅថ្ងៃខួបមួយឆ្នាំនៃជ័យជំនះការបោះឆ្នោតសកលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) ដែលបច្ចុប្បន្នត្រូវបានបណ្តេញចេញពីអំណាច។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះអាសនៈសភាចំនួន៣៩៦នៃអាសនៈចំនួន ៤៩៨ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយឈ្នះគណបក្សសហភាព និងសាមគ្គីភាពគាំទ្រដោយយោធា ក្នុងការបោះឆ្នោតឡើងវិញតាមប្រជាធិបតេយ្យជាលើកទីពីរ បន្ទាប់ពីយោធាបានបោះបង់ការគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាជាផ្លូវការ បន្ទាប់ពីការគ្រប់គ្រងបែបផ្តាច់ការរាប់ទសវត្សរ៍។
ប៉ុន្តែក្នុងពេលត្រឹមតែបីខែក្រោយមកលទ្ធផលនេះត្រូវបានបំផ្លាញ នៅពេលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១និងបានឃុំឃាំងមន្ត្រីជាច្រើននាក់ រួមទាំងមេដឹកនាំពិតប្រាកដគឺអ្នកស្រី Aung San Suu Kyi និងលោកប្រធានាធិបតី Win Myint។ យោធាបានអះអាងថា លទ្ធផលនៃការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា មានការក្លែងបន្លំ ប៉ុន្តែគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបដិសេធ។
លោកស្រី Suu Kyi បានដឹកនាំរដ្ឋាភិបាលស៊ីវិលក្នុងនាមជា«ទីប្រឹក្សារដ្ឋ» បន្ទាប់ពីរដ្ឋធម្មនុញ្ញតាក់តែងដោយយោធាបានរារាំងមិនឱ្យអ្នកស្រីកាន់តំណែងជាប្រធានាធិបតី។
លោករដ្ឋមន្ត្រី Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា រដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ និង «ការបង្រ្កាបដោយហិង្សាជាបន្តបន្ទាប់បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ហើយបានបំផ្លាញការជឿនលឿនមួយទសវត្សរ៍ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
លោក Blinken បាននិយាយថា «យើងផ្តល់កិត្តិយសដល់ប្រជាជនភូមា ដែលខិតខំស្តារលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងប្រទេសរបស់ពួកគេ រួមមានជនស្លូតត្រង់ជាង១៣០០នាក់ ដែលបានបាត់បង់ជីវិតក្នុងការតស៊ូនោះ»៕