តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា បានពន្យារពេលការប្រកាសសាលក្រមនៅថ្ងៃអង្គារនេះលើបណ្តឹងប្រឆាំងអតីតមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi ដើម្បីអនុញ្ញាតឱ្យមានការផ្តល់សក្ខីកម្មពីសាក្សីមួយរូបបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
តុលាការបានយល់ព្រមតាមសំណើរបស់មេធាវីការពារក្តី ដោយអនុញ្ញាតឱ្យវេជ្ជបណ្តិតមួយរូបដែលមិនអាចចូលរួមផ្តល់សក្ខីកម្មក្នុងពេលកន្លងមក ឱ្យផ្ដល់សក្ខីកម្មនៅពេលនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីផ្នែកច្បាប់ម្នាក់។
សាលក្រមដែលនឹងប្រកាសនេះ គឺជាសាលក្រមដំបូងបង្អស់សម្រាប់បណ្ដឹងប្រឆាំងអ្នកស្រី Suu Kyi ក្រោមបទចោទប្រកាន់ពីការញុះញង់និងការបំពានលើការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ចាប់តាំងពីពេលដែលយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រីពីតំណែងកាលពីថ្ងៃទី ១ ខែកុម្ភៈមក។
អ្នកស្រី Suu Kyi ក៏ប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីទៀតផងដែរ ដូចជាករណីចោទប្រកាន់រឿងពុករលួយជាដើម។ ការចោទប្រកាន់ទាំងនេះអាចធ្វើឲ្យអ្នកស្រីជាប់ពន្ធនាគាររាប់សិបឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស។
ចៅក្រមបានលើកពេលដំណើរការកាត់ក្តីនេះរហូតដល់ថ្ងៃទី ៦ ខែធ្នូខាងមុខ នៅពេលដែលលោកវេជ្ជបណ្ឌិត Zaw Myint Maung ដែលជាសាក្សីថ្មី ចូលមកផ្តល់សក្ខីកម្មនៅពេលនោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីផ្នែកច្បាប់មួយរូប ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើការប្រកាសសាលក្រមលើបណ្តឹងប្រឆាំងអ្នកស្រី Suu Kyi នេះនឹងធ្វើឡើងនៅពេលណានោះ៕