ពួកអ្នកភូមិរាប់រយនាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលុយទឹកឬហែលទឹកដែលមានកម្ពស់ត្រឹមចង្កាដើម្បីគេចចេញពីទឹកជំនន់យ៉ាងខ្លាំងនៅជុំវិញតំបន់ដាច់ស្រយាលនៃរដ្ឋធានីណៃពិដោកាលពីថ្ងៃសុក្រ ខណៈដែលវៀតណាមបានចាប់ផ្តើមបោសសម្អាតបន្ទាប់ពីព្យុះសង្ឃរាដ៏ប្រល័យYagi។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP។
ពលរដ្ឋនៅក្នុងផ្នែកនានានៃប្រទេសវៀតណាម លាវ ថៃនិងមីយ៉ាន់ម៉ាបានប្រយុទ្ធនឹងទឹកជំនន់និងការបាក់ដីបន្ទាប់ពីព្យុះសង្ឃរាYagi ដែលបានធ្វើឱ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅពេលដែលព្យុះនោះបានបក់បោកតំបន់នោះកាលពីចុងសប្តាហ៍មុនមក។
ចំនួនមនុស្សស្លាប់ទាំងអស់នៅទូទាំងប្រទេសទាំង៤នោះមានជិត៣០០នាក់ រួមទាំងមនុស្ស២៣៣នាក់នៅក្នុងប្រទេសវៀតណាម ក៏ប៉ុន្តែ ដោយមនុស្សជាច្រើនទៀតកំពុងបាត់ខ្លួននោះ គេរំពឹងថាចំនួននេះនឹងកើនឡើង។
មនុស្សជាង២សែន៣ម៉ឺន៥ពាន់នាក់បានត្រូវបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមពួកក្រុមប្រឹក្សាយោធាកាលពីថ្ងៃសុក្រ។ ការណ៍នេះកំពុងបង្កើនទុក្ខវេទនាដល់ប្រទេសនោះដែលរងគ្រោះដោយជម្លោះចាប់ តាំងពីពួកយោធាបានដណ្តើមអំណាចនៅឆ្នាំ២០២១មក។
ពួកអាជ្ញាធរបានស៊ើបអង្កេតរបាយការណ៍ដែលគ្មានការបញ្ជាក់ថាកម្មករចំណាកស្រុករាប់សិបនាក់បានបាត់ខ្លួនបន្ទាប់ពីការបាក់ដីនៅតំបន់ធ្វើអាជីវកម្មរ៉ែមាសនៅក្នុងតំបន់ Mandalay ភាគកណ្តាល។ នេះបើតាមលោកZaw Min Tun អ្នកនាំពាក្យយោធា។
ក្រុមប្រឹក្សាយោធាបានផ្តល់តួលេខចំនួនមនុស្សស្លាប់៣៣នាក់កាលពីថ្ងៃសុក្រ ខណៈដែលកាលពីមួយថ្ងៃមុន ក្រសួងអគ្គិភ័យរបស់មីយ៉ាន់ម៉ាបាននិយាយថាពួកអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស៣៦នាក់៕
វេទិកាបញ្ចេញមតិ