ប្រទេសចិនបានជំរុញប្រទេសជិតខាងនានារបស់ប្រទេសមីយ៉ាន់ម៉ាឱ្យជួយប្រទេសមីយ៉ាន់ម៉ាដែលហែកហួរដោយសារសង្គ្រាមឱ្យមានដំណើរវិវឌ្ឍទៅមុខនៃដំណើរការសន្តិភាពនិងការផ្សះផ្សា នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយសមភាគីរបស់ខ្លួនមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារ សារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានហៅស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាថាគួរឱ្យ «បារម្ភ» ហើយលោកបានស្នើថា ប្រទេសជិតខាងគួរតែជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសមីយ៉ាន់ម៉ាដើម្បីជួយប្រទេសនេះឱ្យបង្កើតស្ថានភាពសេដ្ឋកិច្ចនិងសង្គមដែលបង្ការជម្លោះ។
នៅមុនជំនួបនេះ លោក Wang បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយនៅក្នុងប្រទេសថៃថា ប្រទេសចិនគាំទ្រដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងគាំទ្រផែនការតំបន់មួយដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិជាបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Wang បាននិយាយថា បណ្ដាប្រទេសជិតខាង «ជិះទូកជាមួយគ្នានិងផឹកទឹកពីទន្លេតែមួយ» មានការយល់ដឹងប្រសើរជាងប្រទេសណាៗទាំងអស់អំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Wang បានបន្ថែមថា៖ «មិនមានប្រទេសណាចង់ឱ្យប្រទេសមីយ៉ាន់ម៉ាស្ដារស្ថិរភាពនិងការអភិវឌ្ឍជាងប្រទេសជិតខាងខ្លួននោះទេ»៕
វេទិកាបញ្ចេញមតិ