ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​​មីយ៉ាន់ម៉ា ​ការ​រឹតបន្តឹង​អ៊ីនធឺណិត​ និង​ការ​ឃ្លាំមើល​កើន​ឡើង


រូបឯកសារ៖ ស្ត្រី​ម្នាក់​ឆែក​ Facebook លើ​ទូរសព្ទ​របស់​នាង​ក្នុង​ទីក្រុង Yangon ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ស្ត្រី​ម្នាក់​ឆែក​ Facebook លើ​ទូរសព្ទ​របស់​នាង​ក្នុង​ទីក្រុង Yangon ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។

របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ការ​រឹត​បន្តឹង​លើ​សេវា​ទូរស័ព្ទ ​និង​អ៊ីនធឺណិត​ និង​ការ​បង្កើន​ការ​ឃ្លាំ​មើល​កំពុង​ធ្វើ​ឱ្យ​ផ្នែក​ដ៏​ធំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមា​ត្រូវ​បាន​កាត់ផ្តាច់​ពី​ព័ត៌មាន​ខាង​ក្រៅ។​

របាយការណ៍​របស់​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ Athan Myanmar​ បង្ហាញ​ថា ​ទីប្រជុំជន​ជាង​ ៨0​ ត្រូវ​បាន​កាត់​ផ្តាច់​សេវា​ទូរស័ព្ទ ​និង​អ៊ីនធឺណិត​មក​ទល់​ពេល​នេះក្នុង​ឆ្នាំ​នេះ ហើយ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ ៧0​នាក់​ ពី​បទ​រិះគន់​យោធា។ ​សេវា​អ៊ីនធឺណិត​ត្រូវ​បាន​កាត់​ផ្តាច់​ទាំង​ស្រុង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ ហើយ​យឺត​ក្នុង​តំបន់​ផ្សេង​ទៀត។

បុគ្គល​ម្នាក់​ដែល​ធ្វើការ​ក្នុង​អាជីវ​កម្ម​អ៊ីនធឺណិត​បាន​ប្រាប់ ​VOA​ ថា​ ការ​ពង្រីក​ការ​ត្រួត​ពិនិត្យ​កំពុង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ការ​បើក​គេហទំព័រ​ព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។​ មនុស្ស​ជាច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​ចូល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ព័ត៌មាន។​

ប្រភព​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​បារម្ភ​អំពី​សន្តិសុខ​បាន​និយាយ​ថា៖​ «ខ្ញុំ​សូម​ជម្រាប​ថា ​សេវា​ដូចជា ​Facebook Messenger​ គេហទំព័រ​ព័ត៌មាន ​ដូច​ជា​ BBC ​និង​ Reuters ​ជាដើម [ត្រូវ​បាន​រំខាន​តាំងពី​ម្សិលមិញ។ ​ក្រុម​ប្រឹក្សា​យោធា​បាន​ហាម​ប្រាម​កម្មវិធី​ជាច្រើន​ដែល​ផ្តល់​សេវា​មូលដ្ឋាន​សម្រាប់​ប្រព័ន្ធ​ cloud ​របស់​យើង។​ យើង​មិន​អាច​ប្រើ​វា​ទៀត​ទេ។​ ប្រសិន​បើ​អ្នក​ចង់​ប្រើ​វា​ អ្នក​ត្រូវ​តែ​ប្រើ ​VPN ​គឺ​ឧបករណ៍​សម្រាប់​ភ្ជាប់​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​សម្ងាត់‍»។​

យោធា​ ដែល​គេ​ហៅ​ថា​ Tatmadaw​ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ដើម្បី​បិទ​ VPN ​គឺ​បណ្តាញ​ ឧបករណ៍ សម្រាប់​ភ្ជាប់​ទៅ​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​សម្ងាត់ដោយ​ជួយ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ ចៀស​ផុត​ពី​ការ​រឹត​បន្តឹង​ក្នុង​ការ​ចូល​មើល​គេហទំព័រ​នានា​ ក៏ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​វេទិកា​ផ្ញើ​សារ។​

លោក​ Simon Migliano ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​បណ្តាញ​Top10VPN ​បាន​ប្រាប់ ​VOA​ កាលពី​ខែ​កក្កដា​ថា ​ទង្វើ​នេះ​«បង្ក​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារ​ព័ត៌មាន​ សកម្មភាព​ និង​សមត្ថ​ភាព​ពលរដ្ឋ​ក្នុង​ការ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ទទួលខុសត្រូវ»។​ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស​នេះ​ ធ្វើ​ការ​សាក​ល្បង​សុវត្ថិភាព​នៃ ​បណ្តាញ​VPN​ និង​ស្រាវជ្រាវ​អំពី​អ៊ីនធឺណិត​ និង​សុវត្ថិភាព​បច្ចេកវិទ្យា។​

របាយការណ៍​របស់​អង្គការ ​Athan Myanmar​ បង្ហាញ​ថា ​ស្ទើរតែ​គ្រប់​ទីប្រជុំជន​ក្នុង​រដ្ឋ​ Rakhine​ តំបន់ ​Sagaing ​រដ្ឋ ​Chin​ រដ្ឋ ​Kachin ​និង​ភាគ​ខាង​ជើង​ទីក្រុង​ Lashio​នៃ​រដ្ឋ ​Shan ​បាន​រង​ផល​ប៉ះពាល់។ ​កន្លែង​ទាំង​អស់​នេះ​កំពុង​មាន​ការ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា ​ឬ​ក្នុង​ករណី​ តំបន់ Sagaing ​គឺជា​បន្ទាយ​រឹងមាំ​នៃ​កង​កម្លាំង​ការពារ​ប្រជាជន​ ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​រួបរួម​ដែល​ប្រឆាំង​រដ្ឋប្រហារ។​

លោក ​U Han ​មកពី​គម្រោង​អ៊ីនធឺណិត​មីយ៉ាន់ម៉ា ​បាន​ប្រាប់ ​VOA​ ថា​ ផល​វិបាក​នៃ​ការ​កាត់ផ្តាច់​សេវា​ទូរស័ព្ទ ​ចំ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា ​និង ​‍«ពេល​ស្ថានការណ៍​នយោបាយ​ប្រែប្រួល‍» ​កំពុង​បង្ក​ជា​បញ្ហា​ធំ។​

លោក​បាន​បន្ត​ថា៖​ «វា​មាន​ប៉ះពាល់​ផ្ទាល់​លើ​សកម្មភាព​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន ​ហើយ​ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ ​វា​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស»។​

ចាប់តាំង​ពី​យោធា​បាន​ដណ្ដើម​អំណាច​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​ពួក​យោធា​បាន​ព្យាយាម​រារាំង​សេវា​ព័ត៌មាន​ និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ។ ​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​ដក​ហូត​ អ៊ីនធឺណិត​ត្រូវ​បាន​បិទ​ ហើយ​អ្នក​កាសែត​រាប់​សិប​នាក់​ត្រូវ​បាន​ចាប់​ដាក់​គុក។​

យ៉ាង​ហោច​ណាស់មាន​អ្នក​កាសែត ​១៧៦ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ ៤​ នាក់​ត្រូវ​បាន​សម្លាប់​ និង​មាន​រហូត​ដល់​ ៥០ នាក់​នៅតែ​ស្ថិត​ក្នុង​ពន្ធនាគារ​ ឬ​នៅ​ក្នុង​ឃុំឃាំង​របស់​ប៉ូលិស។​ នេះ​បើ​យោង​តាម​សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ។​

ក្រុម​ប្រឹក្សា​យោធា​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ ​VOA​ អំពី​ការ​រឹតត្បិត​សេវា​អ៊ីនធឺណិត​ទេ។ ពីមុន​ក្រុម​ប្រឹក្សា​យោធា​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​កំណត់​គោលដៅ​រឹត​បន្តឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទេ។​

ទោះ​ជា​យ៉ាងណា​ ទិន្នន័យ​របស់​ក្រុម​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង ​ក្រុម​សិទ្ធិ​មនុស្ស​បង្ហាញ​ថា ​ប្រទេស​មីយ៉ាន់ម៉ា​ឬ​ភូមាមាន​កំណត់ត្រា​អន់​ផ្នែក​លើក​ស្ទួយ​សេរីភាព។​

អង្គការ​សិទ្ធិមនុស្ស​ ​Freedom House ​ថា ​ភូមា​ជា​ប្រទេស​អាក្រក់​បំផុត​ទី២​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ​ក្នុង​ការ​គាបសង្កត់និង​រំលោភ​សិទ្ធិ​ប្រើ​អ៊ីនធឺណិត។ ​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​ Reporters Without Borders ​ឱ្យ​ចំណាត់​ថ្នាក់​ប្រទេស​ភូមា​លេខ​ ១៧១នៃ​ប្រទេស​ជំនួន​១៨0​សម្រាប់​សន្ទស្សន៍​សេរីភាព​ជុំវិញ​ពិភព​លោក​ដែល​លេខ​១​ បង្ហាញ​ពី​បរិយាកាស​សេរីភាព​ល្អ​បំផុត។

អង្គការ​ឃ្លាំមើល​នេះ​និយាយ​ថា ​វិស័យ​សារព័ត៌មាន​ក្នុង​ប្រទេស​មីយ៉ាន់ម់ា ​ឬ ភូមា​ជា​«វិជ្ជាជីវៈ​ដ៏​គ្រោះថ្នាក់​បំផុត‍» ​ហើយ​បាន​កត់​សម្គាល់​«ពី​គ្រោះថ្នាក់​ខ្លាំង​របស់​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ត្រូវ​រង​ទារុណកម្ម ​ចាប់​ដាក់​គុក ឬ​សម្លាប់‍»។​

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ

XS
SM
MD
LG