ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ព្រមាន​ថា ខ្លួន​ប្រហែល​អាច​ចាត់​វិធានការ​ទាក់ទិន​នឹង​ការ​តវ៉ា​រឿង​លទ្ធផល​បោះឆ្នោត


អ្នកគាំទ្រគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) កាន់បដាក្នុងអំឡុងក្បួនដង្ហែមួយដើម្បីបង្ហាញការគាំទ្រដល់ប្រធានាធិបតីមីយ៉ាន់ម៉ា និងគណៈកម្មការរៀបចំការបោះឆ្នោត នៅក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
អ្នកគាំទ្រគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) កាន់បដាក្នុងអំឡុងក្បួនដង្ហែមួយដើម្បីបង្ហាញការគាំទ្រដល់ប្រធានាធិបតីមីយ៉ាន់ម៉ា និងគណៈកម្មការរៀបចំការបោះឆ្នោត នៅក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។

យោធា​មីយ៉ាន់ម៉ា​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង «ចាត់វិធានការ» ប្រសិនបើ​ការ​តវ៉ា​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​មិន​ត្រូវ​បាន​ដោះស្រាយ និង​ថែម​ទាំង​បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​ក៏​នឹង​មិន​ច្រានចោល​ជម្រើស​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ដែរ ប្រសិនបើ​ការ​ទាមទារ​របស់​ខ្លួន​មិន​ត្រូវ​បាន​ដោះស្រាយ​ឲ្យ។ ការ​លើកឡើង​ដូច្នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​រដ្ឋសភា​ថ្មី​ចាប់ផ្ដើម​សម័យ​ប្រជុំ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​នាំពាក្យ​យោធា​លោក​ឧត្តមសេនីយ៍​ត្រី Zaw Min Tun បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ប្រហែល​ជា​អាច​មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី Aung San Suu Kyi ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី។

លោក​បាន​ថ្លែង​សំដៅ​ដល់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថា៖ «យើង​នឹង​ចាត់​វិធានការ​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​មាន​ស្រាប់ ប្រសិន​បើ​ពួកគេ​មិន​ដោះស្រាយ​បញ្ហា​នេះ»។

អ្នក​នាំពាក្យ​រូប​នោះ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ទេ។ យោធា​ចង់​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ស៊ើបអង្កេត​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​ខ្លួន​បាន​អះអាង​ថា មាន​ភាព​មិន​ប្រក្រតី។

គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​អះអាង​ថា ខ្លួន​ទទួល​បាន​ជ័យជម្នះ​ខ្លាំងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ដែល​ជា​ការ​បោះឆ្នោត​សភា​លើក​ទី​ពីរ ចាប់​តាំង​ពី​យោធា​បាន​កាន់​អំណាច​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក ដែល​ក្នុង​អំឡុង​ពេល​នោះ គណបក្ស​នេះ​និង​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​បោះឆ្នោត​ស្ទង់មតិ​ទៅ​លើ​រដ្ឋាភិបាល​បែប​ប្រជាធិបតេយ្យ​ថ្មីថ្មោង​របស់​អ្នកស្រី Suu Kyi។

អ្នក​នាំពាក្យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក Myo Nyunt បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា វា​អាស្រ័យ​លើ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ជា​អ្នក​សម្រេច ថាតើ​មាន​ការ​លួច​បន្លំ​ការ​បោះឆ្នោត​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG