ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី អង់សាន ស៊ូជី និង​គណបក្ស NLD ឈ្នះ​ការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី​សម្រាប់​អាណត្តិ​ទី​ពីរ​នៅ​មីយ៉ាន់ម៉ា


ក្រុម​អ្នក​គាំទ្រ​​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) អបអរ​សាទរ​ជ័យជម្នះ​របស់​អ្នកស្រី អង់សាន ស៊ូជី និង​គណបក្ស​កាន់​អំណាច NLD ដែល​ឈ្នះ​ឆ្នោត​សម្រាប់​អាណត្តិទីពីរ។
ក្រុម​អ្នក​គាំទ្រ​​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) អបអរ​សាទរ​ជ័យជម្នះ​របស់​អ្នកស្រី អង់សាន ស៊ូជី និង​គណបក្ស​កាន់​អំណាច NLD ដែល​ឈ្នះ​ឆ្នោត​សម្រាប់​អាណត្តិទីពីរ។

អ្នកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) និង​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy)​ របស់​អ្នកស្រី​ ដែល​ជា​គណបក្ស​កាន់​អំណាច​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​សម្រាប់​អាណត្តិ​ទី ២​ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​នៅ​តែ​រំពឹង​ថា ដំណើរការ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ និង​កិច្ចចរចា​សន្តិភាព​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​មួយ​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យឺតៗ​ដដែល។

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មីយ៉ាន់ម៉ា​បាន​ប្រកាស ​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ថា គណបក្ស NLD របស់​អ្នកស្រី អង់សាន ស៊ូជី​ ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ដោយ​ឈ្នះ​បាន​អាសនៈ​ចំនួន​ ៣៩៦​ ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​ចំនួន​ ៤៩៨ ​នៅ​ក្នុង​សភា​ទាំង​ពីរ​ថ្នាក់។

គណបក្ស NLD មិន​ត្រឹមតែ​ទទួល​បាន​អាសនៈ​គ្រប់គ្រាន់​ចំនួន ៣២២ ដែល​ត្រូវការ​ដើម្បី​អាច​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឈ្នះ​បាន​អាសនៈ​ចំនួន ​៩ លើស​ពី​ការ​បោះឆ្នោត​កាលពី​ឆ្នាំ ២០១៥ ទៅ​ទៀត ដែល​នៅ​ពេល​នោះ​គណបក្ស​នេះ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​ជា​លើក​ដំបូង ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់​ពី​យោធា​បាន​កាន់​អំណាច​អស់​រាប់​ទសវត្សរ៍​មក។​

លោក David Mathieson អ្នក​វិភាគ​អំពី​ប្រទេស​មីយ៉ាន់ម៉ា​ បាន​លើក​ឡើងដោយ​ប្រើពាក្យ​ពេញ​និយម​ក្នុង​ចំណោម​អ្នក​គាំទ្រ​អ្នកស្រី អង់សាន ស៊ូជី​ ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​សារ​ត្រង់ៗ​មួយ ពោល ​គឺ​ថា ពលរដ្ឋ​ជឿជាក់​លើ​រដ្ឋាភិបាល​កាលពី ​៥ ឆ្នាំ​មុន ហើយ​គេ​នៅ​តែ​ជឿជាក់​លើ​រដ្ឋាភិបាល​នេះ​ដដែល។ ម៉ែ​ស៊ូជី ជា​អ្នក​ដឹកនាំ​ប្រទេស ហើយ​អ្វីៗ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន»។

រូបឯកសារ៖ អ្នកគាំទ្រគណបក្ស NLD ចេញអបអរសាទរលទ្ធផលនៃការបោះឆ្នោតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកគាំទ្រគណបក្ស NLD ចេញអបអរសាទរលទ្ធផលនៃការបោះឆ្នោតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ដំណើរ​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យ

ជម្លោះ​ក្តៅ​ត្រជាក់​រវាង​យោធា និង​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគ​តិច​ ដែល​ប្រយុទ្ធ​ដើម្បី​ទាមទារ​ស្វ័យភាព​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​ចំនួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ធ្វើ​ឱ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ លុប​ចោល​ការ​ប្រជែង​យក​អាសនៈ​សភា​ ចំនួន​ ២២ ​ដោយសារ​តែ​ក្តីបារម្ភ​ពី​បញ្ហា​សន្តិសុខ ដោយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ ១,៤ លាន​នាក់​ មិន​អាច​បោះឆ្នោត​បាន នៅ​ក្នុង​តំបន់​ដែល​គណបក្ស​ជាតិសាសន៍​ភាគ​តិច​ មាន​ការ​គាំទ្រ​ខ្លាំង។

ជាតិសាសន៍​ភាគតិច​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​ក៏​ត្រូវ​បាន​គេ​បដិសេធ​មិន​ឱ្យ​បោះឆ្នោត​ផង​ដែរ ដោយសារ​តែ​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់ថា ​ពួកគេ​ជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​នោះ​ទេ ទោះ​បី​ជា​ពួកគេ​ជាច្រើន​នាក់​រស់នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជាច្រើន​ជំនាន់​ហើយ​ក៏​ដោយ។

មជ្ឈមណ្ឌល Carter​ ជា​មជ្ឈមណ្ឌល​ឃ្លាំមើល​ការ​បោះឆ្នោត​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌល​នេះ​បាន​បង្ហាញ​ក្តីបារម្ភ​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ ដែល​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​បោះឆ្នោត និង​ភាព​លម្អៀង​ដែល​អាច​កើត​មាន​ឡើង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ទៅ​លើ​គណបក្ស NLD ប៉ុន្តែ​មជ្ឈមណ្ឌល​នេះ​បាន​ថ្លែង​ថា សម្រាប់​ផ្នែក​ជាច្រើន «អ្នក​បោះឆ្នោត​អាច​បញ្ចេញ​ឆន្ទៈ​របស់​ពួកគេ​បាន​ ដោយ​សេរី​នៅ​ក្នុង​ការ​បោះឆ្នោត»។

លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ​ក៏​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​អំពី​ការ​លុបចោល​ការ​បោះឆ្នោត​នៅ​តាម​កន្លែង​មួយ​ចំនួន ការ​បដិសេធ​សិទ្ធិ​បោះឆ្នោត​របស់​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា និង​ការ​រក្សា​ទុក​អាសនៈ​ជាច្រើន​នៅ​ក្នុង​សភា​សម្រាប់​យោធា ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ការ​បោះឆ្នោត​នេះ​នៅ​តែ​ជា «ជំហាន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ» ដដែល។

នៅ​ក្រៅ​ប្រទេស អ្នកស្រី អង់សាន ស៊ូជី​ ដែល​ធ្លាប់​មាន​កេរ​ឈ្មោះ​បោះសំឡេង​ខាង​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ តាមរយៈ​ការ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ ដោយសារ​តែការ​ប្រឆាំង​នឹង​របប​យោធានោះ បាន​ខូច​កេរ​ឈ្មោះ​ខ្លះៗ​ ដោយ​សារ​តែ​អ្នក​ស្រី​បានការពារ​ប្រតិបត្តិការ​ដ៏​ប្រល័យ​មួយ​របស់​ក្រុម​យោធា​ នៅឆ្នាំ ​២០១៧ ​ក្នុង​រដ្ឋ Rakhine​ ភាគខាង​លិច​នៃ​ប្រទេស។

យុទ្ធនាការ​នៃ​ការ​ដុត​ផ្ទះសម្បែង ការ​រំលោភ​និង​ឃាតកម្ម​ដែល​ត្រូវ​បាន​ថត​ទុក​បាន​ធ្វើ​ឱ្យ​ជាតិសាសន៍​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង ​៧០០.០០០ នាក់ ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ដែល​ជា​ប្រទេស​ជិតខាង​ នៅ​ក្នុង​ឆ្នាំ ២០១៧។ យោធា​មីយ៉ាន់ម៉ា​បាន​ហៅ​ប្រតិបត្តិការ​នេះ​ថា ជា​ការ​ប្រឆាំង​នឹង​ការ​បះបោរ​ដែល​មាន​ហេតុផល​ត្រឹមត្រូវ និង​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ស្អាត​បំផុត។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា «ឧទាហរណ៍​ដ៏​ច្បាស់​ក្រឡែត​នៃ​ការ​បោស​សម្អាត​ជាតិសាសន៍»។

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ក្នុង​ប្រទេស​វិញ មនុស្ស​ជាច្រើន​ជឿ​ថា អ្នកស្រី ស៊ូជី និង​គណបក្ស NLD គឺជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​យោធា​ ដែល​ត្រូវ​បាន​ពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ដើរ​ចេញ​ពី​នយោបាយ​ដើម្បី​បុព្វហេតុ​ល្អ​ត្រឹមត្រូវ។

នាយ​ឧត្តមសេនីយ៍​មីយ៉ាន់ម៉ា​ជាច្រើន​នៅ​តែ​ក្តោបក្តាប់​ទាំងស្រុង​លើ​ក្រសួង​សំខាន់ៗ ​ដែល​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ​ប៉ូលិស និង​បញ្ហា​ព្រំដែន​ ហើយ​នាយ​ឧត្តមសេនីយ៍​ទាំង​នោះ ​ក៏​ទទួល​បាន​ការ​ធានា​ថា ខ្លួន​នឹង​បាន​អាសនៈ​ចំនួន​ ១/៤ ​នៃ​ចំនួន​អាសនៈ​ក្នុង​សភា​ នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​ដែល​ខ្លួន​បាន​តាក់តែង​ឡើង ដែល​នេះ​ជា​ចំនួន​គ្រប់គ្រាន់​ល្មម​ ក្នុង​ការ​វេតូ​ចំពោះ​ការ​ប៉ុនប៉ង​ដកហូត​អាសនៈ​ណា​មួយ​ពី​ពួកគេ។​

លោក Dereck Aw អ្នក​វិភាគ​ជាន់​ខ្ពស់​សម្រាប់​ក្រុមហ៊ុន Control Risks ដែល​ជា​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ដែល​បាន​តាមដាន​ស្ថានការណ៍​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ភស្តុតាង ​បង្ហាញ​ថា អ្វី​ដែល​ពលរដ្ឋ​មីយ៉ាន់ម៉ា​គិត​គឺ​ថា ប្រទេស​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​ឆ្ពោះ​ទៅ​លទ្ធិប្រជាធិបតេយ្យ។ ចំពោះ​មនុស្ស​ជាច្រើន គណបក្ស NLD នៅ​តែ​តំណាង​ឱ្យ​ឱកាស​ល្អ​បំផុត​របស់​ពួកគេ​ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ»។

រូបឯកសារ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងទិញទំនិញនៅផ្សារមួយកន្លែងនៅជំរំ Kutupalong នៅតំបន់ Ukhia ក្នុងប្រទេសបង់ក្លាដេស កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងទិញទំនិញនៅផ្សារមួយកន្លែងនៅជំរំ Kutupalong នៅតំបន់ Ukhia ក្នុងប្រទេសបង់ក្លាដេស កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០។



ទំនាក់ទំនងយោធា

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Dereck Aw និង​អ្នក​វិភាគ​ផ្សេង​ទៀត​មិន​ប្រាកដទេ​ថា​ តើ​គណបក្ស​កាន់​អំណាច​អាច​ធ្វើ​អ្វី​បាន​ខ្លះ​នៅ​ក្នុង​អាណត្តិ​ទី ២​ របស់​ខ្លួន​នេះ។

លោក Aw យល់​ថា គណបក្ស NLD នឹង​បន្ត​ «ដើរ​នៅ​លើ​ផ្លូវ​ដ៏​ល្អ​មួយ» ជាមួយ​នឹង​ក្រុម​យោធា។

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «គណបក្ស​នេះ​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​តទល់​នឹង​ការ​ក្តោបក្តាប់​អំណាច​យ៉ាង​ណែន​របស់​យោធា​ ទៅ​លើ​នយោបាយ​និង​សេដ្ឋកិច្ច។ នេះ​នឹង​រឹតត្បិត​សកម្មភាព​ដែល​គណបក្ស NLD អាច​ធ្វើ​បាន​ពិតប្រាកដ​ នៅ​ក្នុង​រយៈពេល ​៥ ឆ្នាំ​ខាង​មុខ»។

គណបក្ស NLD បាន​ព្យាយាម​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាណត្តិ​ទី ១ ​របស់​ខ្លួន​ ដើម្បី​លុបចោល​បទប្បញ្ញត្តិ​ជាច្រើន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ​ដែល​រក្សា​ឥទ្ធិពល​នយោបាយ​របស់​យោធា ប៉ុន្តែ​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​មាន​ការ​ចរចា​រាប់​ខែ​ពី​សំណាក់​ក្រុម​នាយ​ឧត្តមសេនីយ៍​ ដោយ​បាន​រាំងខ្ទប់​សំណើ​របស់​គណបក្ស NLD។

លោក Mathieson បាន​ថ្លែង​ថា គណបក្ស NLD អាច​ប្រើប្រាស់​រយៈពេល​មួយ​អាណត្តិ​ទៀត​ ដែល​គណបក្ស​នេះ​ទទួល​បាន ​តាម​រយៈ​ការ​បោះឆ្នោត​ដើម្បី​វាយប្រហារ​ទៅ​លើ​គណបក្ស​អភិវឌ្ឍន៍ និង​រួបរួម​ជាតិ (Union Solidarity and Development Party) ដែល​ជា​គណបក្ស​តំណាង​របស់​យោធា ដើម្បី​គាបសង្កត់​យោធា​កាន់​តែ​ខ្លាំង​ឲ្យ​ធ្វើ​កំណែទម្រង់។

គណបក្ស USDP ដែល​ជា​គណបក្ស​ស្រដៀង​ទៅ​នឹង​គណបក្ស​ប្រឆាំង​ផ្លូវការ​នោះ ទទួល​បានអាសនៈ​តែ​ចំនួន ៣៣ ​ប៉ុណ្ណោះ ដែល​តិច​ជាង ​៨ ​អាសនៈ ​ពី​ចំនួន​អាសនៈ​ដែល​ខ្លួន​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ ​២០១៥។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Mathieson បាន​ថ្លែង​ថា គណបក្ស NLD មិន​បាន​ប្រឹងប្រែង​ខ្លាំង​នោះ​ទេ​ក្នុង​រយៈពេល ​៥ ឆ្នាំ​កន្លង​មក ដោយ​មិនសូម្បី​តែ​លុបចោល​ផ្នែក ​ដែល​មាន​ការ​គាបសង្កត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ខ្លួន​អាច​ធ្វើ​វិសោធនកម្ម​បាន​តាមសំឡេង​ភាគច្រើន​ធម្មតា ដោយ​មិន​ចាំបាច់​មាន​ការ​គាំទ្រ​ពី​យោធា។

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «ពួកគេ​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ទេ ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​កន្លង​មក អ៊ីចឹង​តើ​ហេតុអ្វី​ពួកគេ​ត្រូវ​ចាប់អារម្មណ៍​នៅ​ពេល​នេះ?»។

ក៏​មាន​ក្តីបារម្ភ​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​គណបក្ស NLD និង​យោធា​ អាច​នឹង​មាន​កាន់​តែ​តិច​ទៅៗ ដែល​មនុស្ស​មួយ​ចំនួន​យល់​ថា វា​កំពុង​តែ​មាន​ការ​ធ្លាក់​ចុះ​រួច​ទៅ​ហើយ។

លោក Khin Zaw Win ដឹកនាំ​វិទ្យាស្ថាន Tampadipa ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិភាគ​គោលនយោបាយ​មួយ ​ក្នុង​ក្រុង​រ៉ង់ហ្គូន។ លោក​បាន​ថ្លែង​ថា សង្គ្រាម​អាច​នឹង​កើត​ឡើង ​ដោយសារ​តែ​ការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ដោយ​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​មិន​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតិ អ្នកស្រី អង់សាន​ ស៊ូជី បាន​តែងតាំង​អ្នក​ស្មោះស្ម័គ្រ​នឹង​អ្នកស្រី​ឱ្យ​ធ្វើ​ជា​ប្រធានាធិបតី ដែល​អនុញ្ញាត​ឱ្យ​អ្នកស្រី​ដឹកនាំ​ពី​ក្រោយ ក្នុង​នាម​ជា «ទីប្រឹក្សា​រដ្ឋ» ដែល​នេះ​ជា​ងារ​មួយ​បង្កើត​ឡើងឱ្យ​តែ​អ្នកស្រី​ប៉ុណ្ណោះ​ ដើម្បី​បំបែក​ភាព​ទាល់ច្រក។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Khin Zaw Win បាន​ថ្លែង​ថា មេបញ្ជាការ​យោធា លោក Min Aung Haling ដែល​នៅ​តែ​កាន់​អំណាច​ ទោះ​ជា​ផុត​អាយុ​ចូល​និវត្តន៍​ទៅ​ហើយ​ក្តី ត្រូវ​បាន​គេ​ជឿ​ថា ចង់​បាន​តំណែង​ប្រធានាធិបតី​សម្រាប់​ខ្លួន​លោក។ លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «ដូច្នេះ អាច​នឹង​មាន​ការ​ប៉ះទង្គិច​ដ៏​ធំ​មួយ​កើត​ឡើង»។

រូបឯកសារ៖ កងកម្លាំងយោធាមីយ៉ាន់ម៉ាបានមកដល់តំបន់ Buthidaung បន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំង Arakan កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ កងកម្លាំងយោធាមីយ៉ាន់ម៉ាបានមកដល់តំបន់ Buthidaung បន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំង Arakan កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។

កិច្ចចរចា​សន្តិភាព

អ្នក​វិភាគ​បាន​និយាយ​ថា​ ភាព​តានតឹង​ទាំង​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​បន្ត​ដំណើរការ​កិច្ចចរចា​សន្តិភាព​ ដែល​អូសបន្លាយ​ជា​យូរ​មក​ហើយ។ រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី ស៊ូជី និង​យោធា​ បាន​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​នឹង​ក្រុម​ប្រដាប់​អាវុធ​ជាតិសាសន៍​ភាគ​តិច ​ដែល​ចង់​ប្រែក្លាយ​ប្រទេស​នេះ​ឱ្យ​ទៅ​ជា​ប្រទេស​សហព័ន្ធ​វិញ។​

អ្នកស្រី Christina Fink សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ George Washington នៅ​សហរដ្ឋអាមេរិក​ដែល​សិក្សា​ពី​ប្រទេស​មីយ៉ាន់ម៉ា ​និយាយ​ថា អ្នកស្រី ស៊ូជី​ មិន​បាន​ធ្វើ​តាម​ឆន្ទៈ​ល្អៗ​ជាច្រើន​ដែល​អ្នកស្រី​បាន​សន្យា​ចំពោះ​គណបក្ស​ជាតិសាសន៍​ភាគតិច​ ដែល​មាន​ចំណង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​នឹង​ក្រុម​ប្រដាប់​អាវុធ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ដ៏​មាន​អំនួត​របស់​អ្នកស្រី​នោះ​ទេ។

ជា​ឧទាហរណ៍​នៅ​ក្នុង​រដ្ឋ Rakhine គណបក្ស NLD បាន​តែងតាំង​សមាជិក​របស់​ខ្លួន​ធ្វើ​ជា​រដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋ​នេះ ទោះ​បី​ជា​គណបក្ស​មូលដ្ឋាន​ដែល​តំណាង​ឱ្យ​ជាតិសាសន៍​ភាគ​តិច Arakan ដែល​រស់នៅ​ទីនោះ​គ្របដណ្តប់​លើ​សភា​នៃ​រដ្ឋ​នេះ​ក្តី។ ភាគ​ខាង​ជើង​នៃ​រដ្ឋ​នេះ​ឥឡូវ​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​យោធា និង​កងកម្លាំង Arakan ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​មួយ​ទៀត​ដែល​ចង់​បាន​ស្វ័យភាព​សម្រាប់​តំបន់​នេះ។

អ្នកស្រី Fink បាន​និយាយ​ថា នៅ​ពេល​ធ្វើ​ការ​ដើម្បី​កាត់​អំណាច​នយោបាយ​របស់​ក្រុម​យោធា អ្នកស្រី​ ស៊ូជី​ និង​គណបក្ស NLD បាន​អនុញ្ញាត​ឱ្យ​យោធា​កំណត់​របៀបវារៈ​ជាច្រើន​ នៅ​ក្នុង​កិច្ចចរចា​សន្តិភាព ហើយ​អ្នកស្រី​ថែម​ទាំង​បាន​គាំទ្រ​ការ​ប្រយុទ្ធ​របស់​យោធា​ជាមួយ​នឹង​កងកម្លាំង Arakan ទៀត​ផង។

អ្នកស្រី Fink បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «គណបក្ស​ជាតិសាសន៍​ភាគតិច​ជាច្រើន​យល់​ថា ពួកគេ​ត្រូវ​បាន​គេ​ទុក​ចោល និង​ថា គណបក្ស NLD គ្រាន់​តែ​បន្ត​ការងារ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ដូច្នេះ គណបក្ស​នេះ​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​ ដើម្បី​បញ្ជាក់​ឱ្យ​គណបក្ស​ជាតិសាសន៍​ភាគតិច​ឃើញ​ថា ខ្លួន​ប្តេជ្ញា​បង្កើត​នូវ​ប្រទេស​សហព័ន្ធ​បែប​លទ្ធិប្រជាធិបតេយ្យ​មួយ ទាំង​នៅ​ក្នុង​ដំណើរការ​សន្តិភាព និង​នៅ​ក្រៅ​ដំណើរការ​សន្តិភាព»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG