កាសែតញូវយ៉កថាមស៍ (New York Times) និងបណ្ដាញផ្សាយព័ត៌មានកាណាដា (Canadian Broadcasting Corporation) បានផ្សព្វផ្សាយថា ទាហានមីយ៉ាន់ម៉ា២នាក់ បានរៀបរាប់លម្អិតអំពីយុទ្ធនាការយោធាគួរឲ្យភ័យខ្លាចទៅលើជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម នៅរដ្ឋ Rakhine នៅភាគខាងជើងក្នុងឆ្នាំ២០១៧ ដែលជាព្រឹត្តការណ៍មួយត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាអំពើប្រល័យពូជសាសន៍។
បណ្តាញផ្សាយព័ត៌មានទាំងពីរបានរាយការណ៍ថា ទាហានទាំង២នាក់នេះ ដែលគេស្គាល់អត្តសញ្ញាណថាមានឈ្មោះ Myo Win Tun និង ឈ្មោះ Zaw Naing Tun បានដកខ្លួនពីកងទ័ពមីយ៉ាន់ម៉ាដែលគេស្គាល់ថា Tatmadaw កាលពីខែមុន ហើយបាននិយាយនៅមុខកាមេរ៉ានៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកពីគ្នា អំពីឧក្រិដ្ឋកម្មដែលពួកគេបានឃើញ និងបានចូលរួមប្រព្រឹត្ត។
ទាហានទាំង២នាក់នេះបាននិយាយថា ពួកគេបានធ្វើតាមបទបញ្ជាឲ្យបាញ់ និងសម្លាប់រាល់ជនរ៉ូហ៊ីងយ៉ាទាំងឡាយដែលពួកគេឃើញ ហើយក៏បានសារភាពថា ពួកគេមានវត្តមាននៅពេលដែលទាហានរួមក្រុមរបស់ពួកគេបានរំលោភក្មេងស្រី និងស្ត្រី ហើយពួកគេក៏បានចូលរួមក្នុងការដុតកម្ទេចភូមិនានាចោលទាំងស្រុងផងដែរ។
យុទ្ធនាយោធាដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ដោយក្រុមយុទ្ធជនរ៉ូហ៊ីងយ៉ាទៅលើប៉ុស្តិ៍សន្តិសុខនៅទូទាំងរដ្ឋ Rakhine បានបង្កឲ្យកើតមាននូវវិបត្តិជនភៀសខ្លួនធំបំផុតមួយនៅក្នុងប្រត្តិសាស្ត្រថ្មីៗនេះ។ អ្នកភូមិដែលជាជនរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាង ៧សែននាក់ បានរត់គេចឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង។
ការរៀបរាប់ដែលត្រូវបានគេថតទុកនេះ និងជាការរៀបរាប់លើកដំបូងបង្អស់ដែលផ្ដល់ដោយទាហានមីយ៉ាន់ម៉ា ដែលស៊ីសង្វាក់ទៅនឹងការរៀបរាប់ដែលសាក្សីរាប់សិបនាក់បានផ្ដល់ទៅឲ្យអ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
បណ្ដាញផ្សាយព័ត៌មានកាណាដាបាននិយាយថា ការរៀបរាប់របស់ទាហានទាំងនេះ ត្រូវបានថតទុកជាវីដេអូដោយកងទ័ព Arakan ដែលជាក្រុមបះបោរប្រយុទ្ធគ្នាជាមួយយោធាមីយ៉ាន់ម៉ា Tatmadaw។ អង្គការ Fortify Rights ដែលជាក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅប្រទេសថៃ គឺជាអ្នកទទួលបានវីដេអូនេះ ហើយបានបកប្រែនិងវិភាគទៅលើការលើកឡើងនានា
ទាំងកាសែតញូវយ៉កថាមស៍ និងបណ្ដាញផ្សាយព័ត៌មានកាណាដាលើកឡើងថា ទាហានទាំង២នាក់នេះកំពុងស្ថិតនៅក្នុងបន្ទប់ឃុំឃាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ (ប្រទេសហូឡង់)។
លោក Matthew Smith នាយកប្រតិបត្តិនៃអង្គការ Fortify Rights បានហៅការវិវត្តថ្មីនេះថាជា «ពេលវេលាដ៏សំខាន់» សម្រាប់ជនរ៉ូហ៊ីងយ៉ា ដែលគេចាត់ទុកថាជាជនភៀសខ្លួនពីប្រទេសបង់ក្លាដែស ហើយដែលប្រទេសមីយ៉ាន់ម៉ាមិនផ្ដល់សញ្ជាតិឲ្យ បើទោះបីជាពួកគេបានរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនជំនាន់មកហើយក្ដី៕