តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចលើកពេលការកាត់ក្តីសំណុំរឿងឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ពាក់ព័ន្ធនឹងក្រុមអតីតថ្នាក់ដឹកនាំគណបក្សជំទាស់ដែលត្រូវរំលាយ ដោយសារមិនមានវត្តមានជនជាប់ចោទ។ ការសម្រេចនេះធ្វើឡើងតាមការស្នើសុំរបស់មេធាវីជនជាប់ចោទ។
ជនជាប់ចោទ៩នាក់ដែលត្រូវបានតុលាការកោះឲ្យចូលរួមសវនាការនៅថ្ងៃទី១១ ខែវិច្ឆិកានេះ រួមមានអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងអតីតអនុប្រធានពីររូបគឺ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរូមមានលោកអ៊ូ ច័ន្ទឬទ្ធិ លោកហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្រ្ទ លោក ឡុង រី លោក នុត រំដួល និងលោកស្រី ជូ ឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី។ ការចោទប្រកាន់នេះពាក់ព័ន្ធនឹងគម្រោងប៉ុនប៉ងចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី និងមន្រ្តីគណបក្សកាលពីខែវិច្ឆិកា ឆ្នាំមុន។
សវនាការនៅព្រឹកថ្ងៃពុធនេះ បានចាប់ផ្តើមនៅម៉ោង៨ និង៣០នាទី ដោយមានលោកចៅក្រម ឌុច សុខសារិនជាប្រធានក្រុមប្រឹក្សាជនុំជម្រះ តំណាងអយ្យការគឺលោក សេង ហៀង និងមេធាវី២រូប តំណាងឲ្យជនជាប់ចោទ និង២រូបទៀតតំណាងខាងភាគីរដ្ឋាភិបាល។
តំណាងអយ្យការលោកសេង ហៀង និងលោកសួង ចាន់ថន មេធាវីតំណាងឲ្យរដ្ឋាភិបាល បានស្នើសុំឲ្យតុលាការដំណើរការនីតិវិធីកាត់ក្តី ក្រោមហេតុផលថា ការកោះហៅជនជាប់ចោទមកចូលរួមសវនាការមានរយៈពេលគ្រប់គ្រាន់ ដើម្បីឲ្យជនជាប់ចោទត្រៀមខ្លួនចូលរួមសវនាការ។
ប៉ុន្តែលោក សំ សុគង់ មេធាវីការពារក្តីឲ្យក្រុមថ្នាក់ដឹកនាំនិងអតីតគណបក្សសង្គ្រោះជាតិ បានជំទាស់ភ្លាមៗនឹងការលើកឡើងរបស់តំណាងអយ្យការ និងមេធាវីតំណាងឲ្យរដ្ឋាភិបាល ដោយបានពន្យល់អង្គសវនាការថា ការកោះហៅជនជាប់មានភាពមិនប្រក្រីតីមួយចំនួន ពាក់ព័ន្ធនឹងអាសយដ្ឋានរបស់ជនជាប់ចោទដែលកំពុងស្ថិតនៅក្រៅប្រទេស និងត្រូវហាមឃាត់ពីសំណាក់រដ្ឋាភិបាលមិនឲ្យធ្វើដំណើរចូលក្នុងប្រទេស។
លោកមេធាវីបានប្រាប់អង្គសវនាការ ដែលមានមន្ត្រីនគរបាលជាតិជាន់ខ្ពស់ពីររូបចូលរួមថានីតិវិធីបញ្ជូនដីកាកោះហៅជនចោទជាប់ ធ្វើឡើងនៅពេលជនជាប់ចោទបន្តស្ថិតនៅក្រៅប្រទេស ហើយដីកាដែលបានយកទៅបិទនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក៏មិនត្រឹមត្រូវតាមច្បាប់ ដោយសារទីស្នាក់ការនោះ ត្រូវបានបញ្ជាបិទដោយអំណាចតុលាការ។ ដូច្នេះលោកថាទីស្នាក់ការនោះមិនដំណើរការ និងគ្មានបុគ្គលិក ឬសន្តិសុខនៅបម្រើការផងដែរ។
លោកលើកឡើងថា៖ «ខ្ញុំសុំឲ្យតុលាការលើកពេលសវនាការនៅថ្ងៃនេះ។...ក្នុងរយៈពេលបញ្ជូនដីកាកោះ គាត់ពុំស្នាក់នៅក្នុងប្រទេស។ ស្នាក់ការបក្សត្រូវបានបិទដោយតុលាការ នាំឲ្យគ្មានអ្នកនៅធ្វើការ ឬសន្តិសុខធ្វើឲ្យខុសនីតិវិធី»។
លោកបានប្រាប់តុលាការបន្ថែមថា សំណុំរឿងឧបឃាតនេះ មានលក្ខណៈធ្ងន់ធ្ងរ ស្មើនឹងបទក្បត់ជាតិដែលអាចធ្វើឲ្យកូនក្តីលោកជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ។ ដូច្នេះលោកទាមទារឲ្យមានការចូលរួមពីកូនក្តី។ លោកបញ្ជាក់ទៀតថា កូនក្តីបានខិតខំរកច្រកចូលមកក្នុងប្រទេសវិញ ដោយស្នើឲ្យមានការសម្របសម្រួលរវាងរដ្ឋាភិបាល និងអាជ្ញាធរលើកបម្រាមឲ្យយន្តហោះដឹកពួកគេវិលចូលប្រទេសវិញ។ ប៉ុន្តែលោកថាក្រសួងការបរទេសកម្ពុជានៅមិនព្រមផ្តល់សុពលភាពទិដ្ឋាការរបស់ពួកគេដើម្បីបានមកចូលរួមសវនាការនាថ្ងៃពុធនេះ។
លោកសំ សុគង់ បានពន្យល់តុលាការទៀតថា លោកទើបតែត្រូវបានផ្ទេរសិទ្ធិពីមេធាវីមួយរូបឲ្យកាន់សំណុំរឿងនេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ហេតុដូច្នេះលោកត្រូវការពេលវេលាបន្ថែម ដើម្បីសិក្សាសំណុំរឿងនេះ។
តំណាងអយ្យការលោក សេង ហៀង បានជំទាស់នឹងការអធិប្បាយរបស់លោកមេធាវី សំ សុគង់ ដោយលើកឡើងថាជនជាប់ចោទមានឱកាសនិងលទ្ធភាពវិលមកប្រទេស ដើម្បីប្រឈមមុខនឹងការចាប់ខ្លួន។ លោកបន្តថា ផ្ទុយទៅវិញ ជនជាប់ចោទ មានចេតនាគេចពីការប្រឈមមុខនឹងការអនុវត្តច្បាប់របស់កម្ពុជា។
លោកអយ្យការថ្លែងថា៖ «ដីកាកោះត្រូវបានបញ្ជូនទៅតាមអាសយដ្ឋានចុងក្រោយ[របស់ជនជាប់ចោទ] ហើយមានការផ្សព្វផ្សាយពីបណ្តាញព័ត៌មានជាតិ និងអន្តរជាតិ នាំឲ្យជនជាប់ចោទដឹងហើយ»។
មេធាវីតំណាងឲ្យភាគីរដ្ឋាភិបាល លោក សួង ចាន់ថន បាននិយាយក្នុងសវនាការថាក្រុមមេធាវីការពារក្តីឲ្យមន្ត្រីបក្សប្រឆាំងបានសិក្សារួចទៅហើយលើសំណុំរឿង ទើបហ៊ានមកបង្ហាញមុខនៅតុលាការ។ លោកការពារថានីតិវិធីកោះហៅជនជាប់ចោទមកចូលរួមសវនាការនោះ ក៏អាចទទួលយកបាន ប៉ុន្តែលោកថាជនជាប់ចោទមិនព្រមអនុវត្តសិទ្ធិការពារខ្លួន។
លោកនិយាយថា៖ «រដ្ឋាភិបាលស្វាគមន៍ការមកតតាំងក្តី។ នីតិវិធីនៃការអញ្ជើញនោះ គឺគ្រប់គ្រាន់ហើយ...សុំឲ្យតុលាការបន្ត[សវនាការ]ទៀត»។
ទាំងតំណាងអយ្យការ និងអ្នកការពារក្តីរបស់រដ្ឋាភិបាល មិនមានការជជែកវែកញែកលម្អិតលើចំណុចពាក់ព័ន្ធនឹងបម្រាមធ្វើដំណើររបស់ក្រុមអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនោះទេ។
បន្ទាប់ពីការតទល់គ្នារវាងតំណាងអយ្យការ និងក្រុមមេធាវីប្រមាណ៣០នាទី លោកចៅក្រម ឌុច សុខសារិន បានប្រកាសថយទៅពិចារណាលើការទាមទាររបស់លោកមេធាវីសំ សុគង់។ ៥នាទីក្រោយមកចៅក្រម ឌុច សុខសារិន បានប្រកាសលើកពេលកាត់ក្តីទៅតាមការស្នើសុំរបស់មេធាវីជនជាប់ចោទ។
លោកចៅ ឌុច សុខសារិន បន្ថែមថា តុលាការមិនស្គាល់អាសយដ្ឋានច្បាស់លាស់របស់ជនជាប់ចោទដែលរស់នៅប្រទេសបារំាំង និងប្រទេសផ្សេងទៀត និងស្នើឲ្យមេធាវីផ្តល់ឲ្យអាស័យដ្ឋានពិតបា្រកដ។ ប្រសិនបើមេធាវីប្រគល់អាសយដ្ឋានជនជាប់ចោទដើម្បីធ្វើការកោះហៅម្តងទៀតនោះ តុលាការនឹងប្រើនីតិវិធីរយៈពេលបីខែ ដើម្បីកោះហៅ និងបើកសវនាការ។ ប៉ុន្តែបើមេធាវីមិនផ្តល់ជូនទេ តុលាការនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី២៥ ខែវិច្ឆិកា។
លោក សំ សុគង់ បានប្រាប់វីអូអេបន្ថែមនៅក្រៅរបងសាលាដំបូងរាជធានីភ្នំពេញថា លោកនឹងពិចារណាជូនអាសយដ្ឋានរបស់កូនក្តីលោកទៅតុលាការ ហើយនឹងស្នើឲ្យក្រសួងការបរទេសផ្តល់សុពលភាពលិខិតឆ្លងដែន និងទិដ្ឋាការជូនកូនក្តីលោកផងដែរ។
«ខ្ញុំគិតថា ខ្ញុំនឹងជូនអាសយដ្ឋានរបស់កូនក្តីទៅតុលាការទីមួយ។ ហើយទីពីរ ខ្ញុំនឹងស្នើសុំទៅតុលាការ ដើម្បីឲ្យក្រសួងការបរទេសហ្នឹងឲ្យសុពលភាពប៉ាស្ព័រ ក៏ដូចវីហ្សាទៅកូនក្តីខ្ញុំ...ដើម្បីឲ្យមានឱកាសក្នុងការចូលរួមសវនាការ ក៏ដូចជាប្រើសិទ្ធិក្នុងនាមជាជនជាប់ចោទហ្នឹង»។
វិធានការតុលាការលើអតីតក្រុមមេដឹកនាំ និងមន្ត្រីគណបក្សជំទាស់ដែលត្រូវរំលាយដោយតុលាការកំពូល បានកើតម្តងទៀត បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកកាលពីចុងខែកញ្ញាថា លោកគ្រោងនឹងវិលមកប្រទេសកម្ពុជាម្តងទៀត។ នៅលើកនេះ លោកមិនជូនដំណឹងជាមុនអំពីថ្ងៃខែជាក់លាក់សម្រាប់ផែនការវិលចូលស្រុករបស់លោកនោះទេ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តសៀមរាប ដែលកំពុងរស់នៅក្រៅប្រទេស បានប្រាប់វីអូអេថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានយកញត្តិទៅដាក់នៅស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់សុពលភាពលិខិតឆ្លងដែនដល់ពួកគេ ដើម្បីអាចធ្វើដំណើរមកប្រទេសកម្ពុជា។
«តុលាការគាត់ចង់ឲ្យយើងចូលប៉ុន្តែ ខាងរដ្ឋាភិបាលលោក ហ៊ុន សែនគាត់មិនឲ្យចូល។ តើៗយើងចូលតាមវិធីណា? ទីមួយរដ្ឋាភិបាលលោក ហ៊ុន សែន គាត់បានបញ្ចប់សុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ ទីពីរលោកហ៊ុន សែន គាត់បានបម្រាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីដឹកលោកប្រធាន សម រង្ស៊ី ចូលទៅប្រទេសកម្ពុជាវិញ»។
យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន ដែលលោក ហ៊ុន សែន បានព្រមានចាប់ខ្លួន បង្ហាញក្តីសង្ឃឹមថាក្រុមថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆំាងផ្សេងទៀត នឹងបានវិលត្រឡប់មកកម្ពុជាវិញ មុនការបោះឆ្នោតថ្នាក់មូលដ្ឋានឆ្នាំ២០២២ និងថា្នក់ជាតិឆ្នាំ២០២៣ ដោយលោកអះអាងថារដ្ឋាភិបាលកម្ពុជា នឹងរងសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
បើតាមលិខិតដែលបានដាក់ជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈស្ថានទូតខ្មែរនៅក្រៅប្រទេស ក្រុមមន្ត្រីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១នាក់ដែលស្នើសុំសុពលភាពទិដ្ឋាការរបស់ពួកគេវិញ រួមមានលោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាដើម។
លោក អេង ឆៃអ៊ាង បានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃពុធនេះថា៖ «តុលាការរបបលោក ហ៊ុន សែនចេញដីកា កោះហៅយើងខ្ញុំ។ ឯទូតរបស់លោក ហ៊ុន សែន ប្រចាំនៅសហរដ្ឋអាមេរិក បានបិទទ្វារ មិនទទួលសំណើយើងខ្ញុំ ដែលស្នើសុំឲ្យក្រសួងមហាផ្ទៃផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញរបស់យើងខ្ញុំ»។
វីអូអេមិនអាចសុំការអធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅថ្ងៃពុធនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ថាករណីទាំងអស់នេះជារឿងនយោបាយ ដូច្នេះដំណោះស្រាយអាស្រ័យលើការស្រុះស្រួលខាងនយោបាយ។
ក្រៅពីសំណុំរឿងឧបឃាតនេះ លោកសម រង្ស៊ី ក៏ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួននៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខ ក្រោមបទចោទ «រួមគំនិតក្បត់និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ។ អតីតក្រុមមន្ត្រីជាន់ខ្ពស់ តំណាងរាស្ត្រ និងសកម្មជនថ្នាក់ឃុំសង្កាត់ យ៉ាងហោចណាស់៦០នាក់ទៀត ក៏ត្រូវបានតុលាការកោះហៅឲ្យមកចូលរួមការកាត់ក្តីក្នុងសំណុំរឿងនេះដែរ៕