ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយ នៅថ្ងៃអង្គារនេះ បានទាមទារឲ្យមានប្រព័ន្ធតុលាការ«ឯករាជ្យ» តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីពួកគេត្រូវបានតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនទៅបំភ្លឺ អំពីការចោទប្រកាន់ពីបទ«ឧបឃាត» ឬការប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។
អ្នកស្រី មូរ សុខហួរ អនុប្រធានមួយរូបនៃគណបក្សប្រឆាំងនេះដែលត្រូវបានតុលាការកោះហៅដែរនោះ បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ថា៖
«នៅតុលាការអយុត្តិធម៌ យើងអត់មានអីត្រូវប្រឈមមុខនឹងតុលាការអយុត្តិធម៌ទេ។ យើងសុំឲ្យមានតុលាការមួយឯករាជ្យពិតប្រាកដ»។
តុលាការក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ បានសម្រេចកោះហៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចំនួន៩រូបរួមទាំងលោក សម រង្ស៊ី ផង ឲ្យចូលបំភ្លឺនៅមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ «ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់នេះ» នៅថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ម៉ោងក្នុងប្រទេសកម្ពុជា។
ដីកាកោះឲ្យចូលខ្លួននេះ ត្រូវបានចេញនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានអាជ្ញាធរក្រុងភ្នំពេញយកទៅបិទនៅអតីតស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការកោះហៅថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនេះ ធ្វើឡើង ខណៈដែលថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៩នាក់នេះ កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសនៅឡើយ។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានទាមទារឲ្យអាជ្ញាធរក្រុងភ្នំពេញដកចេញនូវបម្រាមប្រឆាំងលើក្រុមខ្លួនរួមទាំងបម្រាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានាដឹកមេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី ចូលក្នុងប្រទេសកម្ពុជាផងដែរ។
លោក អេង ឆៃអ៊ាង អនុប្រធានមួយរូបទៀតនៃគណបក្សប្រឆាំងនេះដែលត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនដែរនោះ បានសរសេរសារតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី២០ខែតុលាថា៖
«ដកបំរាមចេញពីក្រុមហ៊ុនយន្តហោះនានា និងពីប្រទេសសមាជិកអាស៊ាន ពិសេសប្រទេសថៃ នោះពួកយើងនឹងចូលទៅកម្ពុជាហើយ មិនចាំបាច់ឲ្យតុលាការ ចេញដីកាកោះហៅទេ»។
ក្រៅពីលោក សម រង្ស៊ី និងអនុប្រធានទាំងពីរនៃគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងនេះចំនួន៦នាក់ទៀតដែលត្រូវកោះហៅឲ្យចូលខ្លួនទៅបំភ្លឺដែរនោះរួមមាន លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល ព្រមទាំងលោកស្រី ជូឡុង សូមួរ៉ា ដែលជាភរិយារបស់លោកសម រង្ស៊ី ផងដែរ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាកាលពីដើមខែតុលានេះ តុលាការក្រុងភ្នំពេញធ្លាប់បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នកទាំង៩នាក់នេះម្តងហើយពីបទចោទ«ឧបឃាត»នេះដែលទាក់ទងនឹងផែនការវិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ីនិងមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងទាំង៨នាក់នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីដឹកនាំអ្វីមួយដែលគណបក្សប្រឆាំងនេះធ្លាប់ហៅថាជាមហាបាតុកម្មទម្លាក់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕