ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថា ឲ្យពួកគេវិលត្រឡប់ចូលប្រទេសវិញ ដោយពុំមានការហាមឃាត់ដែលរារាំងដល់ការធ្វើដំណើរ។
ការលើកឡើងនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ ក្រោយតុលាការរាជធានីភ្នំពេញបានប្រកាសថា នឹងបើកសវនាការជំនុំជម្រះលើថ្នាក់ដឹកនាំគណបក្សប្រឆាំង ៩ រូបក្នុងនោះមានលោក សម រង្ស៊ី ផងដែរក្នុងករណីចោទប្រកាន់ «បទឧបឃាត» ឬការប៉ុនប៉ងធ្វើឲ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលបង្ហោះលើហ្វេសប៊ុករបស់លោក សម រង្ស៊ី ឲ្យដឹងថា ថ្នាក់ដឹកនាំបក្សប្រឆាំងនឹងត្រឡប់ចូលប្រទេសកម្ពុជាវិញ ប្រសិនបើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន លើកបម្រាមក្នុងការហាមក្រុមហ៊ុនអាកាសចរណ៍នានា មិនឲ្យដឹកពួកគេចូលប្រទេស។ បក្សប្រឆាំងក៏ជំរុញឲ្យផ្តល់ឡើងវិញនូវសុពលភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលក្រសួងការបរទេសបានលុបចោល។
បើតាមសេចក្តីថ្លែងការណ៍ បក្សប្រឆាំងក៏ប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាឲ្យសរសេរលិខិតទៅបណ្តាប្រទេសអាស៊ាន ជាពិសេសប្រទេសថៃ អនុញ្ញាតឲ្យថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចេញចូលប្រទេសថៃបាន។ បក្សប្រឆាំងក៏ប្រាប់ទៅរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា«កុំរារាំងហាមឃាត់ បំភិតបំភ័យនិងចាប់ចងប្រជាពលរដ្ឋខ្មែរ ដែលទទួលស្វាគមន៍ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ»។
អនុប្រធានគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកស្រីថា លោកស្រីនិងថ្នាក់ដឹកនាំផ្សេងទៀតនឹងចូលមកប្រទេសកម្ពុជា ដោយមិនចាំបាច់ឲ្យតុលាការចេញដីកាកោះហៅនោះទេ នៅពេលដែលអាជ្ញាធរដកបម្រាមចេញពីក្រុមហ៊ុនអាកាសចរណ៍នានា និងពីប្រទេសសមាជិកអាស៊ាន ជាពិសេសប្រទេសថៃ។
ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរំលាយកាលពីឆ្នាំ ២០១៧ ក៏បានទាមទារឲ្យមានប្រព័ន្ធតុលាការ «ឯករាជ្យ» ផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ខ្លួនពួកគេ ប្រសិនបើពួកគេចូលប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «បើទៅមានអ្នកណាហាមឃាត់គាត់ទេ គ្រាន់តែមានដីកាចាប់ខ្លួនរួចហើយ។ បើទៅគេចាប់ចូលគុកហើយ។ គេអត់ទុកបណ្តែតបណ្តោយឲ្យទេ។ ពីមុនវាខុសពីឥឡូវ។ ពីមុនមានសម្តេចនាយករដ្ឋមន្រ្តី លោកទូលថ្វាយព្រះមហាក្សត្រ ដើម្បីលើកលែងទោស។ អ៊ីចឹងហើយគេបើកចំហឲ្យទៅ។ លើកនេះគេ អត់មានហាមឃាត់ទេ ប៉ុន្តែទៅគឺថា ទៅដល់ចូលទ្រុងហើយ»។
កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ចំនួន ៩ រូបរួមទាំងលោក សម រង្ស៊ី ផងឲ្យចូល «ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់» ពីបទឧបឃាតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០។
ក្រៅពីលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងចំនួន ៧ នាក់ទៀត ដែលត្រូវកោះហៅឲ្យចូលខ្លួនទៅបំភ្លឺរួមមានលោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល ព្រមទាំងលោកស្រី ជូឡុង សូមួរ៉ា ដែលជាភរិយារបស់លោក សម រង្ស៊ី ផងដែរ។
តុលាការក្រុងភ្នំពេញធ្លាប់បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកទាំង ៩ នាក់នេះម្តងហើយ ពីបទចោទ «ឧបឃាត» នេះដែលទាក់ទងនឹងផែនការវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩។
កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងការប៉ុនប៉ងចូលប្រទេសកម្ពុជាតាមប្រទេសថៃ លោក សម រង្ស៊ី បានឲ្យដឹងថាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃបានទទួលបញ្ជាពីថ្នាក់លើមិនអនុញ្ញាតឲ្យលោកឡើងជិះយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលមកប្រទេសកម្ពុជាទេ៕