វប្បធម៌ខ្មែរគឺមិនមែនមានត្រឹមតែព្រះពុទ្ធសាសនាប៉ុណ្ណោះនោះទេ តែវាមានការជឿទៅលើព្រលឹង អ្នកតា វេទមន្ត និងមន្តអាគមជាដើម។
ជំនឿនេះត្រូវបានប្រជាពលរដ្ឋកម្ពុជាជឿតៗគ្នា និងគោរពបូជាជាយូរណាស់មកហើយ។
នៅក្នុងទីក្រុង និងតាមទីជនបទក្នុងប្រទេសកម្ពុជា គេអាចជួបមនុស្សដែលហៅខ្លួនឯងថា ជាគ្រូវេទមន្ត ឬគ្រូមន្តអាគម ហើយពួកគេអាចបញ្ជូនវិញ្ញាណ ឬហៅវិញ្ញាណអ្នកដែលស្លាប់ឲ្យមកសណ្ឋិតក្នុងខ្លួនរបស់ពួកគេ។
អ្នកទាំងនេះក៏បានអះអាងថា គេអាចប្រើវិធីផ្សេងៗដើម្បីរំដោះគ្រោះ ឬនាំសំណាងដល់អ្នកដែលមករកសេវាពីពួកគេផងដែរ។ ក្រៅពីនោះ ពួកគេក៏អាចទស្សន៍ទាយវាសនាអនាគតរបស់អតិថិជនរបស់ពួកគេនៅពេលអនាគត។
ជំនឿទាំងនេះកំពុងបាត់បង់បន្តិចម្តងៗ នៅខណៈពេលដែលប្រទេសកម្ពុជាកំពុងមានការរីកចម្រើន។
លោក Ryun Patterson ជាអ្នកនិពន្ធមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ ស.រ.អា. ហើយដែលធ្លាប់ធ្វើការជាអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាពីមុន បានចាប់ផ្តើមយុទ្ធនាការរបស់គាត់ដំបូងហៅថា Kickstarter ដើម្បីធ្វើដំណើរជុំវិញប្រទេសកម្ពុជា។ ការធ្វើដំណើរនេះមានគោលបំណងជួប និងសម្ភាសអ្នកប្រើមន្តអាគម ឲ្យបានច្រើននាក់តាមដែលគាត់អាចធ្វើទៅបាន។
លទ្ធផលគឺសៀវភៅមន្តអាគមនៅកម្ពុជា។
លទ្ធផលបានពីការធ្វើដំណើរនឹងជួបសម្ភាសនេះត្រូវបានចងក្រងបោះពុម្ពជាសៀវភៅក្រដាស់ និងសៀវភៅអេឡិចត្រូនិក និយាយអំពីការប្រើ ឬធ្វើវេទមន្ត និងអំពីជីវិតរបស់អ្នកដែលត្រូវបានសម្ភាសចំនួន១១នាក់។
សៀវភៅដែលមានចំណងជើងថា៖ «វេទមន្តបំបាំងកាយ៖ ក្រឡេកមើលអំពីភពមន្តអាគមនៃកម្ពុជា» ត្រូវបានដាក់បង្ហាញកាលពីចុងសប្តាហ៍មុន នៅឯ Meta House ក្នុងរាជធានីភ្នំពេញ។ ខណៈពេលដែលសៀវភៅនេះត្រូវបានគេដាក់សម្ពោធនោះ រូបភាពដែលមាននៅក្នុងសៀវភៅនេះក៏ត្រូវបានដាក់បង្ហាញដែរ។ រូបថតទាំងនោះត្រូវបានក្រុមការងារថត នៅពេលគេធ្វើដំណើរ និងពេលសម្ភាសអ្នកដែលប្រើមន្តអាគមទាំងនោះ។
លោក Patterson ដែលជាអ្នកសរសេរសៀវភៅនេះ បានប្រាប់វីអូអេថា សៀវភៅនេះមានរួមបញ្ចូលទាំងការធ្វើដំណើរជាមួយអ្នកបកប្រែ និងអ្នកថតរូបគឺលោក Rick Valenzuela ដើម្បីឲ្យអ្នកអានមានអារម្មណ៍ហាក់ដូចជាគេបាន«ស្ថិតនៅក្នុងស្ថានភាពផ្ទាល់ ហើយអ្នកអានមានអារម្មណ៍ដូចអ្នកធ្វើបទសម្ភាសន៍នៅទីនោះដែរ»។
លោក Patterson បាននិយាយថា សៀវភៅនេះត្រូវបានសរសេរតាមរបៀបជាអត្ថបទសារព័ត៌មានដែលពណ៌នាអំពី«ភាពស្មុគស្មាញនៃទំនាក់ទំនងរវាងជំនឿសាសនា ព្រះ និងព្រលឹងវិញ្ញាណ»ដើម្បីធ្វើឱ្យអ្នកដែលមិនដែលបានមកប្រទេសកម្ពុជាអាចយល់ច្បាស់អំពីប្រទេសកម្ពុជា។
លោកបាននិយាយថា៖ «អ្វីៗត្រូវបានធ្វើឲ្យមានភាពសាមញ្ញបន្តិចដើម្បីធ្វើឱ្យប្រាកដថា អ្នកអានយល់ថា មាននៅក្នុងប្រទេសកម្ពុជាមានរឿងអ្វីខ្លះ»។
តាមរយៈអត្ថបទ វីដេអូ សំឡេង និងរូបថត សៀវភៅនេះនាំអ្នកអានឲ្យចូលរួមក្នុងដំណើរការនៃការស្រាវជ្រាវរកឃើញនេះ។
និយាយរួមលោក Patterson និងក្រុមការងាររបស់គាត់បានសម្ភាសមនុស្ស១១នាក់ ក្នុងនោះមានទាំងគ្រូទាយដែលប្រើលេខបកស្រាយការទស្សទាយ ហើយដែលមានប្រពន្ធ៩នាក់ ព្រះសង្ឃ គ្រូមន្តអាគមប្រើផ្សេងបារី និងស្ត្រីម្នាក់ដែលជាគ្រូម្រេញគង្វាល ឬព្រឹលឹងកូនក្មេងសណ្ឋិត។ អ្នកទាំងនេះប្រើមន្តអាគមប្រភេទផ្សេងគ្នា។
សៀវភៅនេះពណ៌នាអំពីពិភពអាថ៌កំបាំងមួយ ដែលប្រជាជនកម្ពុជាភាគច្រើនបានដឹងហើយសៀវភៅនេះក៏បានបង្ហាញផងដែរនូវជីវិតរបស់អ្នកដែលប្រើទំនៀមទម្លាប់ចាស់ និងវប្បធម៌មន្តអាគមជាមធ្យោបាយដើម្បីជួយមនុស្សផ្សេងទៀតដែលមានជំងឺ មានការព្រួយបារម្ភ ឬអាចគ្រាន់តែត្រូវការដំបូន្មានសម្រាប់ថ្ងៃពន្លាសម្រាប់ពួកគេរៀបអាពាហ៍ពិពាហ៍។
លោក Patterson បានថ្លែងថា៖ «ខ្ញុំចង់ឱ្យមានមនុស្សទទួលបានបទពិសោធន៍ថា តើយើងជួបប្រទះអ្វីខ្លះ នៅពេលដែលយើងទៅជួប និងសម្ភាសមនុស្សទាំងនេះ នៅកន្លែងរបស់ពួកគេ ដែលមានលក្ខណៈខុសពីប្រទេសផ្សេងទៀតនៅក្នុងពិភពលោក»។
លោកនិយាយថា សំខាន់បំផុតនោះគឺលោកចង់ពណ៌នាអំពីផ្នែកមួយនៃពិភពលោកដែលមិនត្រូវបានគេយល់ដឹង ឬយល់ដឹងតិចតួច ហើយទំនៀមទម្លាប់ទាំងនេះអាចនឹងរលាយបាត់បង់ពីពិភពលោកនៅថ្ងៃណាមួយ។
លោកបាននិយាយថា៖ «មនុស្សយើងមិនអាចរស់ជារៀងរហូតនោះទេ។ ខ្ញុំចង់ឱ្យរឿងរ៉ាវជីវិតរបស់អ្នកទាំងនេះត្រូវបានគេចងចាំ»៕