ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខួប​លើក​ទី​១០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​មហាក្សត្រ


ព្រះឆាយាល័ក្ខណ៍​​ក្នុង​ខួប​១០ឆ្នាំ​នៃ​​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហមុនី។​
ព្រះឆាយាល័ក្ខណ៍​​ក្នុង​ខួប​១០ឆ្នាំ​នៃ​​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​នរោត្តម​សីហមុនី។​

មេដឹក​នាំ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​និង​មន្ត្រី​រាជការ​ជា​ច្រើន​ពាន់​នាក់​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​មក​ចូល​រួម​ពិធី​ខួប​លើក​ទី​១០​ឆ្នាំ​នៃ​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ។​

អ្នក​ដឹកនាំ​ពិធី​ស្រែក​ថា៖​ «ជយោ!​ ព្រះ​ករុណា​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា!»​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​បាច់​ផ្កា​ ទង់​ជាតិ​របស់ព្រះ​រាជាណាចក្រ​កម្ពុជា​ ស្លៀក​ពាក់សម្លៀក​បំពាក់​សិស្ស​សាលា​ និស្សិត និង​មន្ត្រី​រាជ​ការ​ ព្រម​ទាំង​ឯក​សណ្ឋាន​ជា​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​ឈរ​តម្រៀប​គ្នា​ជា​ជួរ​យ៉ាង​មាន​របៀប​រាប​រយ​នៅ​ពី​មុខ​ព្រះ​បរម​រាជ​វាំង​ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ និង​មេដឹក​នាំ​ជាន់​ខ្ពស់​របស់​ ​រដ្ឋាភិបាល​អង្គុយ​នៅ​រាន​មុខ​នៃ​ព្រះ​បរម​រាជ​វាំង។​

ព្រះ​មហា​ក្សត្រ​សម្តេច​ព្រះ​បរម​នាថ​ ​នរោត្តម​សីហមុនី​មាន​បន្ទូល​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ថា ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ សាមគ្គី​ភាព​ ឯក​ភាព​ជាតិ​ និង​មាតុភូមិ​យ៉ាង​ល្អ​ប្រសើរ​ដែល​យើង​កំពុង​ទទួល​ស្គាល់​ជា​វិជ្ជមាន។​

ព្រះ​អង្គ​ក៏​បាន​អំពាវ​នាវ​ឲ្យប្រជា​ពលរដ្ឋ​ទាំង​អស់​រួបរួម​គ្នា​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ការពារ​មាតុភូមិ។​

ព្រះ​អង្គ​មាន​បន្ទូល​ថា៖​ «នៅ​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​អំពាវ​នាវ​បង​ប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ សូម​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ស្ថិត​ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដើម្បី​ចូល​រួម​ចំណែក​ការពារ​ និង​កសាង​មាតុភូមិ​ជាទី​ស្នេហា​របស់​យើង​លើ​គ្រប់​វិស័យ»។​

ព្រះ​មហាក្សត្រ​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជំនួស​ព្រះ​បិតា​របស់​ព្រះ​អង្គ​គឺ​ព្រះ​បរម​រតន​កោដ្ឋ​សម្តេច​ឪ​នរោត្តម​សីហនុ​ កាល​ពី​ថ្ងៃ​ទី​២៩​ខែ​តុលា​ ឆ្នាំ​២០០៤។​

រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យមន្ត្រី​រាជ​ការ​ទូទាំង​ប្រទេស​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​នៅ​ថ្ងៃ​នេះ​ដើម្បី​ចូល​រួម​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ។​

លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​ក្រុង​ភ្នំពេញ​ បាន​ថ្លែង​រាយ​ការណ៍​ពី​ការ​អភិវឌ្ឍ​យ៉ាង​ច្រើន ​និង​គ្រប់​វិស័យ​ក្នុង​រយៈ​ពេល​នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​មហា​ក្សត្រ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​ទៅ​នេះ។​

លោក​មាន​ប្រសាសន៍ថា ​ព្រះ​អង្គ​បាន​ដឹកនាំ​ប្រជា​រាស្ត្រ​ក្នុង​ព្រះ​រាជ​កិច្ច​កសាង​ជាតិ​មាតុភូមិ​យ៉ាង​សកម្ម​ជាទី​បំផុត​ និង​បាន​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូន​ចៅ​ និង​ប្រជា​រាស្ត្រ​របស់​ព្រះ​អង្គ។​

លោក​និយាយ​ថា៖ «ព្រះ​អង្គ​តែង​តែ​សព្វ​ព្រះ​រាជ​ហរទ័យ​បំពេញ​នូវ​ព្រះ​រាជ​សកម្មភាព​ប្រកប​ដោយ​ព្រះ​រាជ​គុណ​ធម៌​ដ៏​ថ្លៃ​ថ្លា​បំផុត​ក្នុង​វិស័យ​សង្គម​កិច្ច​សុខុមាល​ភាព​ អប់រំ​សិក្សាធិការ​ ព្រះ​ពុទ្ធ​សាសនា​ រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ»។​

លោក​សម រង្ស៊ី​ អ្នក​តំណាង​រាស្ត្រ​ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ប្រាប់​អ្នក​កា​សែត​នៅ​ព្រះ​បរម​រាជវាំង​ថា ​លោក​អបអរ​សារទរ ​និង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​អង្គ​ ឲ្យព្រះ​អង្គ​គង់​ជា​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឲ្យបាន​យូរ​ដើម្បី​ជា​ម្លប់​ដ៏​ត្រជាក់​សម្រាប់​ប្រជា​រាស្ត្រ​ខ្មែរ។​

លោក​និយាយ​ថា៖​ «លោក​ជា​និមិត្ត​រូប​នៃ​ឯក​ភាព​ជាតិ​ នៃ​ការ​បង្រួប​បង្រួម​ជាតិ​ ​ ផ្សះ​ផ្សារ​ជាតិ​ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យប្រទេស​យើង​មាន​ស្ថិរភាព​ដើម្បី​ឈាន​ទៅ​រក​វឌ្ឍនភាព»។​

កំពុងឈរ​កាន់​ប៉េង​ប៉ោង​ដើម្បី​បង្ហោះ​ទៅ​លើ​អាកាស​ ប្អូន​ប្រុស​ខេង ឆេង​ហ៊ាង​ អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ជា ស៊ីម​ សន្ធរម៉ុក​ មាន​ប្រសាសន៍​ថា​ វត្តមាន​របស់​ព្រះ​មហាក្សត្រ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការ​វិវឌ្ឍ​ទៅ​មុខ។​

លោក​និយាយ​ថា៖​ «មើល​ទៅ​ដូច​ជាមាន​ការ​រីក​ចម្រើនច្រើន​ដែរ​នៅ​ពេល​ព្រះ​មហា​ក្សត្រ​ឡើង​គ្រង​រាជ្យ។​ ប៉ុន្តែ​ហាក់​បី​ដូច​ជា​មិន​ដូច​សម្តេច​ឪ​របស់​យើង​ពី​មុន។​ ដូច​ជា​ការ​ដោះ​ស្រាយ​នយោបាយ​មិន​ដូច​សម្តេច​ឪ​ដែល​បាន​សោយ​ទិវង្គត់​ទៅ​ហ្នឹង​»។​

ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ្យ​សម្បតិ្ត​របស់​ព្រះ​មហា​ក្សត្រ​មិន​មាន​ព្រះ​រាជ​វត្តមាន​សម្តេច​ម៉ែ​នរោត្តម​មុន្នី​នាថ​សីហនុ​ និង​លោក​ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​ទេ​ ពោល​គឺ​មាន​វត្តមាន​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ និង​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​សំខាន់ៗជា​ច្រើន​នាក់​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG