ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោដ្ឋ​ជន​រង​គ្រោះ​មុន​សម័យ​ខ្មែរ​ក្រហម​ត្រូវ​បាន​រៀបចំ​ទុកដាក់


 រូបថត​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​​នេះ​បង្ហាញ​ កោដ្ឋ​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​កំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូបថត​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​​នេះ​បង្ហាញ​ កោដ្ឋ​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​កំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​ ដោយមានជំនួយ​ពី​កង​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក​ បាន​ប្រមូល​កោដ្ឋ​របស់​ជន​រង​គ្រោះ​ដែល​បាន​បន្សល់​ទុក​តាំង​ពី​មុន​សម័យ​ខ្មែរក្រហម​នៅ​ក្រោម​បល័្លង្ក​មួយ​នៃ​វត្ត​លង្កា ​ហើយ​យក​មក​រក្សា​ទុក​ក្នុង​ទូ​ចំនួន​៦។​

ពិធី​នេះ​បាន​ធ្វើ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​វត្ត​លង្កា​ក្រោម​ការ​ចូល​រួម​ពី​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​

លោក​វ៉ាន់​ ថាន់ពៅតារា​ នាយក​រង​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា ​មាន​ប្រសាសន៍ថា ​កោដ្ឋនេះ​បាន​បន្សល់​ទុក​នៅក្រោម​បល័្លង្ក​ព្រះ​នៃ​វត្ត​លង្កា​តាំង​ពី​ទសវត្សរ៍​១៩៧០​និង​ទសវត្សរ៍​១៩៨០ ​ដែល​ជន​រងគ្រោះមិន​មាន​សាច់​ញាតិ​មក​ទទួល​យក​ទេ​ពី​មុន​មក។​

លោក​បាន​បញ្ជាក់​ថា​ យើង​ចង់​ឲ្យសាច់​ញាតិ​នៅ​ទូទាំង​ប្រទេស​ទាំង​អស់​មក​រក​មើល​កោដ្ឋ​ជន​រង​គ្រោះ​ ប្រសិន​ណា​បើ​បាន​ស្គាល់។ ​ពួក​គេ​អាច​មក​យក​ទៅ​រក្សា​ទុក​នៅ​តាម​លំនៅដ្ឋាន​ និង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​បាន។​

លោក​និយាយ​ថា៖​ «វា​សំខាន់​ណាស់​ក្នុង​ការ​រៀបចំ​កោដ្ឋ​ហ្នឹង​ឲ្យវា​ត្រឹម​ត្រូវ​ឡើង​វិញ​ ពី​ព្រោះ​វា​ជួយ​ឲ្យបង​ប្អូន​និង​សាច់​ញាតិ​អាច​មក​រក​កោដ្ឋ​ហ្នឹង​ឡើង​វិញ​ ដូច​ជា​ការ​ផ្សារ​ភ្ជាប់​រវាង​សាច់​ញាតិជាមួយ​ព្រលឹង​អ្នក​ដែល​បាន​ស្លាប់​ទៅ»។​

កោដ្ឋ​ទាំង​អស់​សរុប​ចំនួន​៤៦០ ធ្វើ​ពី​ស្ពាន់​ ថ្មកែវ​ និង​ ​ព័កសឺឡែន។​ កោដ្ឋ​ខ្លះ​មាន​បិទ​រូប​ថត​ ភ្ជាប់​មក​ជាមួយ​ និង​មាន​ដាក់​ឈ្មោះ​ជន​រងគ្រោះ​ ថ្ងៃ​កើត​ និង​ថ្ងៃ​ស្លាប់​ ហើយ​ត្រូវ​បាន​យក​ចេញ​ពី​ក្រោម​បល័្លង្ក​ព្រះ​យក​មក​រក្សា​ទុក​ក្នុង​ទូ​ដើម្បី​ឲ្យ​មាន​ភាព​ខាង​ស្រួល​ដល់​ក្រុម​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ។​

លោក ​វ៉ាន់​ ថាន់ពៅ​ តារា​មាន​ប្រសាសន៍ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​សាច់​ញាតិប្រមាណ​១០​គ្រួសារ​ហើយ​ដែល​បាន​មក​យក​កោដ្ឋ​ពី​វត្ត​លង្កា​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ។​

លោក​និយាយ​ថា៖​ «ឆ្លៀត​ឱកាស​ហ្នឹង​ដែរ​ ​ប្រសិន​បើ​ឃើញ​តាម​សារ​ព័ត៌មាន​ សូម​អញ្ជើញ​មក​រក​កោដ្ឋ​ដើម្បី​ដឹង​ថា​ កោដ្ឋ​ជា​របស់​អ្នក​ណា​ ហើយ​អាច​យក​កោដ្ឋ​ហ្នឹង​ទៅ​ទុក​ដាក់​ ឬ​ធ្វើ​បុណ្យ​ ធ្វើ​ទាន​តាម​ប្រពៃណី​របស់​យើង​តទៅ​ទៀត​បាន។​ ​ដល់​ពេល​រៀប​ចំ​ហើយ​ យើង​បើក​ជា​សាធារណៈ។ ​វា​នៅ​ក្នុង​វត្ត​លង្កា​យើង​នេះ»។​

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​មាន​អាយុ​ពី​ប្រមាណ​ពី១០​រហូត​ដល់​៨០​ឆ្នាំ ​ក្នុង​នោះ​មាន​ជន​បរទេស​ និង​ជន​ជាតិ​ខ្មែរ។ ​ពួកគេ​បាន​ស្លាប់​ដោយ​សារ​មូល​ហេតុ​ផ្សេងៗគ្នា។​ពី​មុន ​ធាតុ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​កោដ្ឋ​ ដែល​ត្រូវ​បាន​ដាក់​រាយ​ប៉ាយ​គ្មាន​សណ្តាប់​ធ្នាប់​ក្រោម​បល័្លង្ក​ព្រះ​នៃ​វត្ត​លង្កា​ តែ​ឥឡូវ​នេះ​ត្រូវ​បាន​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​ប្រមូល​ទុក​ក្នុង​ទូ​ចំនួន​៦​ក្រោម​ការ​ជួយ​ឧបត្តម្ភ​ពី​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG