ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ល្ខោន​រឿង​ Hamlet ​ទាក់ទាញ​បាន​អ្នក​គាំទ្រ​នៅ​កម្ពុជា


ឈុតឆាក​នៃ​ការសម្តែង​ល្ខោន​រឿង​ Hamlet នៅ​សាល​សហសិក្សា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៥។ ​(​អ៊ុំ​ សូនីតា​/VOA​)
ឈុតឆាក​នៃ​ការសម្តែង​ល្ខោន​រឿង​ Hamlet នៅ​សាល​សហសិក្សា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៥។ ​(​អ៊ុំ​ សូនីតា​/VOA​)

មនុស្ស​រាប់​រយ​នាក់​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​អន្លាយ​រង់ចាំ​ចូល​ទស្សនា​ការ​សម្ដែង​ល្ខោន​រឿង​ Hamlet​ ដ៏​ល្បី​ល្បាញ​របស់​ចក្រភពអង់គ្លេស។​ ​ការ​សម្តែង​ដ៏​កម្រ​និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ​ បាន​ធ្វើឡើង​នៅ​ក្នុង​អគារ​ដំបូល​ទូក​ ស្ថិត​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន។​

ល្ខោនរឿង​ Hamlet ​ដែល​ និពន្ធ ​ដោយ​អ្នក​និពន្ធដ៏​ល្បី​ល្បាញ​គឺលោក​ វីល្លៀម ​សេកស្ពៀរ​ (William Shakespeare​)​ ​នៅ​ក្នុង​សតវត្សរ៍​ទី១៧​ គឺ​ជា​រឿង​ល្ខោន​បែប​កំសត់​។

នាយក​ដឹកនាំ​នៃ​ក្រុម​សិល្បៈ​ Shakespeare’s​ Globe​ លោក​ Dominic​ Dromgoole​ ​ដែល​ដឹក​នាំ​ក្រុម​សម្ដែង​កាល​ពី​សប្តាហ៍​មុន​បាន​ប្រាប់​VOA​ ​ខេម​រភាសា​ថា​ ​រឿង​ល្ខោន​នេះ​ ដំ​ណាល​ពី​ព្រះអង្គ​ម្ចាស់​ឈ្មោះ ​Hamlet​ នៃ​ប្រទេស​ដាណឺម៉ាក​ ដែល​មាន​គំនិត​សង​សឹក​នឹង​ឳពុកមា​ ដែល​បាន​សម្លាប់​បិតា​ ​ដណ្តើម​រាជ្យ​និង​បង្ខំ​មាតា​របស់​ Hamlet​ ធ្វើ​ជា​ព្រះ​ជា​យា​។​

លោក​បាន​បន្ត​ថា​៖ ​«រឿង​នេះ​មាន​ភាព​ពេញ​និយម​ខ្លាំង​ ហើយ​បច្ចុប្បន្ន​នៅ​តែ​ជាប់​ចំណាត់​ថា​ជា​ល្ខោន​ដែល​គេ​យក​មក​សម្តែង​ច្រើន​ជាង​គេ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ទស្សនា​និង​ចូលចិត្ត​រឿង​នេះ​ បើ​ទោះ​បី​ជា​វា​ជា​រឿង​ល្ខោន​បែប​បរទេស​ដែល​ប្រហែល​ជា​ពិបាក​ក្នុង​ការ​យល់​សាច់​រឿង​ទាំង​ស្រុង​ក៏​ដោយ»។

​“To be or not to be” ​ឬ​ «តើ​គួរ​តែ​ស្លាប់​រឺ​រស់​នៅ​បន្ត​ទៀត?​»​ ​គឺ​ជា​ឃ្លារ​មួយ​ដ៏​ល្បីល្បាញ​ នៅ​ក្នុង​រឿង​ Hamlet​ ដែល​ព្រះ​អង្គ​ម្ចាស់​ Hamlet ​និយាយ​នៅ​ពេល​ព្រះអង្គ​ប៉ុនប៉ង​ធ្វើ​អត្តឃាត។​ ក៏​ប៉ុន្តែ ព្រះ​អង្គ​ម្ចាស់​Hamlet​ ​ប្រែក្លាយ​ការ​ធ្វើ​អត្តឃាតជា​ការ​សង​សឹក​ទៅ​វិញ​ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​មួយ។​ ការ​សងសឹក​នេះ​ត្រូវ​បាន​បញ្ចប់ដោយ​ការ​ស្លាប់​របស់​ព្រះ​អង្គ​ម្ចាស់ ក្រោយ​ពេល​ដែលថ្នាំ​ពុល​ជ្រាប​ចូល​ពេញ​បេះដូង​ ហើយបន្សល់​ទុក​នូវ​ភាព​ស្ងប់​ស្ងាត់​តែ​ប៉ុណ្ណោះ។​

យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រមាណជាង​មួយ​ពាន់​នាក់​ ដែល​បាន​ចូល​រួម​ទស្សនា​ ការ​សម្ដែង​ល្ខោន​នេះ​ ទោះ​បី​ជា​នៅ​ក្នុង​សាល​មាន​ភាព​កកកុញ​និង​ក្ដៅ​ស្អុះស្អាប់​ក៏ដោយ។​

ឈុតឆាក​នៃ​ការសម្តែង​ល្ខោន​រឿង​ Hamlet នៅ​សាល​សហសិក្សា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៥។ ​(​អ៊ុំ​ សូនីតា/VOA​)
ឈុតឆាក​នៃ​ការសម្តែង​ល្ខោន​រឿង​ Hamlet នៅ​សាល​សហសិក្សា​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៥។ ​(​អ៊ុំ​ សូនីតា/VOA​)

យុវជន​ សេង​ វីរៈបុត្រ​ និស្សិត​ឆ្នាំ​ទី១​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​បាន​ថ្លែង​យ៉ាង​ដូច្នេះថា​៖ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ចិត្ត​ខ្លាំងណាស់​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទស្សនា​ល្ខោន​នេះ​ ព្រោះ​នេះ​គឺ​ជា​លើក​ដំបូង​របស់​ខ្ញុំ​ ហើយ​វា​ពិត​ជា​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ការ​សម្តែង​រឿង​របស់​ខ្មែរ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្លឺ​ភ្នែក​ព្រោះ​អ្នក​សម្តែង​នីមួយៗ​ពិត​ជា​មាន​ភាព​ច្នៃប្រឌិត​និង​បត់បែន​ព្រោះ​ពួក​គាត់​ត្រូវ​សម្តែង​តួអង្គ​២​ ឬ​ ៣​តួ​ក្នុង​រឿង​តែ​មួយ»​។ ​

យុវជន​ម្នាក់​ទៀត​ឈ្មោះ​ ជាម​ កុកហ័រ​ និស្សិត​ឆ្នាំទី២​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​ បាន​លើក​ឡើង​ចំៗ​ពី​សាច់​រឿង​នេះ​ថា​៖ «​ការ​សងសឹក​គឺ​នឹង​មិន​ទទួល​បាន​អ្វី​ឡើយ​ វា​មាន​តែ​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​ និង​ ខាត​បង់​ពេល​វេលា​តែ​ប៉ុណ្ណោះ»។​

និសិ្សត​ដដែល​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា៖​«ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​ចេះ​អត់ឱន​ និង​ អធ្យា​ស្រ័យ​តែ​ប៉ុណ្ណោះ​ ដែល​ជា​របស់​ដែល​មាន​តម្លៃ​ដែល​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​សង្គម​គួរ​តែ​មាន»៕

XS
SM
MD
LG