ក្រុមអ្នកវិភាគផ្ដល់អនុសាសន៍ថាកម្ពុជាគួរលើកបញ្ហាសន្តិសុខក្នុងតំបន់នានាដែលអាចប៉ះពាល់ដល់ស្ថិរភាពនៃប្រទេសខ្លួន ទៅដាក់នៅក្នុងរបៀបវារៈនៃជំនួបកំពូលនៃវេទិកាតំបន់អាស៊ានដែលធ្វើឡើងនៅខែក្រោយនេះ។ អនុសាសន៍ទាំងនេះធ្វើឡើងស្របពេលដែលជម្លោះថ្នាក់តំបន់ទាំងនោះត្រូវបានគេមើលឃើញថាកំពុងរំខានដល់ដំណើរការនៃសមាហរណកម្មអាស៊ាន។
ជំនួបកំពូលនៃវេទិកាតំបន់អាស៊ាន (ARF) ជាវេទិកាថ្នាក់តំបន់ដែលផ្ដោតការពិភាក្សាលើបញ្ហាសន្តិសុខក្នុងតំបន់និងអន្តរជាតិនានាដែលអាចប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់អាស៊ាន និងពិភាក្សាអំពីការកសាងទំនុកចិត្តរវាងភាគីជម្លោះដើម្បីកាត់បន្ថយការប្រឈមមុខយោធាណាមួយ។ វេទិកានេះនឹងប្រារព្ធជាលើក២១ នៅថ្ងៃទី១០ ខែសីហា នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា ក្នុងឋានៈជាប្រធានអាស៊ានប្ដូរវេន។
លោក ពូ សុវចនា នាយកប្រតិបត្តិរងនៃវិទ្យាស្ថានជាតិសម្រាប់សហប្រតិបត្តិការនិងសន្តិភាព អះអាងថាកម្ពុជាគួរប្រើប្រាស់វេទិកានេះដើម្បីបង្ហាញគោលជំហររបស់ខ្លួនលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីស្តារមុខមាត់របស់ខ្លួនឡើងវិញ មូលហេតុដោយសារកាលពីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានប្ដូរវេននៅឆ្នាំ២០១២ សមាជិកអាស៊ានបានបរាជ័យក្នុងការចេញសេចក្ដីថ្លែងការណ៍រួមដំបូងបំផុតក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយនេះ។ នាពេលនោះ កម្ពុជាត្រូវបានគេទម្លាក់ទំនួលខុសត្រូវខ្លាំងចំពោះបរាជ័យជាប្រវត្តិសាស្ត្រនេះ។
«ខ្ញុំគិតថាកម្ពុជាយើងត្រូវចូលរួមសកម្មក្នុងការដោះស្រាយបញ្ហានេះ ទោះបីកម្ពុជាយើងមិនប៉ះពាល់អ្វីក៏ដោយ ក៏យើងត្រូវគាំទ្រការសម្រេចចិត្តជាក្រុមតែមួយ។ ជាពិសេសជាឱកាសមួយរបស់កម្ពុជាដើម្បីស្តារឡើងវិញការមិនបញ្ចេញយោបល់រួមនៅឆ្នាំ២០១២»។
បញ្ហាសន្តិសុខនិងវិបត្តិនយោបាយរបស់អាស៊ាន ត្រូវគេមើលឃើញថាបានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយបញ្ហាសិទ្ធិមនុស្សនិងការត្រឡប់ក្រោយនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជាសមាជិកមួយចំនួន ដូចជាការឡើងកាន់អំណាចដោយរបបយោធានៅប្រទេសថៃ ការបញ្ជូនពលករខ្មែរពីប្រទេសថៃដោយបង្ខំ និងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជានិងម៉ាឡេស៊ី និងទំនាស់ជនជាតិភាគតិចក្នុងប្រទេសភូមាជាដើម។ ក្រៅពីទំនាស់ផ្ទៃក្នុង អាស៊ាននាពេលកន្លងមកក៏បានអាក់ខានក្នុងការដោះស្រាយទំនាស់រវាងរដ្ឋជាសមាជិកខ្លួនផងដែរ ដូចជាទំនាស់សមុទ្រចិនខាងត្បូង និងទំនាស់ជុំវិញប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃដែលវិវត្តន៍ទៅជាអំពើហិង្សាតាមព្រំដែនជាដើម។
វិបត្តិនយោបាយនិងសន្តិសុខទាំងនេះត្រូវបានគេមើលឃើញថាកំពុងគំរាមកំហែងដល់ដំណើរការនៃសមាហរណកម្មអាស៊ាននៅឆ្នាំក្រោយនេះ។
លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យលីដ ប្រទេសអង់គ្លេស និងជាអ្នកវិភាគម្នាក់ យល់ថាកម្ពុជាគួរផ្តោតលើបញ្ហាសិទ្ធិរបស់ជនអន្តោប្រវេសន៍ទៅដាក់ក្នុងកិច្ចពិភាក្សាក្នុងពេលខាងមុខនេះ ត្បិតនាពេលថ្មីៗនេះ រដ្ឋាភិបាលយោធាថៃបានបណ្ដេញពលករខ្មែរជាងពីរសែននាក់ឱ្យមកកម្ពុជាវិញដោយបង្ខំ។
«ខ្ញុំគិតថាកម្ពុជាគួរជំរុញបញ្ហាអន្តោប្រវេសន៍ ព្រោះថ្មីៗនេះយើងឃើញថាថៃបានបញ្ជូនកម្មករខ្មែរយើងយ៉ាងច្រើនពីថៃមកខ្មែរវិញ។ ហើយវាប៉ះពាល់ដល់សន្តិសុខមនុស្សជាតិ។ អញ្ចឹងទេ បញ្ហាអន្តោប្រវេសន៍ឬបញ្ហាជួញដូរមនុស្ស ជាបញ្ហាសន្តិសុខមួយដែលកម្ពុជាគួរជំរុញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករចំណាកស្រុកទាំងនោះ»។
លោក ឈាង វណ្ណារិទ្ធ អត្ថាធិប្បាយបន្ថែមថាក្រៅពីបញ្ហាអន្តោប្រវេសន៍ កម្ពុជាក៏គួរឆ្លៀតឱកាសក្នុងកិច្ចប្រជុំកំពូលមួយនេះ បង្ហាញពីគោលជំហររបស់ខ្លួន ជុំវិញជម្លោះក្នុងតំបន់សំខាន់ៗដែលកំពុងឡើងកម្ដៅផងដែរ ដូចជាជម្លោះសមុទ្រចិនខាងត្បូង ជម្លោះដែនសមុទ្ររវាងចិននិងជប៉ុន និងបញ្ហាសន្តិសុខផ្ទៃក្នុងឬវិបត្តិនយោបាយនៃប្រទេសជាសមាជិកអាស៊ាន ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងដោះស្រាយជម្លោះក្នុងតំបន់ និងទាញប្រជាប្រិយ៍ភាពលើឆាកអន្តរជាតិ។
ប៉ុន្តែ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យដឹងថាភាគីកម្ពុជានឹងបន្តរក្សាជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សមាជិកអាស៊ានផ្សេងទៀត ជាពិសេសជុំវិញជម្លោះសមុទ្រចិនខាងត្បូង។
«ចំពោះកម្ពុជា យើងវាយតម្លៃបន្តទៀត គឺវាយតម្លៃពីការជ្រៀតជ្រែកពីភាគីទីបីដែលយើងតែងតែបាននិយាយគ្នាក្នុងសមាគមអាស៊ានហ្នឹង គឺរក្សានិងបញ្ចៀសអ្នកលូកដៃមកពីខាងក្រៅ ដូចជាបញ្ហាសមុទ្រចិនខាងត្បូងដែលមានអ្នកលូកដៃមកពីខាងក្រៅ ដូច្នេះអាស៊ានយើងទាំងមូលពង្រឹងវេទិកាជជែកគ្នាពីគោលការណ៍ចរចានិងដោះស្រាយដោយសន្តិវិធី»។
បញ្ហាសន្តិសុខដែលកម្ពុជាលើកឡើងក្នុងកិច្ចប្រជុំសន្តិសុខកំពូលមួយនេះនាពេលកន្លងមកផ្ដោតខ្លាំងទៅលើសន្តិសុខមិនប្រពៃណីដែលមិនសូវរសើបដូចជាបញ្ហាប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀងនិងទឹកប៉ុណ្ណោះ។ នេះបើតាមលោក ឈាង វណ្ណារិទ្ធ។
លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការសាកលវិទ្យាល័យខេមរៈ អះអាងថាអាស៊ានគ្មានសមត្ថភាពដោះស្រាយជម្លោះនានាក្នុងតំបន់នោះទេ ដោយសារប្រទេសជាសមាជិកខ្លួនរងឥទ្ធិពលពីប្រទេសមហាអំណាចដូចជាចិននិងសហរដ្ឋអាមេរិកដែលរារាំងសមាជិកខ្លួនមិនឱ្យសម្រេចបានជំហររួមមួយ កង្វះយន្តការក្នុងការដោះស្រាយជម្លោះ និងការប្រកាន់គោលជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សមាជិកដទៃទៀត។
យ៉ាងណាក៏ដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនបានបង្ហើបអំពីបញ្ហាសន្តិសុខដែលកម្ពុជានឹងលើកទៅពិភាក្សាក្នុងកិច្ចប្រជុំសន្តិសុខថ្នាក់តំបន់កំពូលមួយនេះទេ៕