ភ្នំពេញ —
នៅពេលដែលបណ្តាប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាននឹងឈានដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចនៅចុងឆ្នាំ២០១៥ ក្រុមមន្ត្រីកម្ពុជាបានសម្លឹងឃើញថា កម្ពុជានៅមានកម្លាំងខ្សោយនៅឡើយដើម្បីធ្វើសមាហរណកម្មក្នុងសហគមន៍នេះ។
លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ថា កម្ពុជាមិនសូវទទួលផលចំណេញពីសមាជិកភាពក្នុងសមាគមតំបន់នេះទេ។
អ្នកស្រាវជ្រាវរូបនេះមើលឃើញថា កម្ពុជាទទួលបានផលប្រយោជន៍ផ្នែកកសាងគតិយុត្តិ ឬផ្នែកច្បាប់ និងកិច្ចព្រមព្រៀងនានា ប៉ុន្តែផ្នែកសេដ្ឋកិច្ចកម្ពុជាមិនសូវទទួលបានផលចំណេញពីសមាគមអាស៊ាននោះទេ។
«បើយើងចូលអាស៊ាននឹងមានភាពងាយស្រួលក្នុងការនាំទំនិញចេញ។ ប៉ុន្តែយើងអត់មានទំនិញនាំដដែល។ ទំនិញដែលយើងនាំចេញភាគច្រើនគឺដោយសារឈ្មួញមកពីប្រទេសចិន តៃវ៉ាន់ និងជប៉ុនជាដើម។ ចំណែកឯផលិតផលក្នុងស្រុកនឹងស្លាប់ទៅៗ ដោយសារគេគ្របដណ្តប់។ គិតទៅហាក់ដូចជាអត់មានអ្វីចំណេញ»។
ប្រទេសសមាជិកអាស៊ាន រួមមានកម្ពុជា វៀតណាម ឡាវ ភូមា ថៃ សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូណេស៊ី។ ការបង្កើតសហគមន៍សេដ្ឋកិច្ចតែមួយនៅចុងឆ្នាំក្រោយនេះនឹងបើករបាំងពន្ធគយ ឬមានន័យថាការនាំទំនិញផ្សេងៗទៅកាន់ប្រទេសជាសមាជិកនឹងមិនត្រូវយកពន្ធនោះទេ។ មួយវិញទៀត ពលករជំនាញ ដូចជាវិស្វករ អ្នកជំនាញផ្នែកវេជ្ជសាស្រ្ត និងផ្នែកគណនេយ្យជាដើម នឹងត្រូវអនុញ្ញាតឲ្យឆ្លងទៅធ្វើការក្នុងចំណោមប្រទេសជាសមាជិកដោយសេរី។
លោកបណ្ឌិតកែម ឡី យល់ថា កម្ពុជានឹងបាត់បង់សក្តានុពលសេដ្ឋកិច្ចដោយសារកម្ពុជាត្រូវសម្របទៅតាមការលើកលែងពន្ធគយក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានដោយសារតែសេដ្ឋកិច្ចកម្ពុជាពឹងលើចំណូលពន្ធគយរហូតដល់ប្រមាណជា៣៥ភាគរយនៃចំណូលសម្រាប់ថវិកាជាតិសរុប។មួយវិញទៀត កម្ពុជាពិបាកនឹងប្រកួតប្រជែងជាមួយពលករជំនាញរបស់ប្រទេសវៀតណាម និងប្រទេសថៃ ដែលជាប្រទេសជិតខាងខ្លួន។ ហើយពលករនៃប្រទេសទាំងនេះអាចនឹងហូរចូលច្រើនមកធ្វើការនៅប្រទេសកម្ពុជា ដំណាលគ្នានឹងវិស័យអប់រំកម្ពុជាមិនទាន់រឹងមាំ។
ដោយឡែកលោកពូ សុវជ្ជនា អនុប្រធានវិទ្យាស្ថានជាតិសម្រាប់សហប្រតិបត្តិការនិងសន្តិភាព មានប្រសាសន៍ថា កម្ពុជាខ្វះសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ក៏ប៉ុន្តែកម្ពុជាកំពុងកសាងធនធានមនុស្ស។
«បើយើងនិយាយអំពីសេដ្ឋកិច្ច យើងអត់សូវមានអ្វីក្រៅអំពីផលិតផលរោងចក្រកាត់ដេរ។ ការនាំចេញរបស់យើង យើងអត់មានភាពវិជ្ជមានទេ។ក៏ប៉ុន្តែយើងបានបង្កើតការពង្រឹងគុណភាពសមត្ថភាពទៅតាមស្តង់ដារមួយដែលគេទទួលស្គាល់ក្នុងតំបន់»។
ប្រទេសកម្ពុជាបានចូលជាសមាជិកសមាគមអាស៊ាននៅឆ្នាំ១៩៩៩។លោកពូ សុវជ្ជនាយល់ថា សមាជិកភាពនេះបានផ្តល់ឲ្យកម្ពុជាពង្រីកទីផ្សារដែលអាចបើកទូលាយទៅរកទីផ្សារក្នុងតំបន់មួយដែលមានប្រជាជាតិចំនួនជាង៦០០លាននាក់។ ផ្ទុយទៅវិញ កម្ពុជានឹងប្រឈមនឹងគុណភាពនៃពលករជំនាញដែលមិនមានគុណភាពតាមស្តង់ដាររបស់អាស៊ាន ដែលយោងទៅលើគុណភាពរបស់ពលករនៅប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីជាដើម។
ប្រទេសកម្ពុជាមានប្រជាជនចំនួនជាង១៤លាននាក់ ក្នុងនោះភាគច្រើនគឺជាកសិករ។ ហើយវិស័យឧស្សាហកម្មរបស់កម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងលើការវិនិយោគពីក្រៅប្រទេស។ មួយវិញទៀត ការបង្កើតការងារនៅក្នុងស្រុកកំពុងស្ថិតនៅជាបញ្ហាចំណោទមួយ។ ពលករកម្ពុជាបានប្រថុយចេញទៅធ្វើការនៅប្រទេសជិតខាងដោយខុសច្បាប់ដើម្បីស្វែងរកប្រាក់កម្រៃខ្ពស់ និងដើម្បីគេចពីភាពឥតការងារធ្វើ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ត្រឡប់មកប្រទេសកម្ពុជាវិញជាង២០ម៉ឺននាក់រួចទៅហើយ។ហើយចំនួននេះនឹងកើនឡើងច្រើនជាងនេះ។
លោកធន់ សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកមើលឃើញថា កម្ពុជាបានទទួលផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចខ្លះដែរ នៅពេលដែលពលករកម្ពុជាស្របច្បាប់មានភាពងាយស្រួលជាងមុនក្នុងការផ្លាស់ទៅធ្វើការជាកម្មករនៅប្រទេសសមាជិកអាស៊ាន។
ប៉ុន្តែកម្ពុជាហាក់ដូចជាមិនទាន់បានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទីផ្សារសេរីរបស់អាស៊ាន ក្រោយពីប្រទេសទាំងដប់បង្កើតសហគមន៍សេដ្ឋកិច្ចតែមួយនោះ។
«ខ្ញុំមានការព្រួយបារម្ភថា ផលិតផលយើងមួយចំនួននឹងត្រូវក្ស័យធនវិញដោយសារការប្រកួតប្រជែងពីខាងក្រៅដែលជាប្រទេសក្នុងតំបន់អាស៊ាន»។
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥គឺជាគោលដៅមួយដែលគេអាចមើលឃើញថា ប្រទេសជាសមាជិកទាំងដប់នឹងបង្កើតបាននូវកម្លាំងនយោបាយតំបន់មួយមានឥទ្ធិពលខ្លាំងជាងមុន ហើយវិស័យសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ក៏នឹងត្រូវពង្រឹងដូចគ្នារវាងបណ្តាប្រទេសសមាជិកទាំងដប់។
ប៉ុន្តែលោកធន់ សារ៉ាយផ្តល់យោបល់ថា កម្ពុជាត្រូវពង្រឹងគុណភាពកម្មករជំនាញចាប់ពីពេលនេះតទៅ។ ហើយកម្ពុជាត្រូវតែពង្រឹងគុណភាពអប់រំផ្នែកភាសាបរទេសដល់ពលករជំនាញរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា លើកឡើងថា កម្ពុជាបានទទួលផលចំណេញផ្នែកកម្លាំងនយោបាយក្នុងការចូលជាសមាជិកអាស៊ាននាពេលកន្លងមកដោយសារតែប្រទេសកម្ពុជាជាប្រទេសតូចហើយត្រូវពង្រឹងកម្លាំងជាមួយប្រទេសដទៃ។
«សេដ្ឋកិច្ចក៏របៀបហ្នឹងដែរ ពីព្រោះថា ការវិនិយោគនៅស្រុកខ្មែរគឺសម្រាប់បម្រើទីផ្សារនៅអាស៊ានទាំងមូល»។
លោកបណ្ឌិតម៉ី កល្យាណទទួលស្គាល់ថា កម្ពុជានៅមានកម្រិតប្រកួតប្រជែង ក្រោយពីកម្ពុជាចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ ក៏ប៉ុន្តែលោកគិតថា នោះគឺដោយសារកម្ពុជាទើបនឹងចប់សង្គ្រាមមិនអាចរឹងមាំដូចប្រទេសជិតខាង ដូចជាថៃ និងវៀតណាមនោះទេ។
លោកបណ្ឌិតម៉ី កល្យាណយល់ថា ការពង្រឹងគុណភាពប្រកួតប្រជែងរបស់កម្ពុជាត្រូវការពេលវេលាបន្ថែមតែប៉ុណ្ណោះ៕