អាស៊ានបានកំណត់កាលបរិច្ឆេទរបស់ខ្លួនថានឹងកសាងសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមបណ្តាប្រទេសជាសមាជិកខ្លួនឲ្យបាន។ ប៉ុន្តែមន្ត្រីកាទូតនិងអ្នកវិភាគយល់ថាវិបត្តិនយោបាយផ្ទៃក្នុងនិងទំនាស់ព្រំដែនរវាងសមាជិកអាស៊ានអាចប៉ះពាល់ដល់សមាហរណកម្មកម្រិតតំបន់មួយនេះ។
អាស៊ាននៅមានបញ្ហាសន្តិសុខនិងនយោបាយផ្ទៃក្នុងច្រើនដែលអាចប៉ះពាល់ដល់សមាហរណកម្មរបស់ខ្លួននៅចុងឆ្នាំ២០១៥ នេះបើតាមមន្ត្រីការទូតជាន់ខ្ពស់អាស៊ានម្នាក់។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា«អាស៊ាន»ដែលមានសមាជិកចំនួន១០ប្រទេសបានដាក់កាលបរិច្ឆេទថានឹងសម្រេចឲ្យបានសមាហរណកម្មរបស់ខ្លួនក្នុងផ្នែកសេដ្ឋកិច្ច សង្គមវប្បធម៌ និង សមាហរណកម្មនយោបាយសន្តិសុខនៅចុងឆ្នាំក្រោយនេះ។
លោកបណ្ឌិត Hassan Wirajuda ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជានិងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ីបានថ្លែងក្នុងសន្និសីទមួយដែលរៀបចំឡើងដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពនៅថ្ងៃច័ន្ទនេះថា ការណ៍ដែលអាស៊ាននៅមានបញ្ហានយោបាយសន្តិសុខគឺដោយសារបញ្ហាគម្លាតនយោបាយក្នុងចំណោមរដ្ឋជាសមាជិករបស់ខ្លួន។
«ដោយសារតែភាពខុសគ្នានៃប្រទេសជាសមាជិកអាស៊ានជុំវិញការវិវឌ្ឍនយោបាយរបស់ប្រទេសខ្លួន ដែលខ្លះជាប្រទេសប្រជាធិបតេយ្យ ខ្លះពាក់កណ្ដាលប្រជាធិបតេយ្យ និងខ្លះទៀតជារដ្ឋាភិបាលផ្ដាច់ការ ដែលធ្វើឱ្យសមាហរណកម្មនយោបាយសន្តិសុខជាប្រធានបទរសើបរបស់សមាជិកខ្លះ។ ប៉ុន្តែតាំងពីធម្មនុញ្ញអាស៊ាននិងគោលដៅអាស៊ានត្រូវបានអនុម័ត យើងមានការឈានទៅមុខគួរឲ្យកត់សម្គាល់ ថ្វីបើមិនលឿនដូចអ្វីដែលយើងចង់បានក៏ដោយ»។
បញ្ហាសន្តិសុខនិងនយោបាយរបស់អាស៊ាន ត្រូវគេមើលឃើញថាបានជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយបញ្ហាសិទ្ធិមនុស្សនិងការត្រលប់ក្រោយនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសជាសមាជិកមួយចំនួន ដូចជាការឡើងកាន់អំណាចដោយរបបយោធានៅប្រទេសថៃ ការបញ្ជូនពលករខ្មែរពីប្រទេសថៃដោយបង្ខំ និងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជានិងម៉ាឡេស៊ី និងទំនាស់ជនជាតិភាគតិចក្នុងប្រទេសភូមាជាដើម។ក្រៅពីទំនាស់ផ្ទៃក្នុង អាស៊ាននាពេលកន្លងមកក៏បានអាកខានក្នុងការដោះស្រាយទំនាស់រវាងរដ្ឋជាសមាជិកខ្លួនផងដែរ ដូចជាទំនាស់សមុទ្រចិនខាងត្បូង និងទំនាស់ជុំវិញប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃដែលវិវត្តទៅជាអំពើហិង្សាតាមព្រំដែនជាដើម។
លោក Hassan Wirajuda បានអត្ថាធិប្បាយដោយប្រុងប្រយ័ត្នថាប្រសិនបើបញ្ហាទាំងនោះនៅតែបន្ត វាអាចប៉ះពាល់ដល់សមាហរណកម្មអាស៊ាននាពេលខាងមុខ។
«យើងត្រូវតែដោះស្រាយបញ្ហាអ្វីគ្រប់បែបយ៉ាងរួមបញ្ចូលទាំងជម្លោះព្រំដែនដែលប្រទេសជាសមាជិកយើងមួយចំនួនកំពុងជួបប្រទះ និងព្យាយាមដោះស្រាយដោះសន្តិវិធី។ កុំបន្តបញ្ហាទាំងនោះដល់មនុស្សជំនាន់ក្រោយ។ នេះជាគោលការណ៍ដែលប្រទេសឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់បើមិនដូច្នេះទេ យើងមិនមិនអាចបង្កើតសហគមន៍ដែលរឹងមាំនិងប្រកបដោយសាមគ្គីភាពមួយក្នុងចំណោមពួកយើងបានទេ»។
យ៉ាងណាក៏ដោយអ្នកការទូតនេះបានកត់សំគាល់ថាថ្វីបើមានការយឺតយ៉ាវ អាស៊ានមានការវិវត្តជាជំហានៗសម្រាប់បញ្ហានយោបាយសន្តិសុខនេះ ដែលលោកបានលើកជាឧទាហរណ៍ថាប្រទេសជាសមាជិកអាស៊ានមានការអធ្យាស្រ័យនិងនិយាយពីបញ្ហានយោបាយនិងសិទ្ធិមនុស្សជាមួយគ្នាដោយបើកចំហជាងមុន។
លោក ពូ សុធីរៈ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព ក៏បានអះអាងថាអាស៊ាននៅមានបញ្ហានយោបាយផ្ទៃក្នុងនិងទំនាស់ក្នុងតំបន់ច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែលោកយល់ថាអាស៊ានមិនគួរពន្យាកាលបរិច្ឆេទនៃសមាហរណកម្មរបស់ខ្លួនដោយសារវិបត្តិទាំងអស់នេះទេ។
«ថ្នាក់ដឹកនាំអាស៊ានគេកំណត់យកថ្ងៃហ្នឹងហើយ មិនអាចលើកទេ ប៉ុន្តែគេបន្តធ្វើទៀត គេមិនបានឈប់ធ្វើត្រឹមប៉ុណ្ណឹងឯណា។ មិនមែនមានតែខ្មែរយើងទេដែលតាមគេមិនទាន់ ប្រទេសឡាវ ប្រទេសភូមា វៀតណាម។ យើងត្រូវប្រឹងថែមទៀតទៅ។យើងធ្វើម៉េចសម្រេចឱ្យបានយើងត្រូវប្រឹងជាមួយគេទៅ។ ការកសាងសមាហរណកម្មអាស៊ានដូចជារទេះភ្លើងមួយអញ្ចឹង បើយើងមិនធ្វើអ្វីទេ វាហ្នឹងបើកទៅចោលយើងហើយ»។
លោក កុយ កួង អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជាមិនអាចទំនាក់ទំនងដើម្បីស្នើអត្ថាធិប្បាយបានទេនៅថ្ងៃនេះ៕