ប្រទេសកម្ពុជានិងប្រទេសដទៃទៀតជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវតែយកចិត្តទុកដាក់ផ្តល់ការការពារដល់ពលករចំណាកស្រុកទាំងអ្នកមានឯកទេសនិងអ្នកមិនមានឯកទេស ដើម្បីកុំឱ្យពួកគេរងការរំលោភបំពាននានា។ នេះបើតាមការស្នើឡើងរបស់អ្នកតំណាងរាស្រ្ត។
លោកស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តទទួលបន្ទុកកិច្ចការនារី កុមារ និង ពលករចំណាកស្រុក នៃខុទ្ទកាល័យប្រធានក្រុមសំឡេងភាគតិចបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេកាលពីខែមេសាថា៖
«អ្វីដែលជាការព្រួយបារម្ភហើយជាការជាក់ស្តែងគឺ ពលករដែលចំណាកស្រុកហើយអត់មានឯកទេសបច្ចេកទេសការចេះដឹងជាពិសេសស្ត្រីគឺជាពលករដែលអត់មានការការពារ។ ហើយភាគច្រើនគឺជាពលករដែលមកតាមមេខ្យល់ ដែលមកតាមទូក ដែលគេដាក់តាមរទេះភ្លើង មកតាមឡានហើយដើរចំណាកស្រុកដោយគ្មានការទីពឹងនៅក្នុងប្រទេសរបស់ខ្លួន»។
ប្រទេសជាសមាជិកអាស៊ាន មានប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីញ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប្រទេសទាំងនេះនឹងចងជាសហគមន៍តែមួយនៅដំណាច់ឆ្នាំ២០១៥។ ប្រទេសកម្ពុជា ឡាវ មីញ៉ាន់ម៉ា និងវៀតណាមត្រូវបានគេចាត់ទុកថាជាសមាជិកថ្មីដែលត្រូវបានទទួលការយកចិត្តទុកដាក់។
លោកស្រីមូរ សុខហួរបានបន្ថែមថាតាមគោលការណ៍ដែលមាននាពេលបច្ចុប្បន្នគឺក្រោយពីអាស៊ានធ្វើសមាហរណកម្មគឺសហគមន៍នេះផ្តល់តែការការពារដល់កម្មករដែលមានឯកទេសប៉ុណ្ណោះ។
«អ្វីដែលយើងជាខ្មែរក៏ ដូចជាលាវ ប្រទេសភូមាដែលមិនអាចចំណេញពីជើងមេឃអាស៊ានបើកចំហរនៅឆ្នាំ២០១៥គឺប្រទេសយើងជាប្រទេសដែលផ្តល់ពលករចំណាកស្រុកដែលអត់មានឯកទេស»។
មានពលករកម្ពុជាជាងមួយលាននាក់កំពុងធ្វើការទាំងស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងកូរ៉េខាងត្បូង។
ក្រុមអង្គការសង្គមស៊ីវិលនិងអ្នកតំណាងរាស្រ្តមកពីប្រទេសជាសមាជិកអាស៊ានបានមកជួបជុំគ្នាកាលពីចុងខែមេសានៅទីក្រុងគួឡាឡំពួរប្រទេសម៉ាឡេស៊ីដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់ពលករទាំងនោះដែលរួមមានការការពារទាំងសិទ្ធិសេរីភាពនៅក្នុងសេដ្ឋកិច្ច សិទ្ធិសេរីភាពសង្គម និងសិទ្ធិសេរីភាពនយោបាយ។ ក្នុងនោះក៏មានទាមទារឱ្យបានប្រាក់ខែសមរម្យដែលអាចចិញ្ចឹមខ្លួននិងក្រុមគ្រួសារបាន សិទ្ធិបង្កើតសហជីព បញ្ចេញមតិនិងសេវាសង្គមផងដែរ ។
លោកស្រី មូរ សុខហួរបានបន្ថែមថា៖
«អញ្ចឹងហើយបានជាយើងជាសង្គមស៊ីវិល យើងអ្នកតំណាងរាស្រ្តដែលគិតពីផលប្រយោជន៍រួមគឺមិនអាចអាស៊ានគិតតែពី សេដ្ឋកិច្ច។ បញ្ហាគឺបញ្ហាធំគឺអាស៊ានគិតតែពីសេដ្ឋកិច្ចគិតតែពីផ្សារបើកចំហរជើងមេឃនោះគឺនិយាយតែពីអ្វីដែលពាក់ព័ន្ធនឹងបច្ចេកទេស។ អ្វីដែលពាក់ព័ន្ធនឹងថវិកាធំៗ វិនិយោគធំៗហើយភ្លេចតាំងពីកម្មកររបស់យើងដែលអត់មានជំនាញ ភ្លេចកសិកររបស់យើងដែលអត់មានបច្ចេកទេសនិងលក់កសិផលរបស់គ្នា»។
នៅថ្ងៃច័ន្ទនេះ មានពលករខ្មែរដែលត្រូវគេបោកប្រាស់ឱ្យទៅធ្វើកម្មករនេសាទចំនួន៥៩នាក់បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នៅមានអ្នកនេសាទចំនួន៦៨នាក់ទៀតដែលរដ្ឋាភិបាលកម្ពុជានិងអង្គការទេសន្តរប្រវេសន៍អន្តរជាតិកំពុងសហការជាមួយនឹងអាជ្ញាធរឥណ្ឌូនេស៊ីដើម្បីបញ្ជូនពួកគេត្រឡប់មកវិញដែរ៕