ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី​មូរ សុខហួរ៖ កូន​អ្នកក្រ​ធ្វើ​ចំណាកស្រុក​និង​ទទួល​រង​ការ​រំលោភ​សិទ្ធិ


ពលករ​ខ្មែរ​ង់​ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលីស​ស្រុក​អារញ្ញប្រទេស​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។
ពលករ​ខ្មែរ​ង់​ចាំ​ឯកសារ​នៅ​ការិយាល័យ​ប៉ូលីស​ស្រុក​អារញ្ញប្រទេស​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥។

ពលរដ្ឋ​កម្ពុជា​ពេញ​កម្លាំង​ពលកម្ម​ដែល​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅប្រទេស​ជិតខាងនិងក្នុង​តំបន់​បាន​នាំ​មក​នូវ​ទឹក​ប្រាក់​ដែល​រកបាន​មួយ​ចំនួន​ដើម្បី​ចូលរួម​ចំណែក​ដល់​សេដ្ឋកិច្ច​កម្ពុជា​ប៉ុន្តែ​ក៏មាន​ផល​ប៉ះពាល់​ដល់​ការធ្វើ​កសិកម្ម​ក្នុងស្រុក​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះជាតិ។

លោកស្រី​មូរ សុខហួរ​ អ្នក​តំណាងរាស្រ្ត​ដែល​ទទួល​បន្ទុក​កិច្ចការ​នារី កុមារ​និង​ពលករ​ចំណាកស្រុក​នៃ ខុទ្ទកាល័យ​ ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៃ​រដ្ឋ​សភាជាតិ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ជា​រឿយៗ​ពលករ​ទាំងនោះ​រង​នូវ​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ពួកគេ។​

លោក​ស្រី បន្ថែម​ថា៖ «គ្នាខំ​ធ្វើ​ចំណាកស្រុក​ហើយ​ប៉ុន្តែ​ទម្រាំ​តែ​បានគឺចាញ់​បោក​ក្រុមហ៊ុន​នៅ​ទីនេះ​ផង។ សេវា​ក៏ត្រូវ​តែ​ចេញ​ដោយ​ខ្លួន​ឯង​ផង។ ទម្រាំ​តែ​ទៅ​ដល់​បាន​ការងារ​ធ្វើ​នៅ​ប្រទេស​ជិត​ខាង​ នៅ​ប្រទេស​ម៉ាឡេស៊ី ឬ​ ប្រទេស​កូរ៉េ​នោះ​គឺ​នៅ​មាន​កំណត់​ទៀត​ក្នុង​ការ​ដែល​គ្នា​ទទួល​បាន​នូវ​សុវត្ថិភាព​គ្រប់​គ្រាន់‍»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

មាន​ពលករ​ខ្មែរ​ជាង​មួយ​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េ​និង​ជប៉ុន​ដោយ​សារ​ខ្វះ​ដី​ប្រកប​របរ​កសិកម្ម​ ធ្វើ​កសិកម្ម​បាន​ហើយ​តែ​ផលិតផល​ខ្វះ​ទីផ្សារ​ អត់​មាន​ការងារ​ធ្វើ​ឬ​ការងារ​ដែល​មាន​គឺមិន​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​ជាដើម។ ពួកគេ​មួយ​ចំនួន​ត្រូវ​ទុកកូនចោល​ឱ្យ​នៅ​ជាមួយ​យាយតា ហើយ​ក៏​មាន​មួយ​ចំនួន​ត្រូវ​ជំពាក់​បំណុល​ធនាគារ​ផងដែរ។

លោកស្រី មូរ សុខហួរ​បាន​បន្ថែម​ថា៖​

«អ្វី​ដែល​ធំ​បំផុត​នោះ​គឺ​យើង​ឃើញ​ថា ​កម្មករ​ដែល​ទៅ​ធ្វើ​ចំណាកស្រុក​នោះ​គឺ​ជា​កូន​កសិករ​ភាគច្រើន។ នេះ​មាន​ន័យ​ថា​ បញ្ហា​របស់​យើង​គឺ​កសិកម្ម​នៅ​ប្រទេស​ជាតិ​យើង​គឺ​មិន​អាច​ឱ្យ​កូន​កសិករ​ធ្វើស្រែ​ធ្វើ​ចម្ការ​‍»។​

ពលករ​ដែលធ្វើ​ចំណាកស្រុក​ទៅ​ថៃ​ទៅ​ធ្វើ​កម្មករ​គេ ​នៅ​តាម​ស្រែ​ចម្ការ​គេ​អាច​រក​ប្រាក់​បាន​យ៉ាង​ហោច​ណាស់​ជិត​១០​ដុល្លារ​ក្នុង​មួយថ្ងៃ។

លោកស្រី​មូរ សុខហួរ
លោកស្រី​មូរ សុខហួរ

លោកស្រី​មូរ សុខហួរ​យល់​ថា​វិធី​ដែល​ល្អ​គឺ​ការ​បង្កើត​ការងារ​នៅ​ក្នុង​ស្រុក​ដើម្បី​ដោះស្រាយ​បញ្ហា​យុវជន​រាប់​សិប​ម៉ឺននាក់​ដែល​ដល់​អាយុ​ត្រូវ​ធ្វើការ​ក្នុង​មួយឆ្នាំ‍ៗ។​

ប៉ុន្តែ​លោកស្រីព្រមាន​ថា៖​ «មិន​មែន​ត្រឹម​តែ​បាន​ការងារ​ហ្នឹង​ចប់​រឿង​ទេ។ ត្រូវ​ទទួល​បាន​ការងារ​សមរម្យ​ប្រាក់​ឈ្នួល​សមរម្យ‍»។

ក្នុង​ពេល​ទន្ទឹម​គ្នា​នោះ​ដែរ​លោកស្រី​យល់​ថា ​កម្ពុជា​គួរ​មាន​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​បញ្ជូន​ពលករ​ទៅក្រៅ​ប្រទេស​ដើម្បី​រក្សា​តុល្យភាព​នៃ​កម្លាំង​ពលកម្មនិង​ប្រាក់​ដែល​ពលករ​ទាំងនោះ​រក​បាន​ដើម្បី​ផ្ញើ​មក​ឱ្យ​ក្រុម​គ្រួសារ​របស់​គេ​វិញ។​

«យើង​ត្រូវ​បែងចែក​ពលករ​របស់​យើង។ បើ​ពលករ​ដែល​ទៅ​ប្រទេស​កូរ៉េ​ឬ​ប្រទេស​ជប៉ុន​បាន​កម្រៃ​ខ្ពស់​ដូច្នេះ​គ្នា​ចិញ្ចឹម​ជីវិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ឬជប៉ុន​ហើយ​គ្នា​អាច​មាន​ប្រាក់​សល់​ផ្ញើ​មក​ឱពុក​ម្តាយ‍»។​

ក្រសួង​ការងារ​បាន​ឱ្យ​ដឹង​ថា​ជា​រៀងរាល់​ឆ្នាំ​ពលករ​និសន្តរប្រវេសន៍​កម្ពុជា​បាន​ផ្ញើ​ប្រាក់​ចំនួន​ជាង​១.០០០​លាន​ដុល្លារ​មក​ឱ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ៕

XS
SM
MD
LG