ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​បរិស្ថាន​ប្តេជ្ញា​ការពារ​ធន​ធាន​ធម្មជាតិ ​បើ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​រឹតត្បិត​


ក្រុមយុវជនបរិស្ថានថ្លែងក្នុងពិធីមួយ ក្រោយពីទទួលបានពានរង្វាន់ Right Livelihood 2023 នៅក្នុងហាងមួយកន្លែ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ក្រុមយុវជនបរិស្ថានថ្លែងក្នុងពិធីមួយ ក្រោយពីទទួលបានពានរង្វាន់ Right Livelihood 2023 នៅក្នុងហាងមួយកន្លែ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្រុម​យុវ​ជន​នៃ​មាតា​ធម្ម​ជាតិ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​បាន​បន្ត​ប្តេជ្ញា​ការពារ​ធន​ធាន​ធម្ម​ជាតិ បើ​ទោះ​បី​ជា​ពួក​គេ​នៅ​រង​ការ​បំភិត​បំភ័យ ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ក៏​ដោយ។

ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​សាទរ​ដែល​ក្រុម​យុវជន​ទាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​ Right Livelihood​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអ៊ែត។ ​ ពួក​គេ​គ្រោង​នឹង​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​នេះ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ​ប្រសិន​បើ​តុលាការ​កម្ពុជា​អនុញ្ញាត​ឱ្យ​ពួក​គេ​ចេញ​ក្រៅ​ប្រទេស​ ដោយ​សារ​បទ​ចោទ​ប្រកាន់​លើ​ពួកគេ​មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល។​

ក្រុម​យុវជន​បាន​រៀបចំ​ពិធី​អបអរ​សាទរ​មួយ ​នៅ​ក្នុង​ហាង​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី ២៨​ ខែ​កញ្ញា ដោយ​មាន​យុវជន​ប្រមាណ​ ៣០ ​នាក់​ចូល​រួម។​

កញ្ញា ​ឡុង គន្ធា ​អាយុ​២៥​ឆ្នាំ ​ដែល​ជា​យុវតី​ម្នាក់​នៃ​ចលនា​មាតា​ធម្មជាតិ ​និង​ធ្លាប់​ជាប់​ពន្ធនាគារ​ ​នៅ​តែ​ចាត់​ទុក​សកម្ម​ភាព​និង​យុទ្ធនាការ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្ម​ជាតិ ​មិន​ខុស​ច្បាប់ ​ដូច​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។ ​កញ្ញា​បន្ត​ថា​ បើ​ទោះ​បី​ជា​ក្រុម​របស់​កញ្ញា ​ដែល​រួម​មាន​លោក ​ថុន រដ្ឋា ​កញ្ញា ​ភួន កែវរស្មី លោក​ លី ​ចាន់ដារ៉ាវុធ ​ជា​ដើម​ បន្ត​រង​ការ​ចោទ​ប្រកាន់​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​មួយ​នេះ​នៅ​តែ​បន្ត​សកម្មភាព​ដដែល ​ដោយ​មិន​រា​ថយ​ក្នុង​ការ​ការ​ពារ​ធនធាន​ធម្ម​ជាតិ ​និង​ការ​ពារ​សិទ្ធិ​មនុស្ស។​

កញ្ញា ឡុង គន្ធា ជាយុវតីម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
កញ្ញា ឡុង គន្ធា ជាយុវតីម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

កញ្ញា​លើក​ឡើង​ថា៖ ​«នៅ​ពេល​ដែល​ថ្មីៗ​នេះ ​បន្ទាប់​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​លើក​ទី​ ៤ ពួក​យើង​បាន​ចេញ​ត្រឡប់​មក​វិញ ​ហើយ​បច្ចុប្បន្ន​ ពួក​យើង​ទាំង​ ៤ ​នាក់ ​គឺ​គ្រាន់​តែ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ទេ ​គឺ​យើង​កំពុង​តែ​នៅ​ជាប់​បទ​ចោទ​មួយ​ទៀត​ បទ​រួម​គំនិត​ក្បត់​ គឺ​យើង​នៅ​រង​ចាំ​ការ​ជំនុំ​ជម្រះ។ ​ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១០​ ឆ្នាំ»។​

បើ​តាមកញ្ញា​ ឡុង គន្ធា ​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ ​និង​ការ​កាត់​ដី​ឧទ្យាន​ជាតិ​ នៅ​តែ​មាន​ ខណៈ​រដ្ឋាភិបាល​មិន​ទាន់​ដាក់​កោះ​កុង​ក្រៅ​ក្នុង​ខេត្ត​កោះកុង​ជា​តំបន់​ការពារ​នៅ​ឡើយ។​ ចំណែក​បទ​ល្មើស​ព្រៃ​ឈើ​ក៏​នៅ​តែ​កើត​មាន ​បូក​រួម​ការ​គោរព​សិទ្ធិ​មនុស្សដែល​រដ្ឋ​មិន​ទាន់​ផ្តល់​ឱ្យ​បាន​ពេញ​លេញ​នៅ​ឡើយ។ ​កញ្ញា​ស្នើ​ទៅ​រដ្ឋា​ភិបាល​អាណត្តិ​ទី ៧ ​គិត​គូរ​អំពី​បរិស្ថាន​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​ពារ​ធនធាន​ធម្មជាតិ។​

កញ្ញា ​ឡុង គន្ធា ​សង្កត់​ធ្ងន់​ថា ​ក្រុម​យុវ​ជន​ចលនា​មាតា​ធម្ម​ជាតិ ​មិន​បាន​បម្រើ​និន្នាការ​បរ​ទេស ​ឬ​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ​កញ្ញា​បន្ថែម​ថា​ បើ​ទោះ​បី​ជា​រដ្ឋា​ភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ណា​ក៏​ដោយ ​បើ​មិន​គោរព​សិទ្ធិ​មនុស្ស ​និង​ការពារ​ធនធាន​ធម្មជាតិ​ទេ ​នោះ​ក្រុម​ចលនា​មាតា​ធម្មជាតិ​នៅ​តែ​បន្ត​លើក​ឡើង​ពី​ភាព​អ​សកម្ម​ទាំង​នោះ​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ។​

កញ្ញា​ថ្លែង​ថា៖​ «រដ្ឋា​ភិបាល​តែង​តែ​ចោទ​ថា​ យើង​យក​លុយ​បរទេស ​បម្រើ​ឱ្យ​ឆន្ទៈ​បរទេស ។ ខ្ញុំ​អត់​ដឹង​ថា​ តើ​បរទេស​ណា​ទេ។​ ហើយ​បើ​ថា​ យើង​និយាយ​ថា​ ការ​យក​លុយ​បរទេស​ គឺ​រដ្ឋាភិបាល​យក​លុយ​បរទេស​ច្រើន​មែន​ទែន។​ មួយ​ឆ្នាំៗ​ គឺ​រដ្ឋា​ភិបាល​យក​ជំនួយ​បរទេស​ច្រើន​ណាស់ ​ទាក់​ទង​ទៅ​នឹង​គម្រោង​ផ្សេងៗ ​ការ​ការ​ពារ​ព្រៃឈើ​ផង​ អី​ផង​ ​ប៉ុន្តែ​សួរ​ថា​ តើ​កម្រិត​នៃ​ការ​ការ​ពារ​បាន​ប៉ុណ្ណា? ហើយ​បើ​និយាយ​ថា​ ពួក​យើង​ធ្វើ​ការ​រាល់​ថ្ងៃ​ ធ្វើ​ការ​ដើម្បី​បម្រើ​ឆន្ទៈ​បរទេស​ បម្រើ​ប្រយោជន៍​បរទេស។ ​សួរ​ថាការ​ពារ​ធន​ធាន​ធម្មជាតិ​ដើម្បី​បរទេស ​ឬ​ដើម្បី​ខ្មែរ? ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តើ​ប្រទេស​កម្ពុជា​ជា​របស់​បរទេស​ ឬ​ក៏​ជា​របស់​ខ្មែរ?»

លោក ​ថុន រដ្ឋា ​អាយុ​៣១​ឆ្នាំ ​ជា​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ម្នាក់​ទៀត ​យល់​ថា ​រដ្ឋា​ភិបាល ​គួរ​តែ​មាន​មោទនភាព​ដែល​យុវជន​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​ការពារ​បរិស្ថាន​មួយ​នេះ។

លោក​ថ្លែង​ថា៖​ «ឥឡូវ​យើង​ទទួល​បាន​ពាន​សកល​ដ៏​ធំ​មួយ​ទៀត ​អ៊ីចឹង​យើង​ជឿ​ជាក់​ថា​ រដ្ឋាភិបាល​ក៏​គួរ​មាន​មោទក​ភាព​ជាមួយ​និង ​កូន​ខ្មែរ​ក៏​គួរ​មាន​មោទនភាព​ជាមួយ​ក្រុម​យុវជន​ ដែល​សុទ្ធ​សឹង​តែ​ជា​យុវជន ​ប៉ុន្តែ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ពិភព​លោក។ ​យើង​សង្ឃឹម​ថា ​បទ​ចោទ​ទាំង​អស់​លើ​សកម្ម​ជន​មាតា​ធម្ម​ជាតិ​នឹង​ទម្លាក់​ចោល»។

លោក ថុន រដ្ឋា ជាយុវជនម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ថុន រដ្ឋា ជាយុវជនម្នាក់នៃចលនាមាតាធម្មជាតិ ថ្លែងក្នុងពិធីមួយក្រោយទទួលបានពានរង្វាន់ Right Livelihood 2023 រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ ថុន រដ្ឋា​ លើក​ឡើង​ថា ​ពាន​រង្វាន់ Right Livelihood​ ដែល​ក្រុម​យុវ​ជន​ទទួល​បាន​នេះ ​មិន​មែន​សម្រាប់​ក្រុម​ចលនា​មាតា​ធម្ម​ជាតិ​ទេ​ តែ​ជា​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​មូល។​

បើ​ទោះ​ប្រឈម​ការ​រឹត​ត្បិត​ ក្រុម​ចលនា​មាតា​ធម្ម​ជាតិ ​ដែល​រួម​មាន​លោក ​ថុន រដ្ឋា ​កញ្ញា​ ឡុង គន្ធា ​កញ្ញា ​ភួន​ កែវរស្មី ​និង​លោក​ ​លី ​ចាន់ដារ៉ាវុធ ​នៅ​តែ​ប្តេជ្ញា​បន្ត​សកម្ម​ភាព​របស់​ពួកគេក្នុង​ការការ​ពារ​ធនធាន​ធម្មជាតិ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​កញ្ញា ​ក្នុង​ពិធី​អបអរ​សាទរ​ទទួល​ពាន​រង្វាន់​ថ្មី។​

លោក ​ប៉ែន បូណា ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល ​ប្រាប់​វីអូអេ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​មាន​គោល​នយោបាយ​ច្បាស់​លាស់​ចំពោះ​ការ​អភិវឌ្ឍ​អ្វី​មួយ ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​សម្រាប់​ជាតិ ​និង​ប្រជា​ពលរដ្ឋ។​

លោក​ថ្លែង​ថា៖​ «រាជ​រដ្ឋា​ភិបាល​ត្រូវ​ការ​ទាញ​យក​[ផល​ប្រយោជន៍]​ ឧទាហរណ៍​អគ្គិសនី ​ទាញ​យក​ទេសចរណ៍​ ទាញ​យក​ផល​ប្រយោជន៍​ផ្សេងៗ​ពី​តំបន់​ណា​ដែល​គេ​គិត​ថា ​ទទួល​បាន​ផល​ប្រយោជន៍​ គួរតែ​អភិវឌ្ឍ។ ​ប៉ុន្តែ​មាន​សកម្ម​ជន​ដែល​តាំង​ខ្លួន​ជាសកម្ម​ជន​យល់​ឃើញ​ផ្ទុយ​ តាម​ចិត្ត​ដែល​ខ្លួន​ចង់​ឃើញ​ទៅ​ជា​ថា ​ការ​អភិវឌ្ឍ​ទៅ​ជា​ប៉ះ​ពាល់​បរិស្ថាន​អី។ ​អាហ្នឹង​ជា​ការ​យល់​ឃើញ​របស់​គាត់ ​ប៉ុន្តែ​ត្រូវ​យល់​ថា ​រាជ​រដ្ឋា​ភិបាល​ក៏​មាន​គោល​ការណ៍​ គោល​នយោបាយ​ច្បាស់​លាស់​ ធ្វើ​សកម្ម​ភាព​អភិវឌ្ឍ​ប្រទេស​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ជូន​ប្រទេស​ជាតិ ​និង​ប្រជាជន​ដែរ»។​

បើ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ ​ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​ និង​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ស្រប​តាម​ច្បាប់ ​ប៉ុន្តែ​មិន​អាច​រំលោភ​បំពាន​សិទ្ធិ​អ្នក​ដទៃ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ និង​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​សន្តិ​សុខ​ជាតិ។​

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣ ​មក ​ក្រុម​ចលនា​មាតា​ធម្មជាតិ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ​ដោយរួម​មាន​ យុទ្ធនាការ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង ​យុទ្ធនាការ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ យុទ្ធនា​ការ​ប្រឆាំង​នឹង​ការ​បង្ហូរ​ទឹក​កង្វក់​នៅ​ខេត្ត​ព្រះ​សីហនុ ​បញ្ហា​សំរាម​ ការ​សាង​សង់​អគារ​រំលោភ​លើ​ឆ្នេរ​សមុទ្រ ​និង​ការ​លុប​បឹង​នានាក្នុង​រាជ​ធានី​ភ្នំពេញ​ជាដើម។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ។​

សកម្ម​ជន​បរិស្ថាន​ទាំង​នោះ ​ក៏​កំពុង​ប្រឈម​នឹង​បទ​ចោទ​របស់​តុលាការ ​ក្នុង​សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើយ។​ នេះ​បើ​យោង​តាម​សកម្មជន៕

XS
SM
MD
LG