ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវការ​ឯកសារ​បន្ថែម​អំពី​ផល​ប៉ះពាល់​ឆ្លង​ដែន​នៃ​គម្រោង​ទំនប់​ប៉ាក់ បេង​របស់​ឡាវ


ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩​ខាងមុខ​មុខនេះ។ (ស៊ុន ណារិន/VOA)
ទំនប់វារី​អគ្គិសនី​សាយ៉ាប៊ូរី​របស់​ឡាវ ដែល​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០១៩​ខាងមុខ​មុខនេះ។ (ស៊ុន ណារិន/VOA)

លោក សូ សុភ័ទ្ទ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កម្ពុជា​កំពុង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ឯកសារ​ដែល​ផ្តល់​ដោយ​ភាគី​ឡាវ។

កន្លង​ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ​បាន​ថ្លែង​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ថ្មី​ ឈ្មោះ​ថា​ ប៉ាក់ បេង​ ​(Pak Beng)​ ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​១.៥០០​គីឡូម៉ែត្រ ​ពី​ប្រទេស​កម្ពុជា។​

ខណៈ​ការ​ពិភាក្សា​លើក​ទី២​ ​ស្តី​អំពី​ទំនប់​វារីអគ្គិសនី ​ប៉ាក់ បេង​ ​ខិត​ជិត​មក​ដល់​ អ្នក​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ បាន​បន្ត​លើក​ឡើង​ពី​ក្តី​បារម្ភ​លើ​គម្រោង​ទំនប់​វារី​អគ្គិសនី​មួយ​នេះ បន្ថែម​លើ​ទំនប់​ពីរ​របស់​ឡាវ​ដែល​កំពុង​សាងសង់ គឺ​ទំនប់​សាយ៉ាប៊ូរី និង​ ដន សាហុង។ ចំណែក​ភាគី​កម្ពុជា​បាន​អះអាង​ថា ឯកសារ​សំណើ​របស់​ប្រទេស​ឡាវ នៅ​ខ្វះ​ខាត​ឯកសារ​ស្តីពី​ផល​ប៉ះពាល់​ឆ្លងដែន​នៃ​គម្រោង​មក​លើ​ប្រទេស​ដទៃ​ទៀត​នៅ​ទន្លេ​មេគង្គ។

លោក សូ សុភ័ទ្ទ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ​កម្ពុជា​កំពុង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ឯកសារ​ដែល​ផ្តល់​ដោយ​ភាគី​ឡាវ នៅ​មុន​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ​ដែល​មាន​តួនាទី​សម្រប​សម្រួល​លើ​ការ​អភិវឌ្ឍ​នានា​នៅ​ទន្លេ​មេគង្គ ​រៀប​ចំ​វេទិកា​ពិភាក្សា​ជា​លើក​ទី២ នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វៀងច័ន្ទ​នៃ​ប្រទេស​ឡាវ។

ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា​ តាម​ការ​ពិនិត្យ​ជា​បឋម ​កម្ពុជា​យល់​ថា ​ភាគី​ឡាវ​នៅ​ខ្វះ​ឯកសារ ​ទាក់ទង​នឹង​ផល​ប៉ះពាល់​ឆ្លងដែន។

លោក​បាន​ប្រាប់ VOA​ ថា៖

«ជា​រួម​ យើង​ពិនិត្យ​ឃើញថា​ ឯកសារ​ដែល​ភាគី​ឡាវ​ផ្តល់​ជូន​ហ្នឹង នៅ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ដែរ​ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ផល​ប៉ះពាល់​ឆ្លងដែន​មក​ក្រោម​កម្ពុជា​យើង​នេះ។ យើង​ក៏​ចង់​ឃើញ​អំពី​ផល​ប៉ះពាល់​ជា​បណ្តុំ​ ដោយ​សារ​តែ​នៅ​លើ​ទន្លេ​មេគង្គ​មាន​គម្រោង​ទាំងអស់​១១។ អញ្ចឹង​យើង​ចង់​ដឹង ចង់​ឃើញ​អំពី​ផល​ប៉ះពាល់​ជា​បណ្តុំ​មក​លើ​ជលសាស្រ្ត​ មក​លើ​ជលផល មក​លើ​កំណក​កករ​ដី ​គុណភាព​ទឹក បរិស្ថាន ​អេកូឡូស៊ី​ជា​ដើម»។

ទិដ្ឋភាព​ទន្លេ​មេគង្គ​ពេល​ថ្ងៃលិច​នៅ​ឡួងព្រះបាង ប្រទេស​ឡាវ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១។
ទិដ្ឋភាព​ទន្លេ​មេគង្គ​ពេល​ថ្ងៃលិច​នៅ​ឡួងព្រះបាង ប្រទេស​ឡាវ កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១។

​លោក សូ សុភ័ទ្ទ បាន​បន្ត​ថា ​កម្ពុជា​នឹង​ផ្ញើ​ការ​ឆ្លើយ​តប​មួយ​ទៅ​កាន់​ភាគី​ឡាវ ឲ្យ​ពិចារណា​បន្ថែម​ទៀត​លើ​គម្រោង​សាងសង់​ទំនប់​នេះ ដែល​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​ ក្រោយ​បញ្ចប់​នីតិវិធី​ជូន​ដំណឹង​ និង​ពិគ្រោះ​យោបល់ (ហៅ​កាត់​ថា​ PNPCA) ​ដែល​រៀប​ចំឡើង​ដោយ​គណៈកម្មការ​ទន្លេ​មេគង្គ។

លោក​បញ្ជាក់​បន្ថែម​ថា​ ប្រទេស​ទាំង​៤​នៅ​តំបន់​ទន្លេ​មេគង្គ គឺ​ថៃ​ ឡាវ កម្ពុជា និង​វៀតណាម ក៏​កំពុង​តែ​ពិភាក្សា​ឲ្យ​បញ្ចូល​ចំណុច​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លងដែន ទៅ​ជា​ក្រប​ខណ្ឌ​ច្បាប់​ ដើម្បី​ឲ្យ​ប្រទេស​ទាំង​អស់​អនុវត្ត​តាម​ នៅ​ពេល​មាន​ការ​ស្នើ​សុំ​សាងសង់​ទំនប់​នៅ​ទន្លេ​មេគង្គ។

ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង​ (Pak Beng dam) ​នឹង​អាច​ផ្ដល់​ថាមពល​អគ្គិសនី​ ប្រមាណ​៩១២​មេហ្គាវ៉ាត់​ និង​មាន​តម្លៃ​ប្រមាណ​២.៣៧២​លាន​ដុល្លារ​អាមេរិក។​ វា​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១.៥៤០ គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ឡាវ។​ ការ​សាងសង់​ទំនប់​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤។

មន្ត្រី​ឡាវ​បាន​ធ្លាប់​លើក​ឡើង​ថា​ ប្រទេស​ឡាវ​ត្រូវ​ការ​ថាមពល​អគ្គិសនី​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ដើម្បី​លើក​តម្កើង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅ​ដល់​៧,៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០២០។

រដ្ឋាភិបាល​នៃ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ក្នុង​នោះ​មាន​ការ​លក់​ថាមពល​ទៅ​ឲ្យ​ប្រទេស​ថៃ​ចំនួន​៩.០០០ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០២៥​ ប្រទេស​កម្ពុជា​ចំនួន​១.៥០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥ និង​ប្រទេស​វៀតណាម​ចំនួន​៥.០០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០៣០។

លោក​ ដាវង់ ផនកែវ​ (Daovong Phonekeo)​ ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​ ​បាន​ថ្លែង​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​អង្គារ​ថា ​មិន​មាន​ការ​ព្រួយ​បារម្ភ​ថ្មី​ណា ទាក់ទង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​ប៉ាក់​ ​បេង នោះ​ទេ ដោយ​សារ​គម្រោង​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី​ ដែល​កំពុង​សាងសង់ និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៩។

​លោក ដាវង់ ផនកែវ បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ ​«សម្រាប់​ជំហរ​របស់​យើង​លើ​ទំនប់​ប៉ាក់ បេង គឺ​យើង​គាំទ្រ​ឲ្យ​មាន​ការ​ស្ថាបនា​គម្រោង​នេះ។​ ខ្ញុំ​គិត​ថា ​មិន​មាន​ការ​ព្រួយ​បារម្ភ​ថ្មី​ទេ។​ ខ្ញុំ​គិត​ថា​ ការ​ព្រួយបារម្ភ​ចម្បង​ ​គឺ​ជា​ការ​សម្រប​សម្រួល​រវាង​គម្រោង​នេះ​ ​និង​គម្រោង​សាយ៉ាប៊ូរី»។

​លោក​ ​ដាវង់​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ រហូត​មក​ដល់​ពេល​នេះ​ ​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​ច្បាស់​លាស់​អំពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ប៉ាក់ បេង នៅ​ឡើយ​ទេ ដោយ​រង់ចាំ​បញ្ចប់​នីតិវិធី​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ហើយ​បន្ទាប់​មក​នឹង​ឈាន​ទៅ​ដល់​ដំណាក់កាល​ពិភាក្សា​រវាង​រដ្ឋាភិបាល​ឡាវ​ និង​ក្រុមហ៊ុន​ ​អំពី​កិច្ច​សន្យា​សម្បទាន។​

អ្នក​នេសាទ​ម្នាក់​បង្ហាញ​កូនត្រី​ដែល​ចាប់បាន​ពី​ទន្លេ​មេគង្គ។
អ្នក​នេសាទ​ម្នាក់​បង្ហាញ​កូនត្រី​ដែល​ចាប់បាន​ពី​ទន្លេ​មេគង្គ។

មុន​វេទិកា​ពិភាក្សា​ដែល​រៀបចំ​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ចាប់​ផ្តើម​ អង្គការ​ទន្លេ​អន្តរជាតិ​ (International Rivers) ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ទន្លេ​មេគង្គ​ ​និង​រដ្ឋាភិបាល​ក្នុង​តំបន់​ទន្លេ​មេគង្គ​ពន្យារ​ដំណើរការ​ពិគ្រោះ​យោបល់​ជា​មុន​ ​ដើម្បី​មាន​ពេល​វេលា​គ្រប់គ្រាន់​ ​បង្កើត​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ ​ដោយ​យោង​តាម​ទិន្នន័យ​ ​និង​ការ​វិភាគ​ថ្មីៗ។

តាម​អង្គការ​អន្តរជាតិ​មួយ​នេះ​ ​មនុស្ស​យ៉ាង​ហោច​ណាស់​៦.៧០០​នាក់​ ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​សារ​ការ​សាងសង់​ទំនប់​នេះ។​ ប្រសិន​បើ​មាន​ការ​សាងសង់ ទំនប់​នេះ​នឹង​មាន​ផល​ប៉ះពាល់​ច្រើន​ទៅ​លើ​សហគមន៍​ក្រៅ​តំបន់ប៉ាក់ បេង (Pak Beng) ក្នុង​ប្រទេស​ថៃ និង​ពេញ​អាង​ទន្លេ​មេគង្គ រួម​នឹង​ការ​ប៉ះពាល់​នៃ​គម្រោង​វារីអគ្គិសនី​ដែល​មាន​ស្រាប់​ផង។

លោកស្រី​ Maureen Harris នាយិកា​ទទួល​បន្ទុក​កម្មវិធី​នៅ​អាស៊ីអាគ្នេយ៍​នៃ​អង្គការ​ទន្លេ​អន្តរជាតិ​ ​បាន​ថ្លែង​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិចត្រូនិក​ ​ឬ​អ៊ីមែល​នៅ​ថ្ងៃ​អង្គារ​ថា៖​

«ការ​ពិគ្រោះ​យោបល់​ជា​មុន​សម្រាប់​ទំនប់​ចំនួន​ពីរ​របស់​ឡាវ ​គឺ​ទំនប់​សាយ៉ាប៊ូរី និងដន សាហុង គឺ​ជា​ដំណើរ​ការ​ដែល​មាន​ភាព​ចម្រូងចម្រាស​ ​និង​ការ​ព្រួយបារម្ភ​ខ្ពស់​ក្នុង​ចំណោម​រដ្ឋាភិបាល​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ រួម​មាន​ឡាវ​ ថៃ​ ​កម្ពុជា​ ​និង​វៀតណាម ដែល​មិន​អាច​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង»។

លោកស្រី​ Maureen Harris ​បាន​បញ្ជាក់​បន្ថែម​ថា៖

«ហានិភ័យសម្រាប់​ទន្លេ​មេគង្គ​ ​និង​ប្រជាជន​នៅ​ក្នុង​តំបន់​គឺ​ខ្ពស់​ណាស់​ ​ដែល​មិន​អាច​គិត​ខុស​បាន​នោះ​ទេ​ ​ទាក់​ទង​នឹង​ការ​ស្ថាបនា​ទំនប់​នៅ​លើ​ទន្លេ​មេគង្គ។​ នេះ​មាន​សារៈសំខាន់​ណាស់​ ​មិន​មែន​ត្រឹម​តែ​ទំនប់​ប៉ាក់ បេង​ នោះ​ទេ​ គឺ​សម្រាប់​គម្រោង​ទាំង​អស់​នៅ​ពេល​អនាគត»។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ MRC វេទិកា​ពិភាក្សា​លើក​ទី២​នេះ​ ​នឹង​មាន​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ និង​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ ​ដែល​ប្រមូល​បាន​កាល​ពី​វេទិកា​កន្លង​ទៅ។ វេទិកា​នេះ​ក៏​នឹង​បង្ហាញ​ពី​លទ្ធផល​បឋម​នៃ​ការ​ត្រួត​ពិនិត្យ​មើល​ផ្នែក​បច្ចេកទេស​របស់​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់ បេង។ វេទិកា​ក៏​នឹង​ប្រមូល​មតិ​យោបល់ ​អនុសាសន៍​ ​និង​ការ​ស្នើសុំ​នានា​របស់​ភាគី​ពាក់ព័ន្ធ​ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​ពិនិត្យ​មើល​ផ្នែក​បច្ចេកទេស​នេះ។

ពាក់ព័ន្ធ​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់ បេង នេះ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ការ​លើ​ផ្នែក​បរិស្ថាន​ ​គឺ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ឬ​ NGO Forum on Cambodia ធ្លាប់​បាន​បង្ហាញ​ក្តី​បារម្ភ​លើ​ទំនប់​វារីអគ្គិសនី​នេះ​ ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​សំណើ​គម្រោង​មួយ​នេះ​ផង​ដែរ។

​លោក ​តែ ​ណាវុធ​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​ ​បាន​លើក​ឡើង​ថា​ ទំនប់​វារី​អគ្គិសនី​នេះ ​ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រំដែន​កម្ពុជា​ជាង​១.៥០០​គីឡូ​ម៉ែត្រ​ ​ដូច្នេះ​លោក​ថា ​កម្ពុជា​នឹង​មិន​រង​ផល​ប៉ះពាល់​ធំដុំ​នោះ​ទេ។​

លោក​ពន្យល់​ថា​ប្រសាសន៍​ថា៖ «ដោយសារ​វា​នៅ​ឆ្ងាយ​១.៥៤០គីឡូម៉ែត្រ ខ្ញុំ​គិត​ថា​ បើ​ប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណឹង»។

ក្រោយ​ពេល​បញ្ចប់វេទិកា​ពិភាក្សា​ស្តី​ពី​ទំនប់​ប៉ាក់​ ​បេង លើកទី១ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​សង្គម​ស៊ីវិល​វៀតណាម​ឈ្មោះ​ថា​បណ្ដាញ​ទន្លេ​វៀតណាម​ (Vietnam Rivers Network)​ ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ ​ដោយ​លើក​ឡើង​ថា​ ដំណើរការ ​PNPCA ត្រូវ​បាន​អនុវត្ត​ទៅ​តាម​ទំនប់​វារីអគ្គិសនី​មួយៗ​ដាច់​ដោយ​ឡែក​ពី​គ្នា ​ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​តម្លៃ​ទាំង​ស្រុង​ទៅ​លើ​ឥទ្ធិពល​ដែល​បង្ក​ដោយ​សារ​ទំនប់​ទាំង​អស់​នោះ​ទេ។

​សង្គម​ស៊ីវិល​វៀតណាម​បារម្ភ​ថា ​ដំណើរការ​ PNPCA ​លើ​ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង​ ​នេះ នឹង​ដូច​គ្នា​ទៅ​នឹង​ទំនប់​ពីរ​របស់​ឡាវ​ពី​មុន​ ​ដែល​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​ និង​កម្ពុជា៕

XS
SM
MD
LG