ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាព​សារព័ត៌មាន​ធ្លាក់ចុះ​នៅ​ប្រទេស​ភាគច្រើន​នៅ​អាស៊ី


រូបឯកសារ៖ ដើម្បីជាការតវ៉ាប្រឆាំងនឹងការប្រើកម្លាំងរបស់ប៉ូលិសប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានពាក់ប្រដាប់ការពារចូលរួមសន្និសីតសារព័ត៌មានប៉ូលិសនៅក្រុងហុងកុង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ (AP)
រូបឯកសារ៖ ដើម្បីជាការតវ៉ាប្រឆាំងនឹងការប្រើកម្លាំងរបស់ប៉ូលិសប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានពាក់ប្រដាប់ការពារចូលរួមសន្និសីតសារព័ត៌មានប៉ូលិសនៅក្រុងហុងកុង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ (AP)

ឆ្នាំនេះ ចិន​ស្ថិត​នៅ​លេខរៀង​ទី ១៧២ វៀតណាម​ទី ១៧៤ និង​កូរ៉េខាង​ជើង​ទី ១៧៧។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders (RSF)) ដែល​ជា​អង្គការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​ពិភពលោក បាន​បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​នៅ​បន្ត​ធ្លាក់ចុះ ដោយ​ក្នុងនោះ​ប្រទេស​ចំនួន ២៦ ក្នុង​ចំណោម ៣១ បាន​ធ្លាក់ចុះ​នៅ​ក្នុង​សន្ទស្សន៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​នេះ។

យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ចុងក្រោយ​បង្អស់​របស់​អង្គការ​នេះ ទ្វីប​អាស៊ី​គឺជា​តំបន់​ដែល​ពិបាក​បំផុត​ទីពីរ​នៅលើ​ពិភពលោក​ក្នុង​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន។ ប្រទេស​មីយ៉ាន់ម៉ា ចិន កូរ៉េ​ខាងជើង និង​វៀតណាម​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​គ្រោះថ្នាក់​ជាងគេ​បំផុត​ចំនួន ១០ នៅ​លើ​ពិភពលោក​សម្រាប់​អ្នក​បំពេញ​វិជ្ជាជីវៈ​ផ្នែក​សារព័ត៌មាន​នៅ​ក្នុង​តារាង​សេរីភាព​សារព័ត៌មាន​ឆ្នាំ ២០២៤ របស់​អង្គការ​នេះ។

គ្មាន​ប្រទេស​ណាមួយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ផ្នែក​សេរីភាព​សារព័ត៌មាន​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ១៥ នោះទេ។

ប្រទេស​ចិន កូរ៉េ​ខាងជើង និង​វៀតណាម ដែលជា​ប្រទេស​កុម្មុយនីស្ត នៅ​បន្ត​ស្ថិត​នៅ​ក្បែរ​បាត​តារាង​នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ជាយូរ​មក​ហើយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០។ ឆ្នាំនេះ ចិន​ស្ថិត​នៅ​លេខរៀង​ទី ១៧២ វៀតណាម​ទី ១៧៤ និង​កូរ៉េខាង​ជើង​ទី ១៧៧។

ជាទូទៅ ប្រទេស​និង​ដែនដី​ដែល​មាន​ការ​ធ្លាក់ចុះ​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​រួមចំណែក​ធ្វើឱ្យ​ទ្វីប​អាស៊ី​ក្លាយជា​កន្លែង​មួយ​ដែល​ពិបាក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ដំណើរការ។

ទីក្រុង​ហុងកុង​ដែល​ធ្លាប់ជា​គំរូ​ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​បាន​ធ្លាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពី​លេខរៀង​ទី ៨០ ទៅ​ដល់​លេខរៀង​ទី ១៤៨ កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​មាន​ចលាចល​ផ្នែក​នយោបាយ​និង​ច្បាប់​ថ្មី​ដែល​ប៉ះពាល់​ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ចាប់តាំងពី​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ដាក់​ឱ្យ​អនុវត្ត​ដោយ​រដ្ឋាភិបាល​ចិន​បាន​ចូលជា​ធរមាន​កាលពី​ឆ្នាំ ២០២០ មក ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងតិច ១២ នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​បិទ។ រដ្ឋាភិបាល​ចិន​ថា ច្បាប់​នេះ​មាន​ភាព​ចាំបាច់​សម្រាប់​ធ្វើឱ្យ​ទីក្រុង​ហុងកុង​មាន​ស្ថិរភាព បន្ទាប់ពី​ទីក្រុង​នេះ​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ​នៅក្នុង​ឆ្នាំ ២០១៩ មក។

ប៉ុន្តែ អ្នកស្រី Aleksandra Bielakowska ដែលជា​មន្ត្រី​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​និយាយ​ថា សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​នៅតែ​គ្មាន​ការ​រីកចម្រើន។

ទោះបីជា​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​បង្ហាញ​ថា ទីក្រុង​ហុងកុង​ឡើង​លំដាប់ថ្នាក់​ទៅ​លេខរៀង ១៣៥ នៅ​ឆ្នាំ ២០២៤ នេះ​ក៏ដោយ ក៏​នេះ​មិនមែន​មាន​ន័យ​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​នេះ​មាន​ភាព​ប្រសើរឡើង​នោះទេ។

អ្នកស្រី Bielakowska ពន្យល់​ថា៖ «មូលហេតុ​ដែល​ហុងកុង​ឡើង​ចំណាត់ថ្នាក់​នេះ​គឺ​ដោយសារតែ​ការ​ឡើងចុះ​នៃ​ចំណាត់ថ្នាក់​របស់​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​សន្ទស្សន៍​នេះ»។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​បញ្ជាក់​ថា ការ​ធ្លាក់ចុះ​នៃ​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ស៊ីរី និង​អេរីត្រេ ដែល​សុទ្ធសឹងតែ​ជា​ប្រទេស​ស្ថិត​នៅ​បាត​តារាង​នៃ​សន្ទស្សន៍​នេះ បាន​រុញច្រាន​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ឡើង​ចំណាត់ថ្នាក់​នៅ​ក្នុង​សន្ទស្សន៍​នេះ។

ការណី​នេះ​ក៏​ធ្វើឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ឡើង​ចំណាត់ថ្នាក់​ផងដែរ។ ចំណាត់ថ្នាក់​ថ្មី​របស់​មីយ៉ាន់ម៉ា​បាន​កើនឡើង​ចំនួន​ពីរ​លេខ​ទៅ​នៅ​លំដាប់ថ្នាក់​ទី ១៧១ ប៉ុន្តែ​នេះ​មិនមែន​មាន​ន័យ​ថា​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​នេះ​មាន​ភាព​ប្រសើរឡើង​នោះឡើយ។

បច្ចុប្បន្ន​នេះ មីយ៉ាន់ម៉ា​គឺជា​ប្រទេស​ទី​ពីរ​នៅ​លើ​ពិភពលោក​ដែល​ចាប់​អ្នកកាសែត​ដាក់​ពន្ធនាគារ​ច្រើន​ជាង​គេ​បំផុត​បន្ទាប់ពី​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​អង្គការ​គណៈកម្មាធិការ​ការពារ​អ្នកកាសែត (Committee to Protect Journalists)។

បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing នៅ​ក្នុង​ឆ្នាំ ២០២១ មក របប​យោធា​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ចាប់ខ្លួន​មនុស្ស​តាម​ទំនើងចិត្ត បំពារបំពាន និង​ធ្វើ​ទារុណកម្ម ហើយ​អ្នកកាសែត​យ៉ាងតិច ៤ នាក់​ត្រូវ​បាន​សម្លាប់​ដោយ​យោធា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស។

ស្ថាប័ន​ព័ត៌មាន​ជាង ១០ ត្រូវ​បាន​របប​យោធា​មីយ៉ាន់ម៉ា​ដក​អាជ្ញាបណ្ណ​នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​អ្នកកាសែត​រាប់រយ​នាក់​ត្រូវ​បាន​ចាប់ខ្លួន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​រាយការណ៍​ព័ត៌មាន​ដោយ​ស្របច្បាប់​នៅ​មីយ៉ាន់ម៉ា ត្រូវតែ​ចុះបញ្ជី​ជាមួយ​របប​យោធា។ ប៉ុន្តែ​ការ​ចុះបញ្ជី​នេះ​មាន​ន័យ​ថា​អ្នកកាសែត​ត្រូវតែ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ឱ្យ​របប​យោធា ដែល​ករណី​នេះ​ធ្វើឱ្យ​ពួកគេ​ស្ទាក់ស្ទើរ​ដោយ​ខ្លាច​របប​យោធា​ចាប់ខ្លួន។ សម្រាប់​អ្នកកាសែត​ដែល​នៅ​បន្ត​ធ្វើ​កិច្ចការ​របស់​ខ្លួន ពួកគេ​ត្រូវតែ​ធ្វើ​ដោយ «លួចលាក់» ដើម្បី​ចៀសវាង​ការ​ក្លាយជា​មុខសញ្ញា​របស់​យោធា។

លោក Aung Naing Soe ផលិតករ​ភាពយន្ត​ឯកសារ «មិន​ខ្លាចរអា (Undaunted)» ដែល​រៀបរាប់​អំពី​ការ​ងើបឡើង​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​បែប​យោធា បាន​និយាយ​ថា ការ​លំបាក​នៅក្នុង​ការ​រាយការណ៍​ព័ត៌មាន​កើតចេញ​មិន​ត្រឹមតែ​ពី​របប​យោធា​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពី​ក្រុម​ប្រឆាំង​ផងដែរ។

លោក​បញ្ជាក់​ថា៖ «យើង​គ្រប់គ្នា​បានដឹង​ហើយ​អំពី​ហានិភ័យ​នៃ​ការ​គំរាមកំហែង​របស់​យោធា។ ...ប៉ុន្តែ​ថ្មីៗ​នេះ យើង​បាន​ចាប់ផ្ដើម​ឃើញ​មាន​ការ​ប៉ុនប៉ង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សំណាក់​ក្រុម [ឧទ្ទាម] មួយ​ចំនួន​ផងដែរ»។

លោក​បន្ថែម​ថា៖ «ដូច​មនុស្ស​ទូទៅ​នៅ​ក្នុង​ប្រទេស​ដែរ អ្នកកាសែត​មីយ៉ាន់ម៉ា​ចាប់ផ្ដើម​ជិនណាយ​ហើយ។ ពេលខ្លះ​យើង​គ្មាន​កម្លាំង​ដើម្បី​សរសេរ​រឿង​ឬ​ធ្វើ​បទ​សម្ភាសន៍​ខ្លីៗ​ទៀតទេ។ យើង​ធ្លាក់​ទឹកចិត្ត​ស្ទើរតែ​អស់​ហើយ»។

ទោះជា​យ៉ាងណា​ក៏ដោយ ក៏​មាន​ព័ត៌មាន​ល្អ​មួយ​ចំនួន​សម្រាប់​សេរីភាព​សារព័ត៌មាន​នៅ​តំបន់​អាស៊ី​ផងដែរ។ ចំណាត់ថ្នាក់​ប្រទេស​ថៃ​បាន​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ ២០២៤ នេះ​ពី​ទី ១០៦ មក​នៅ​ត្រឹម​ទី ៨៧។ ស្ថានភាព​សន្តិសុខ​របស់​ថៃ​គឺជា​កត្តា​ចម្បង​មួយ​ដែល​ជួយ​ឱ្យ​មាន​ការ​កើន​ចំណាត់ថ្នាក់​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី Bielakowska។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ប្រទេស​ថៃ​មាន​អំពើ​ហិង្សា​តិច​ជាង​អ្វីដែល​ធ្លាប់​បាន​កើតឡើង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ ក៏​មិន​បាន​ឈាន​ទៅ​ដល់​ការ​កើត​មាន​បាតុកម្ម​ហិង្សា​ទៅលើ​អ្នក​កាសែត​ដែរ»។

អ្នកស្រី​បាន​បន្ថែម​ថា ទោះបីជា​មាន​ការ​ប្រែប្រួល​ផ្នែក​នយោបាយ​ក៏ដោយ ក៏​គ្មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ណាមួយ​នៅ​ក្នុង​បរិយាកាស​នយោបាយ​ជា​ទូទៅ​នៅក្នុង​ប្រទេស​ថៃ​នោះដែរ៕

ប្រែសម្រួលដោយលោក ភី សុភាដា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG