៤០០ ថ្ងៃគឺជាពេលដែលអ្នកកាសែតអាមេរិកលោក Evan Gershkovich ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគាររុស្ស៊ី។
ទីភ្នាក់ងារសេវាសន្តិសុខសហព័ន្ធរុស្ស៊ីបានចាប់លោកឃុំឃាំង ខណៈលោកកំពុងបំពេញភារកិច្ចឱ្យកាសែតអាមេរិក The Wall Street Journal នៅទីក្រុង Yekaterinburg ហើយបានចោទប្រកាន់លោកពីបទចារកម្ម។
កាសែតនិងរដ្ឋាភិបាលអាមេរិកបានបដិសេធការចោទប្រកាន់ប្រឆាំងអ្នកយកព័ត៌មានដែលដែលឥឡូវនេះមានអាយុ៣២ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែឧសភា ក្នុងពិធីមួយដែលរៀបចំដោយសហរដ្ឋអាមេរិកនៅមុនទិវាសេរីភាពសារព័ត៌មានពិភពលោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអ្នកស្រី Linda Thomas-Greenfield បាននិយាយថា អ្នកសារព័ត៌មាន ជាញឹកញាប់ត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រួវ ដោយគ្រាន់តែពួកគេ«និយាយការពិត»។
អ្នកស្រីបាននិយាយថា៖ «នោះជាឧក្រិដ្ឋកម្មរបស់ Evan។ គាត់គ្រាន់តែរាយការណ៍រឿងពិតអំពីសង្គ្រាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន»។
រុស្ស៊ីបានចាប់ផ្តើមការលុកលុយចូលប្រទេសអ៊ុយក្រែនក្នុងខែមីនាឆ្នាំ ២០២២។ លោក Gershkovich ត្រូវបានចាប់ខ្លួនមួយថ្ងៃបន្ទាប់ពីការចេញផ្សាយរបាយការណ៍អំពីរបៀបដែលសង្រ្គាមបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។
អ្នកស្រី Thomas-Greenfield បាននិយាយថា រដ្ឋបាលលោក Biden នឹងមិននៅស្ងៀមទេ រហូតដល់លោក Gershkovich បានជួបជុំជាមួយគ្រួសាររបស់គាត់វិញ។ ឪពុកម្តាយ និងបងប្អូនស្រីរបស់គាត់ មានវត្តមាននៅក្នុងពិធីនេះ។
អ្នកស្រី Mariana Katzarova អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ី បានប្រាប់កម្មវិធីនេះតាមវីដេអូពីប្រទេសប៊ុលហ្គារីថា អ្នកស្រីព្រួយបារម្ភយ៉ាងខ្លាំងដែល លោក Gershkovich ត្រូវបានឃុំខ្លួនអស់រយៈពេលជាងមួយឆ្នាំដោយគ្មានសវនាការឬភស្តុតាង។
អ្នកស្រីបាននិយាយថា៖ «ការចាប់ខ្លួន និងឃុំខ្លួនលោក Evan បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ក៏ដូចជាសុវត្ថិភាពរបស់អ្នកកាសែតបរទេសទាំងអស់ដែលប្រកបវិជ្ជាជីវៈស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី»។
នៅខែតុលា ឆ្នាំ ២០២៣ អ្នកស្រី Alsu Kurmasheva អាយុ ៤៧ ឆ្នាំ មានសញ្ជាតិពីរអាមេរិកនិងរុស្ស៊ី ដែលធ្វើការឱ្យបណ្តាញវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព ហៅកាត់ថា RFE/RL ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ីផងដែរ។ អ្នកស្រីនៅតែជាប់ពន្ធនាគារតាមការចោទប្រកាន់ពីបទមិនចុះឈ្មោះជាអ្វីដែលរុស្ស៊ីថា ជាភ្នាក់ងារបរទេស ហើយផ្សព្វផ្សាយអ្វីដែល Moscow ចាត់ទុកថាជាព័ត៌មានមិនពិតអំពីយោធារុស្ស៊ី។ ប្រសិនបើត្រូវបានកាត់ទោស អ្នកស្រីអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។
អ្នកស្រី Kurmasheva ស្ថិតនៅក្នុងប្រទេសរុស្ស៊ីដើម្បីទៅសួរសុខទុក្ខម្តាយចាស់និងឈឺ។
អ្នកស្រី Mariana Katzarova អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីមានអត្រាផ្តន្ទាទោសច្រើនបំផុតនៅក្នុងពិភពលោក។
អ្នកស្រីបាននិយាយថា៖ «នៅបើត្រូវបានចោទប្រកាន់ហើយ នៅក្នុងតុលាការរុស្ស៊ីភាគច្រើនបំផុតអ្នកអាចត្រូវតុលាការរកឃើញថា មានពិរុទ្ធភាព ដែលបង្កើនការព្រួយបារម្ភអំពីអយុត្តិធម៌ និងឯករាជ្យភាពរបស់តុលាការនៅក្នុងប្រទេសរុស្ស៊ី និងអំពីសិទ្ធិរបស់ជនជាប់ចោទក្នុងការកាត់ក្តីដោយយុត្តិធម៌»។
លោក David Rohde អ្នកកាសែតជនជាតិអាមេរិកដែលត្រូវបានចាប់ពង្រាត់ដោយពួកតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០៨ ប៉ុន្តែបានរត់គេចខ្លួន បន្ទាប់ពីបានជាប់ឃុំអស់រយៈពេលប្រាំពីរខែ បានប្រាប់កម្មវិធីប្រមូលផ្តុំថា ប្រភពនៃការវាយប្រហារលើអ្នកកាសែតបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកបាននិយាយថា៖ «មានការផ្លាស់ប្តូរយ៉ាងខ្លាំងទាក់ទងកន្លែងឃុំឃាំង ហើយនៅកន្លែងខ្លះការសម្លាប់អ្នកកាសែតបានផ្លាស់ប្តូរពីក្រុមជ្រុលនិយម និងក្រុមឧក្រិដ្ឋជន ទៅជារដ្ឋមួយចំនួនធំជាអ្នកប្រព្រឹត្ត»។
អ្នកស្រី Danielle Gershkovich បាននិយាយអំពីការឃុំឃាំងបងប្អូនប្រុសរបស់អ្នកស្រីថា៖ «វាមានរយៈពេលជាងមួយឆ្នាំហើយ ហើយជារៀងរាល់ថ្ងៃមួយថ្ងៃៗយូរណាស់។ យើងត្រូវធ្វើគ្រប់យ៉ាងដើម្បីយកគាត់មកផ្ទះឥឡូវនេះ»៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ