ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​សុវត្ថិភាព​ដល់​អ្នក​សារព័ត៌មាន


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​របស់​សភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សម័យ​ប្រជុំ​របស់​សភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ជួប​ជាមួយ​អ្នក​សារ​ព័ត៌មាន​រាប់​ពាន់​នាក់​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ៣ ​ខែ​ឧសភា​ ឆ្នាំ ​២០២៤ ​ដែល​ជា​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក។ ​នៅ​ក្នុង​សារ​អបអរ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​នេះ ​លោក ​ហ៊ុន ម៉ាណែត ​បាន​លើក​ឡើង​ថា​ លំហ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​«កាន់​តែ​រីក​ចម្រើន​ធំធាត់​ប្រកប​ដោយ​សុខភាព​ល្អ ​និង​ឆ្ពោះ​ទៅ​រក​ការ​រៀបចំ​បាន​នូវ​សណ្តាប់​ធ្នាប់​ល្អ​ប្រសើរ»។

លោក​បញ្ជាក់​ថា៖ ​«ស្ថានភាព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​នៅ​តែ​ស្ថិត​ក្នុង​បរិយាកាស​អំណោយ​ផល​ ព្រោះ​ថា​ អ្នក​សារ​ព័ត៌មាន​អាច​រាយ​ការណ៍​ដោយ​សេរី ​ដោយ​ឈរ​លើ​មូលដ្ឋាន​ក្រម​សីលធម៌ ​និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន»។​

លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្តួច​ផ្តើម​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ​ដែល​លោក​ថា​ នឹង​ក្លាយ​«ជា​ការ​កំណត់​និយាម​ស្តង់ដារ​ប្រតិបត្តិ​ស្តីពី​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​ទប់​ស្កាត់​និង​លុប​បំបាត់​ការ​បំពាន​ក្រម​សីលធម៌ ​និង​វិជ្ជាជីវៈ​សារ​ព័ត៌មាន​របស់​អង្គភាព ​និង​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន»។​

ប៉ុន្តែ​អ្នក​ធ្វើការ​លើ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ព្រួយ​បារម្ភ​អំពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​មួយ​នេះ ​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បន្តឹង​សេរីភាព​បន្ថែម​ទៀត។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន​ ១១ ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធានា​សុវត្ថិភាព​និង​សន្តិសុខ​ដល់​អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​ទាំង​នោះ ​ដែល​មាន​ដូច​ជា​ខេមបូចា​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជា​ដើម ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣ ខែ​ឧសភា ​ចំ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ នៅ​កម្ពុជា ​អ្នក​សារ​ព័ត៌មាន​ដែល​រាយ​ការណ៍​ពី​បរិស្ថាន​«តែង​តែ​ប្រឈម​នឹង​ការ​គំរាម​កំហែង ​ការ​យាយី ​និង​អំពើ​ហិង្សា»។​

យោង​តាម​របាយ​ការណ៍​ចុង​ក្រោយ​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ឬ​ហៅ​កាត់​ថា ​ខេមបូចា ​មាន​ករណី​យាយី​ចំពោះ​អ្នក​សារ​ព័ត៌មាន​ចំនួន ​៣២ ​ករណី​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ឆ្នាំ​ ២០២៣​ រួម​ទាំង​ករណី​គំរាម​កំហែង​ផ្លូវ​ច្បាប់​ចំនួន​ ១៥ ​ករណី។ ​ក្នុង​ចំណោម​ករណី​សរុប ​មាន​ ៧ ​ករណី ​ជាប់​ទាក់ទង​នឹង​ការ​រាយ​ការណ៍​អំពី​បញ្ហា​បរិស្ថាន។​

ចាប់​ពី​ខែ​មករា​ដល់​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ខេមបូចា​ក៏​បាន​កត់ត្រា​ករណី​យាយី​អ្នក​សារ​ព័ត៌មាន​ចំនួន​ ១០ ​ករណី ​ក្នុង​នោះ​មាន​៧​ករណី​ជា​ករណី​គំរាម​កំហែង​ផ្លូវ​ច្បាប់។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម។​

ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​លើក​ទី ​៣១​ ឆ្នាំ​ ២០២៤ ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធាន​បទ​«សារ​ព័ត៌​មាន​សម្រាប់​ផែនដី៖ ​សារ​ព័ត៌មាន​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​បរិស្ថាន»។​

បើ​យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ស្តីពី​«ការ​ឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា»​ អ្នក​សារ​ព័ត៌មាន​ ២៦ ​នាក់ ​បាន​ប្រឈម​មុខ​នឹង​ការ​រឹត​បន្តឹង ​ឬ​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ចុះ​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០២៣។​ អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​នាំ​យក​មក​សួរ​នាំ ​បន្ទាប់​ពី​ពួកគេ​បាន​ធ្វើការ​ស៊ើប​អង្កេត​ ឬ​រាយ​ការណ៍​អំពី​បញ្ហា​សង្គម ​ដូចជា​សកម្ម​ភាព​អាជីវកម្ម​ខុស​ច្បាប់ ​អំពើ​ពុក​រលួយ ​និង​ជម្លោះដីធ្លី​ជា​ដើម។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធានា​បរិយាកាស​សង្គម ​ទាំង​នៅ​លើ​បណ្តាញ​អនឡាញ ​និង​ក្រៅ​បណ្តាញ ​មាន​សេរីភាព ​និង​សុវត្ថិភាព​សម្រាប់​អ្នក​សារ​ព័ត៌មាន​ និង​ស្ថាប័ន​ព័ត៌មាន​ដើម្បី​បំពេញ​តួនាទី​វិជ្ជាជីវៈ ​ដោយ​គ្មាន​ឧបសគ្គ​ឬ​ការ​ព្រួយ​បារម្ភ ​ជា​ពិសេស​នៅ​ពេល​ពួក​គេ​រាយ​ការណ៍​អំពី​បញ្ហា​បរិស្ថាន។​

អង្គការ​ទាំង​នោះ​ក៏​ស្នើ​ពន្លឿន​នូវ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ដែល​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ និង​ធានា​នូវ​ការ​អនុវត្ត​យ៉ាង​ហ្មត់​ចត់។​

លោក ​ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ខេមបូចា ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា​ អ្នក​សារ​ព័ត៌មាន​មិន​ត្រូវ​បាន​ប្តឹង​ផ្តល់​ក្រោម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«ការ​ប្តឹង​ផ្តល់​លើ​អ្នក​សារព័ត៌មាន​នេះ ​យើង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឬ​មួយ​ក៏​ប្រព័ន្ធ​ច្បាប់​ផ្សេងៗ​ហ្នឹង ​ធានា​ថា ​អ្នក​សារ​ព័ត៌មាន​នឹង​មិន​ត្រូវ​បាន​ប្តឹង​ផ្តល់​ដោយ​ច្បាប់​ព្រហ្មទណ្ឌ ​ដោយ​សារតែ​កិច្ចការងារ​របស់​ពួកគេ​នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន​នោះ​ទេ»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ ​«យើង​ក៏​យក​ឱកាស​នេះ​ដើម្បី​អំពាវនាវ​ទៅ​ដល់​តុលាការ​ផង​ដែរ ​ដើម្បី​ពិនិត្យ​នៅ​ក្នុង​ការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ទាំង​ឡាយ​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ដែល​កើត​មាន​ក្នុង​ពេល​កន្លង​មក​ហ្នឹង»។​

លោក ​អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​ប្រាប់​វីអូអេ​ថា ​លោក​សំណូម​ពរ​ឱ្យ​រដ្ឋាភិបាល​ធានា​ក្នុង​ការ​ផ្តល់​ព័ត៌មាន ​និង​លើក​ទឹក​ចិត្ត​មន្រ្តី​សាធារណៈ​នៅ​គ្រប់​ស្ថាប័ន​រដ្ឋ​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារ​ព័ត៌មាន​ឱ្យ​បាន​ទាន់​ពេល​វេលា ​ដោយ​មិន​រើស​អើង​ស្ថាប័ន​ឡើយ។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រសួង​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​របាយ​ការណ៍​នៃ​ការ​ស្ទង់​មតិ​មួយ​ដែល​បាន​បង្ហាញ​ថា​ ប្រមាណ​ ៨០%​ នៃ​អ្នក​សារ​ព័ត៌មាន​ដែល​ផ្តល់​មតិ​អះអាង​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​ល្អ​ប្រសើរ។​

ទោះ​ជា​យ៉ាង​ណា ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន ​(Reporters Without Border)​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នា​ថ្ងៃ​សុក្រ​នេះ ​ដោយ​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​លេខ​រៀង​ទី​ ១៥១ ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៨០​ ដោយ​បន្ត​ធ្លាក់​ពី​ ១៤៧ ​កាល​ពីឆ្នាំ​ ២០២៣ ​ដែល​មាន​ន័យ​ថា​ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន ​កម្ពុជា​នៅ​លើ​ប្រទេស​ឡាវ​ មីយ៉ាន់ម៉ា ​និង​វៀតណាម​តែ​ប៉ុណ្ណោះ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG