ការគំរាមកំហែងដោយរដ្ឋាភិបាលនិងក្រុមអ្នកតាក់តែងច្បាប់នានាស្ថិតក្នុងចំណោមបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភខ្លាំងបំផុតសម្រាប់អ្នកសារព័ត៌មាននៅជុំវិញពិភពលោក។ នេះបើយោងតាមក្រុមអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលបានថ្លែងក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រ ទី ៣ ខែឧសភា។
រដ្ឋាភិបាលនិងអាជ្ញាធរនយោបាយកាន់តែច្រើនកំពុងបរាជ័យក្នុងការជួយគាំទ្រនិងគោរពដល់សេរីភាពសារព័ត៌មាន។ នេះបើយោងតាមក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានគេស្គាល់ថា RSF ដែលបានថ្លែង ខណៈពេលអង្គការនេះចេញផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំរបស់ខ្លួន។
ចំណាត់ថ្នាក់នេះមើលទៅលើកត្តានយោបាយ ច្បាប់ និងសេដ្ឋកិច្ចដែលប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាស្ថានភាពសន្តិសុខសម្រាប់អ្នកសារព័ត៌មាននៅប្រទេសនិងដែនដីចំនួន ១៨០។ ប្រទេសនិងដែនដីនីមួយៗត្រូវបានផ្តល់ចំណាត់ថ្នាក់មួយ ដែលលេខ ១ មានន័យថាមានបរិយាកាសសេរីភាពសារព័ត៌មានល្អបំផុត។
វិស័យនយោបាយជាផ្នែកដែលគេឃើញមានប៉ះពាល់ដល់សេរីភាពសារព័ត៌មានខ្លាំងបំផុតនៅទូទាំងតំបន់នានា។ នេះបើតាមការថ្លែងរបស់អង្គការ RSF។
លោក Clayton Weimers ប្រធានការិយាល័យអង្គការ RSF ប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងប្រាប់ VOA ថា៖ «អ្នកនយោបាយកាន់តែហ៊ានបង្អាប់ប្រព័ន្ធផ្សព្វផ្សាយ ប្រមាថសារព័ត៌មាន វាយប្រហារសមាជិកអ្នកសារព័ត៌មាននិងអ្នកកាសែត ដើម្បីរដ្ឋាភិបាលប្រើប្រាស់ជាអាវុធដើម្បីប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាមួយដែលរិះគន់ពួកគេ»។
និន្នាការនេះកាន់តែបង្កើនការព្រួយបារម្ភនៅក្នុងឆ្នាំមួយដែលប្រទេសជាច្រើនធ្វើការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២៤ នេះ។ ការបោះឆ្នោតជាញឹកញាប់មានភ្ជាប់ជាមួយអំពើហិង្សាប្រឆាំងអ្នកសារព័ត៌មាននិងវាយប្រហារលើសេរីភាពសារព័ត៌មាន។ នេះបើយោងតាមអង្គការ RSF។
លោក Weimers ថ្លែងថា ប្រទេសអាហ្សង់ទីនជាប្រទេសដែលសេរីភាពប្រព័ន្ធផ្សព្វផ្សាយធា្លក់ចុះខ្លាំងជាងគេបើធៀបនឹងឆ្នាំមុន គឺពីលេខរៀងទី ៤០ មកទី ៦៦។ ការធ្លាក់ចុះនេះភាគច្រើនគឺដោយសារតែការបោះឆ្នោតជ្រើសរើសលោកប្រធានាធិបតី Javier Milei «ដែលវាយប្រហារដោយបើកចំហលើប្រព័ន្ធផ្សពផ្សាយ។ លោកបានកាត់ថវិកាចំណាយលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈនៅប្រទេសអាហ្សង់ទីន ហើយកំពុងនាំមុខការចោទប្រកាន់លើបទវាយប្រហារអ្នកសារព័ត៌មាន»។
ចំណាត់ការរបស់ឡោក Milei ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយបង្ហាញអំពីស្ថានការណ៍ទូទៅមួយអំពីភាពកាន់តែធ្ងន់ធ្ងរ ខណៈដែលប្រទេសនិងកងកម្លាំងនយោបាយដទៃទៀតកំពុងដើរតួនាទីបន្ថយការការពារលើសេរីភាពសារព័ត៌មាន។ នេះបើយោងតាមអង្គការ RSF។
ស្ថានទូតអាហ្សង់ទីនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនមិនបានឆ្លើយតបភ្លាមៗទៅកាន់សារអ៊ីមែលរបស់ VOA ដែលស្នើសុំការអត្ថាធិប្បាយ។
ប្រទេសន័រវែសនៅតែរក្សាតំណែងជាប្រទេសកំពូលលើពិភពលោកសម្រាប់សេរីភាពសារព័ត៌មានល្អជាងគេ។ ប្រទេសដទៃទៀតដែលស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៥ រួមមានប្រទេសដាណឺម៉ាក ស៊ុយអែត ហូឡង់ និងហ្វាំងឡង់។
នៅបាតតារាងរួមមានប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង អាហ្វហ្កានីស្ថាន ស៊ីរីនិងអេរីត្រេ។
សហរដ្ឋអាមេរិកធ្លាក់ចំណាត់ថ្នាក់ ១០ លេខ ដល់លេខ ៥៥ ដោយសារតែការចាប់ខ្លួនអ្នកកាសែតនិងដោយសារតែការបង្ក្រាបរបស់ប៉ូលិសកាលពីឆ្នាំមុនទៅលើកាសែតមួយនៅរដ្ឋ Kansas។
អ្នកស្រី Emily Wilkins ប្រធានក្លឹបអ្នកសារព័ត៌មានជាតិក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា វាជារឿងគួរឱ្យបារម្ភដែលឃើញសេរីភាពសារព័ត៌មានស្ថិតក្រោមការគំរាមកំហែងនៅក្នុងសហរដ្ឋអាមេរិក។ អ្នកស្រីលើកពីហេតុផលមួយដែលគួរឱ្យបារម្ភគឺវោហាសាស្ត្ររបស់អ្នកនយោបាយ។
អ្នកស្រី Wilkins បានប្រាប់ VOA ថា៖ «អ្នកនយោបាយនានាបានធ្វើខ្លួនប្រឆាំងនឹងសារព័ត៌មាន ដោយហៅអ្នកសារព័ត៌មានថាជាសត្រូវប្រជាជន។ គ្រប់ពេលដែលពួកគេប្រមាថអ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយទាំងមូល ដែលនេះជាអំពើប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ហើយវាជាអ្វីដែលធ្វើឱ្យប្រទេសយើងកាន់តែអន់ខ្សោយ»។
ការឡើងចំណាត់ថ្នាក់ ២ លេខរបស់រុស្ស៊ីដល់លេខ ១៦២ គឺជាការងាយច្រឡំពីការពិត។ អង្គការ RSF ថ្លែងថា ពិន្ទុសេរីភាពសារព័ត៌មានសាកលរបស់ខ្លួនតាមពិតអាក្រក់ជាងមុន ប៉ុន្តែប្រទេសដទៃទៀតកាន់តែអាក្រក់ជាងនេះ។
លោក Weimers បានថ្លែងអំពីរុស្ស៊ីថា៖ «និយាយឱ្យស្មោះត្រង់ទៅ ឆ្នាំ ២០២៣ មិនមានការផ្លាស់ប្តូរច្រើនទេ ដោយសារតែស្ថានការណ៍អាក្រក់ពេកកាលពីឆ្នាំ ២០២២ ដែលវាមិនអាចអាក្រក់លើសហ្នឹងទៀតនោះទេ»។
កត្តានានាដែលនាំឱ្យមានការធ្លាក់ចុះនោះគឺការចាប់ខ្លួនអ្នកកាសែតដោយរុស្ស៊ី រួមទាំងអ្នកកាសែតអាមេរិកាំង ២ នាក់ផងដែរ។
លោក Evan Gershkovich សារព័ត៌មាន The Wall Street Journal ត្រូវបានចាប់ដាក់ពន្ធនាគារតាំងពីខែមីនា ឆ្នាំ ២០២៣ ពីបទចារកម្មដែលលោក និយោជករបស់លោក និងរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធ។ ក្រសួងការបរទេសអាមេរិកក៏បានប្រកាសថា អ្នកកាសែតវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនដោយខុស។
អ្នកស្រី Alsu Kurmasheva និពន្ធនាយកនៃវិទ្យុអាស៊ីអឺរ៉ុប/វិទ្យុសេរីភាព ហៅកាត់ថា RFE/RL ត្រូវបានចាប់ដាក់ពន្ធនាគារតាំងពីខែតុលា ឆ្នាំ ២០២៣ ពីបទខកខានមិនបានចុះឈ្មោះជា «ភ្នាក់ងារបរទេស» និងផ្សព្វផ្សាយព័ត៌មានដែលរដ្ឋាភិបាលរុស្ស៊ីមើលឃើញថាជាព័ត៌មានដែលខុសអំពីយោធារុស្ស៊ី។ អ្នកស្រីនិងនិយោជកបានច្រានចោលបទចោទប្រកាន់ទាំងនោះ។
ក្រុមសេរីភាពសារព័ត៌មានបានរិះគន់ក្រសួងការបរទេសអាមេរិកដែលមិនបានប្រកាសថាអ្នកស្រី Kurmasheva ត្រូវបានចាប់ខ្លួនដោយខុស។ ការប្រកាសបែបនេះអាចនឹងបើកឱ្យមានធនធានបន្ថែមដើម្បីជួយដល់ការដោះលែងអ្នកស្រី។
អ្នកស្រី Wilkins បានថ្លែងថា៖ «វាសំខាន់ណាស់ដែលក្រសួងការបរទេសត្រូវចេញមុខប្រកាសពីការចាប់ខ្លួនអ្នកស្រី Kurmasheva ដោយខុស។ ខ្ញុំគិតថា ពួកយើងជាច្រើនក្នុងសហគមន៍អ្នកសារព័ត៌មានបារម្ភខ្លាំងណាស់ដែលក្រសួងនេះមិនទាន់ប្រកាស»។
មន្ត្រីក្រសួងការបរទេសកំពុងនៅសម្រេចចិត្តនៅឡើយថា តើត្រូវប្រកាសថាអ្នកស្រី Kurmasheva ត្រូវបានចាប់ខ្លួនដោយខុស។ នេះបើតាមលោក Roger Carsten ប្រធានប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការចំណាប់ខ្មាំងដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីខែមេសា។
អ្នកនាំពាក្យក្រសួងការបរទេសធ្លាប់ប្រាប់ VOA ថា៖ «ក្រសួងការបរទសបន្តពិនិត្យទៅលើស្ថានការណ៍ជុំវិញការចាប់ខ្លួនជនជាតិអាមេរិកាំងនៅក្រៅប្រទេស រួមទាំងអ្នកដែលត្រូវបានចាប់ខ្លួននៅរុស្ស៊ី ដែលបានចោទថាការចាប់ខ្លួននោះបានប្រព្រឹត្តខុស»។
ចិនដែលជាប្រទេសចាប់អ្នកកាសែតដាក់ពន្ធនាគារអាក្រក់បំផុតនៅលើពិភពលោក នៅតែបន្តស្ថិតនៅបាតតារាងក្នុងចំណាត់លេខរៀងទី ១៧២។
លោក Weimers បានថ្លែងថា៖ «យើងបារម្ភយ៉ាងខ្លាំងដែលចិនចាត់ទុកខ្លួនឯងជាគំរូខាងប្រឆាំងតម្លៃលទ្ធិប្រជាធិបតេយ្យដែលបង្ក្រាបសេរីភាពសារព័ត៌មាននិងសេរីភាពក្នុងការបញ្ចេញមតិ»។
ប៉ុន្តែមិនមែនមានតែព័ត៌មានអាក្រក់ប៉ុណ្ណោះទេ។
ឧទាហរណ៍ ស្ថានភាពប្រសើរជាងមុននៅអ៊ុយក្រែន ដែលប្រទេស នេះឡើងចំណាត់ថ្នាក់ ១៨ លេខដល់ចំណាត់ថ្នាក់ទី ៦១ ហើយនៅអាមេរិកខាងត្បូង ប្រទេសឈីលីកើន ៣១ លេខដល់លេខ ៥២៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា