ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍៖ ​ជន​បរទេស​សរុប​ជាង​២​ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ ​តាម​រយៈ​ពាក្យ​បណ្តឹង​មក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ


រូប​ថត​ចែក​ផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​​​ជន​ជាតិ​ចិន​​​នៅ​លើ​នាវា​មួយ​គ្រឿង​​ដែល​​ត្រូវ​ឃាត់​ទុក​ដោយ​សារ​​​ចូល​មក​ដោយ​​​ខុស​ច្បាប់​ក្នុង​ទឹក​ដី​​កោះ​រ៉ុង​សន្លឹម​នៃ​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​សប
រូប​ថត​ចែក​ផ្សាយ​ដោយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ បង្ហាញ​ពី​​​ជន​ជាតិ​ចិន​​​នៅ​លើ​នាវា​មួយ​គ្រឿង​​ដែល​​ត្រូវ​ឃាត់​ទុក​ដោយ​សារ​​​ចូល​មក​ដោយ​​​ខុស​ច្បាប់​ក្នុង​ទឹក​ដី​​កោះ​រ៉ុង​សន្លឹម​នៃ​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​សប

ជន​បរទេស​សរុប​ប្រមាណ​២១០០​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​តាម​រយៈ​ពាក្យ​បណ្តឹង​មក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​គិត​ចាប់​តាំង​ពី​ខែ​សីហា ​ឆ្នាំ​២០២២ដែល​មានការ​ចុះ​បង្រ្កាប​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​បរទេស ​និង​ការ​បង្ខាំង​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃទី​៧ ​ខែ​មេសា ​ឆ្នាំ​២០២៣។​

បើ​តាម​សារ​ដែល​បង្ហោះ​នោះ​ សមត្ថកិច្ច​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជនជាតិ​ចិន​៤​នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ត្រូវ​បាន​ជនជាតិ​ចិន​ដូចគ្នា​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើការ​ខុស​ពី​ការ​សន្យា។ ​កិច្ច​អន្តរាគមន៍​នេះ​ធ្វើ​ឡើង​ក្រោយ​ជនរង​គ្រោះ​បាន​សរសេរ​ពាក្យ​បណ្ដឹង​ចូល​ហ្វេសប៊ុក​របស់​លោក​ ស ខេង​ កាល​ពីថ្ងៃ​ទី២៨ ​ខែ​មីនា​ ឆ្នាំ​២០២៣។​

ចាប់​តាំង​ពីខែ​សីហា ​ឆ្នាំ២០២២ ​ គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ បាន​ដាក់​ចេញ​ផែនការ​ប្រតិ​បត្តិការ ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​ ជួញ​ដូរ​កម្លាំង​ពល​កម្ម ​និង​អាជីវកម្ម​ផ្លូវ​ភេទ​ ព្រម​ទាំង​បាន​បង្កើត​គណៈ​បញ្ជា​ការ​ដឹក​នាំ​ប្រតិ​បត្តិការ​ ដើម្បី​ធ្វើ​ជា​សេនាធិការ​ក្នុង​ការ​ដឹកនាំ ​និង​បញ្ជា​ដោយ​ផ្ទាល់​នូវ​ប្រតិបត្តិការ​បង្ក្រាប​ និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ។​

លោក​ ស ខេង​ ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ ក៏​បាន​អំពាវនាវ​ឱ្យ​សាធារណ​ជន​ ជាតិ-អន្តរជាតិ ​ស្ថាន​តំណាង​បរទេស​ប្រចាំ​កម្ពុជា ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​សហ​ការ​ផ្តល់​ព័ត៌មាន​ពាក់​ព័ន្ធ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ឧក្រិដ្ឋ​កម្មឆ្លង​ដែន​ផ្សេង​ទៀត​ ដើម្បី​បង្ការ ​ទប់ស្កាត់ ​និង​បង្ក្រាប​ឱ្យ​បាន​ទាន់​ពេល​វេលា​ប្រកប​ដោយ​ប្រសិ​ទ្ធភាព។​

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​គិត​ចាប់​ពីថ្ងៃ​ទី១៨​ ខែ​សីហា​ ឆ្នាំ២០២២​ ដល់​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៣ ​ មាន​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ចំនួន​៨៣០​ករណី ​ដែល​ពាក់ព័ន្ធ​នឹង​ជន​បរទេស​សរុប​២០៩៤​នាក់ ​ដែល​មាន១៦​សញ្ជាតិ ​ ហើយភាគ​ច្រើន​ជា​ជន​ជាតិ​ចិន ​វៀតណាម​ និង​ឥណ្ឌូណេស៊ី។​ ពាក្យ​បណ្ដឹង​ទាំង​នោះ​បាន​ប្ដឹង​ចូល​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​និង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍។​

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ក្នុង​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា៖ ​«ផ្អែក​តាម​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា ​ ភាគ​ច្រើន​នៃ​បណ្ដឹង​ទាំង​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព ​ពោល​គឺ​ទាំង​ការ​សង្គ្រោះ​ជន​រង​គ្រោះ ​ការ​បិទ​ទីតាំង​អាជីវ​កម្ម​ខុស​ច្បាប់ ​ការ​ចាប់​ជន​ល្មើស​បញ្ជូន​ទៅ​តុលាការ​ និង​ការ​អនុវត្ត​នីតិវិធី​បណ្ដេញ​ចេញ»។​

នៅ​ក្នុង​ករណី​ដែល​ជនជាតិ​ចិន​៤​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ក្រសួង​មហា​ផ្ទៃឱ្យដឹង​ថា ​ពួកគេ​ចូល​មក​កម្ពុជា​តាម​ច្រក​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្នុង​គោល​បំណង​មក​ធ្វើ​ការងារ​ជា​ចុងភៅ​នៅ​ខេត្ត​ព្រះ​សីហនុ ​ ដោយ​មាន​គេ​សន្យា​ផ្តល់​ប្រាក់​ជាង​២ពាន់​ដុល្លារ។​ ប៉ុន្តែ​ក្រុមហ៊ុន​បែរ​ជា​តម្រូវឱ្យ​ពួក​គេ​ធ្វើ​ការ​ផ្នែក​អនឡាញ​ ខុស​ពីគោល​បំណង​ដើម​ជា​ចុង​ភៅ។​ ក្រសួង​មិន​បាន​បញ្ជាក់​ថា​ តើ​ផ្នែក​អន​ឡាញ​នោះ​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​អ្វី​នោះ​ទេ។​

រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ជន​រង​គ្រោះ​ជាង​២០០០​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មាតុ​ភូមិ​របស់​ពួកគេ​វិញ​ហើយ។​

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ ពួក​គេខ្លះ​ត្រូវ​បាន​រក​ឃើញ​នៅ​អគារ​ដែលម្ចាស់​ជាជ​ន​ជាតិ​ខ្មែរ ប៉ុន្តែ​មិន​មាន​ចំណាត់​លើ​ម្ចាស់​អគារ​អ្វី​ឡើយ។​

លោក​បញ្ជាក់​ថា៖ ​«ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ ម្ចាស់​អគារ​ទី​តាំង ​គេ​តែដាក់​មិន​ប្រព្រឹត្ត​អំពើ​គ្រឿង​ញៀន​ និង​អីផ្សេងៗ​ទៀត​ នៅ​ក្នុង​កុងត្រា ​មិន​ឱ្យ​ធ្វើ​ខុស​ច្បាប់​រដ្ឋ​ ទទួ​ល​ខុសត្រូវ​ខ្លួន​ឯង។ ​គេ​បាន​ដាក់​ទាំង​អស់​ហើយ ​ អ៊ី​ចឹង​យើង​មិន​អាច​ទៅ​ចាប់​ទោស​អូស​ដំណើរ​អ្នក​ដែល​ជួល​ទី​តាំង​នោះ​ទេ»។​

អ្នក​នាំពាក្យ​ និង​ជា​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ​លោក​ ឡុង ឌីម៉ង់​ លើក​ឡើង​ថា ​ភាគ​ច្រើន​ម្ចាស់​ផ្ទះ​មិន​ពាក់​ព័ន្ធ​ជា​មួយ​ការ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ឡើយ ​ហេតុនេះ​ក៏​មិន​មាន​ចំណាត់​ការ​អ្វី​ដែរ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​យើង​មាន​តែ​ការ​ផ្សព្វផ្សា​យ​ បញ្ជ្រាប​ការ​យល់​ដឹង​បែប​នេះ​ដល់​ម្ចាស់​ទី​តាំង ​ដើម្បី​ឱ្យ​គាត់​ចូល​រួម​ចំណែក​ក្នុងការ​ផ្តល់​ការ​សហ​ការ​ ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ផ្សេងៗ​មក​ដល់​សមត្ថ​កិច្ច​វិញ»។​

លោក​បន្ថែម​ថា ​ជន​រងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​មក​សមត្ថ​កិច្ច​ថ្នាក់​លើ​ដើម្បី​ចាត់​វិធាន​ការ​បន្ត។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ប្រាប់​វីអូអេ​ថា​ អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទាប​ក្នុង​ការ​បង្រ្កាប​ការ​ជួញដូរ​មនុស្ស​នៅ​ឡើយ។​ លោក​បន្ថែម​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​ឆន្ទៈ​ពិត​ប្រាកដ ​និង​ការ​តាំង​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ ដើម្បី​កុំឱ្យប៉ះពាល់​មុខ​មាត់​កម្ពុជា​ ជា​ពិសេស​ជះ​ផល​អាក្រក់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស ។​

លោក​បញ្ជាក់​ថា៖​ «កម្ពុជា​យើង​ត្រូ​វតែ​មាន​ការ​ខិត​ខំ​និង​ការ​ប្រឹង​ប្រែង​ទៅ​លើ​ការ​បង្ក្រាប​និង​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ​ពីព្រោះ​បញ្ហា​ទាំង​អស់​នេះ​វា​ជះ​ឥទ្ធិ​ពល​ ប៉ះពាល់​ដល់​កម្ពុជា​ មុខ​មាត់​កម្ពុជា​យើង»។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (Scam)​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​បរទេស​ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួក​គេ​មិន​ឱ្យ​មាន​សេរី​ភាព ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ជំរិត​ទារ​ប្រាក់​ជា​ដើម។​ ឧក្រិដ្ឋ​ជន ​ដែល​ភាគ​ច្រើន​ជា​ជន​បរទេស ​បាន​ជួល​អគារ ​ឬ​ទីតាំង​ពី​អ្នក​ជំនួញ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ដើម្បី​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។​

គួរ​បញ្ជាក់​ថា ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស ​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២២​ បង្ហាញ​ថា ​កម្ពុជា​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​កម្រិត​ពីរ ​(Tier 2)​ មក​កម្រិត​បី​ (Tier 3)​ ដែល​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​មួយ ​និង​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិត​ខំ​ធ្វើ​អ្វី​ជា​ដុំ​កំភួន​ដើម្បី​កែ​លម្អ ​ហើយ​មិន​បាន​បំពេញ​តាម​បទដ្ឋាន​អប្បបរមា​ ដូច​ដែល​បាន​កំណត់។ ​របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​អំពី​ការ​កេង​ប្រវ័ញ្ច​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ឬ​ហៅថា ​Scam ​ផង​ដែរ៕

XS
SM
MD
LG