ក្រសួងមហាផ្ទៃបានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះជនបរទេស ដែលត្រូវបានរាយការណ៍ថាជាជនរងគ្រោះនៃអំពើជួញដូរនិងរត់ពន្ធមនុស្ស សរុបប្រមាណ ៩០០ នាក់ ចាប់តាំងពីដើមខែមករា រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ នេះ។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលត្រូវបានចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ ដែលវីអូអេទទួលបាន។
កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេស ធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេ មិនឱ្យមានសេរីភាព ធ្វើទារុណកម្ម និងជំរិតទារប្រាក់ជាដើម។
ក្រសួងមហាផ្ទៃបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានធ្វើប្រតិបត្តិការចំនួន ៨៧ ករណី ដោយជួយសង្គ្រោះជនរងគ្រោះចំនួន ៨៦៥ នាក់ ចាប់តាំងពីដើមខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២។ ក្រសួងបានលើកឡើងបន្ថែមថា អាជ្ញាធរបានកសាងសំណុំរឿងចំនួន ១៧ ករណី បញ្ជូនទៅតុលាការ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦០ នាក់។
បើតាមសេចក្តីអំពាវនាវរបស់ក្រសួងមហាផ្ទៃ នៅក្នុងសប្តាហ៍ទី ៤ នៃខែសីហានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះសរុបចំនួន ២៥ នាក់ទៀត ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ២៣ នាក់ នៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ ស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រសួងបានបញ្ជាក់បន្ថែមថា នៅមានករណីសេសសល់បន្ថែមទៀត ដែលកំពុងបន្តស្រាវជ្រាវដើម្បីសង្គ្រោះ និងចុះបង្ក្រាប។
បើផ្អែកតាមការស្រាវជ្រាវនិងសួរចម្លើយ ក្រសួងមហាផ្ទៃបានរកឃើញថា ជនបរទេសទាំងនោះមួយចំនួនធំ ត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសខ្លួន និងមានបក្សពួកនៅក្នុងកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងព្រំដែនដោយខុសច្បាប់ ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។
ប៉ុន្តែជាក់ស្តែងជនទាំងនោះ ត្រូវបានចាត់ឲ្យបម្រើការងារក្នុងល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពីក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន។ ក្នុងករណីខ្លះទៀត ពួកគេរងអំពើហិង្សានិងការគំរាមកំហែងផ្សេងៗ ប្រសិនបើពួកគេមិនធ្វើតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។ នេះបើតាមក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែលនោះ លោក ស ខេង បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំពិតជាមានការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើអមនុស្សធម៌ទាំងនេះ»។
ក្រសួងមហាផ្ទៃក៏បានអំពាវនាវឲ្យសាធារណជនអន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្តាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ស្ថានទូតបរទេសមួយចំនួនបានស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋរបស់ខ្លួន ដែលត្រូវបានអះអាងថា រងគ្រោះដោយសារការបង្ខាំង និងបង្ខំឱ្យធ្វើការនៅកម្ពុជា ក្នុងនោះមានពលរដ្ឋបង់ក្លាដែស ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងថៃ។
លោកបានបញ្ជាក់ក្នុងសម្តីដើមថា៖ «ក្រសួងការបរទេសតែងតែសម្របសម្រួល បញ្ជូនសំណើសុំកិច្ចអន្តរាគមន៍របស់ស្ថានតំណាងបរទេស ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីពិនិត្យនិងធ្វើកិច្ចអន្តរាគមន៍។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាបន័ពាក់ព័ន្ធកម្ពុជា ដើម្បីលើកកម្ពស់យន្តការទទួលបណ្តឹង សំណើសុំអន្តរាគមន៍ និងចាត់ការពាក្យបណ្តឹងជួយសង្គ្រោះពលរដ្ឋដែលជាជនសង្ស័យថា រងគ្រោះដោយអំពើជួញដូរមនុស្ស»។
កាលពីពេលកន្លងទៅ សារព័ត៌មាន Taipei Times ក៏បានចុះផ្សាយថា ជនជាតិតៃវ៉ាន់ត្រូវបានជួយសង្គ្រោះពីកម្ពុជាផងដែរ។ ចំណែកសារព័ត៌មាន Al Jazeera ក៏បានចុះផ្សាយអំពីជនជាតិចិនក្លាយជាជនរងគ្រោះក្នុងអំពើឆបោកនេះដែរ៕