មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានឲ្យដឹងថាកម្មករសរុបជិត១.៧០០នាក់ មកពីរោងចក្រជាង២០០ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះឆ្លងរាលដាលជំងឺនេះក្នុងសហគមន៍២០កុម្ភៈ។
លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃពុធថាកម្មករសរុបចំនួន១.៦៧៣នាក់ មកពី២០៦រោងចក្រដែលភាគច្រើននៅភ្នំពេញ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីការផ្ទុះឆ្លងរាលដាលជំងឺនេះក្នុងសហគមន៍ថ្ងៃទី២០ ខែកុម្ភៈ។
លោកបន្ថែមថាក្នុងនោះ មានកម្មករ១.៥៩៨នាក់នៅរាជធានីភ្នំពេញ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។ កម្មករឆ្លងផ្សេងទៀតមកពីរោងចក្រនៅខេត្តកណ្តាល តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តកំពង់ចាម។
លោក ហេង សួរ បានថ្លែងថា៖ «ប៉ុន្តែចំនួននេះអាចមានការកើនឡើង ឬមួយក៏ប្រែប្រួល ពីព្រោះបច្ចុប្បន្ននេះ នៅក្នុងស្រុកអង្គស្នួលនៃខេត្តកណ្តាល ក៏យើងកំពុងតែធ្វើតេស្តហើយកំពុងសម្របសម្រួលរកអ្នកដែលប៉ះពាល់ផ្ទាល់ហើយត្រូវធ្វើសំណាកបន្ថែមទៀត»។
លោក ហេង សួរ ឲ្យដឹងទៀតថាកម្មករប្រមាណ១៧.០០០នាក់ ត្រូវបានធ្វើចត្តាឡីស័កនាពេលកន្លងមក ពាក់ព័ន្ធនឹងការផ្ទុះឆ្លងនេះ។
កាលពីដើមខែមេសា អាជ្ញាធរសុខាភិបាលបានរកឃើញកម្មកររាប់សិបនាក់មកពីរោងចក្រមួយមានឈ្មោះថាសហគ្រាស ឌីនហាន់ (Din Han Enterprise) ដែលស្ថិតក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឆ្លងជំងឺកូវីដ១៩។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថារដ្ឋាភិបាលបានឲ្យរោងចក្របន្តបើកប្រាក់ឈ្នួលដល់កម្មករ៥០%សម្រាប់ការងារកន្លះខែគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ខែមេសានិងបានស្នើរោងចក្រឲ្យបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ សម្រាប់រយៈពេលពាក់កណ្តាលទៀតនៃខែមេសាគឺចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី៣០ បើទោះពួកគេមិនបានបំពេញការងារ ក្នុងពេលរាំងខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដែលមានរយៈពេលជាង២ខែមកហើយ រហូតដល់ថ្ងៃពុធនេះ កម្ពុជារកឃើញករណីឆ្លងសរុបជាង១ម៉ឺននាក់ ហើយមានករណីស្លាប់ជាង៨០នាក់៕