ភ្នំពេញ — «ពីរបីថ្ងៃនេះគឺចាប់ផ្តើមដាច់ហើយ អស់តែម្តង។ លុយក្នុងខ្លួនឥលូវសល់តែ៤,៥០០លុយខ្មែរទេអ៊ីចឹងមានតែចាំតែជំនួយពីខាងរដ្ឋាភិបាលដែលថាផ្តល់ឲ្យទេ ព្រោះឥលូវចេញទៅលក់របស់ ចេញមិនកើតទៀត ផ្លូវគេបិទខ្ទប់ហើយ ព្រោះយើងនៅតំបន់ក្រហម»។
នេះជាការត្អូញត្អែររបស់លោក ឡេង គឹមឡុង អាជីវករមួយរូបដែលកំពុងរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានកំណត់ថាជាតំបន់ក្រហម ក្រោយមានការឆ្លងរាលដាលជំងឺកូវីដ១៩ខ្លាំង រហូតមានការហាមមិនឲ្យធ្វើដំណើរចេញពីគេហដ្ឋាន។
ការត្អូញត្អែររបស់លោកឡេង គឹមឡុង ធ្វើឡើង បន្ទាប់ពីសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមេសា បានកំណត់ដាក់សង្កាត់ស្ទឹងមានជ័យ ១ ស្ទឹងមានជ័យ ២ ស្ទឹងមានជ័យ ៣ នៃខណ្ឌមានជ័យសង្កាត់ចោមចៅទី ១ នៃខណ្ឌពោធិ៍សែនជ័យនិងភូមិ ១៤ ភូមិ ១៦ និងភូមិ ១៧ ក្នុងសង្កាត់បឹងសាឡាងនៃខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។
តំបន់ក្រហម ជាតំបន់ដែលប្រជាពលរដ្ឋមិនអាចចេញក្រៅផ្ទះបានជាដាច់ខាត លើកលែងតែមានបញ្ហាសុខភាពបន្ទាន់ ការធ្វើដំណើរទៅផ្ដល់សំណាកធ្វើតេស្តនិងការធ្វើដំណើរទៅចាក់វ៉ាក់សាំងដូសទី ២ នៅតាមទីតាំងធ្វើតេស្ត និងចាក់វ៉ាក់សាំងដែលជិតបំផុតនៃតំបន់ក្រហម។
ការដាក់ជាតំបន់ក្រហមនេះគឺក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមេសាមក។
ខ្វះទាំងចំណូល ទាំងស្បៀងបរិភោគ
លោក ឡេង គឹមឡុង អ្នកលក់ដូរម្ហូបគ្រឿងសមុទ្រក្នុងតូបដ៏តូចមួយ នៅម្តុំរោងចក្រឌីនហានផងនោះនិយាយថា មុនពេលឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ក្នុងខណ្ឌមានជ័យ ការលក់ដូររបស់លោកអាចចំណេញបានប្រមាណជា ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ជារៀងរាល់ខែ លោកត្រូវចំណាយ ១៤០ ដុល្លារ សម្រាប់ថ្លៃផ្ទះ និងត្រូវបង់ធនាគារចំនួន ៨៧ ដុល្លារ សម្រាប់កម្ចីទិញម៉ូតូ។
បើសិនជាអត់ផ្តល់ជាស្បៀងទេ គ្មាននរណាគេនៅស្លាប់ទេ ចេញរកលុយហើយ ព្រោះអាចដាច់បាយស្លាប់។ ព្រោះអត់បើមានលុយទិញអង្ករដាំបាយទេ
លោកថា តាំងពីថ្ងៃទី ៥ ខែមេសាមក លោកបានបាត់បង់ចំណូលទាំងស្រុង បន្ទាប់ពីអាជ្ញាធរដាក់តំបន់ដែលលោកកំពុងរស់នៅនិងប្រកបអាជីវកម្ម ស្ថិតក្រោមវិធានការបិទខ្ទប់ ដែលមិនអនុញ្ញាតឲ្យមានសកម្មភាពក្នុងសង្គមអ្វីទាំងអស់។ មកទល់ពេលនេះ លោកកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារសម្រាប់បរិភោគជាប្រចាំថ្ងៃ។
«យើងអត់មានចំណូលចូលទេរាល់ថ្ងៃ ហើយរកស៊ីក៏មិនដឹងជារកអីកើត ព្រោះគេបិទខ្ទប់សូម្បីតែស្បៀងក៏ពិបាកទិញហើយឥលូវអត់ទាំងលុយទិញទៀត អស់តែម្តង»។
លោក ឡេង គឹមឡុង បានប្រាប់ VOA ថា លោកគាំទ្រការបិទខ្ទប់របស់អាជ្ញាធរ ប៉ុន្តែលោកបារម្ភថា ការបិទខ្ទប់នេះអាចនឹងមិនមានប្រសិទ្ធភាព ប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមភាគច្រើន មិនមានស្បៀងគ្រប់គ្រាន់។
«បើសិនជាអត់ផ្តល់ជាស្បៀងទេ គ្មាននរណាគេនៅស្លាប់ទេ ចេញរកលុយហើយ ព្រោះអាចដាច់បាយស្លាប់។ ព្រោះអត់បើមានលុយទិញអង្ករដាំបាយទេ»។
បុរសវ័យអាយុ ២៩ ឆ្នាំរូបនេះ បាននិយាយបន្ថែមថា លោកចង់ឲ្យម្ចាស់ផ្ទះ និងធនាគារពន្យារការបង់ប្រាក់ ដើម្បីសម្រួលដល់ជីវភាពរបស់លោក និងពលរដ្ឋមួយចំនួនទៀត ដែលកំពុងប្រឈមខ្លាំងដោយសារការបិទខ្ទប់ក្នុងតំបន់ក្រហមទាំងនេះ។
ស្រដៀងគ្នានឹងលោក ឡេង គឹមឡុង អ្នកស្រី អ៊ឹម សុភាពដែលជាពលរដ្ឋម្នាក់ទៀត ដែលកំពុងរស់នៅក្នុងតំបន់ក្រហមដែរ បានប្រាប់ VOA តាមទូរស័ព្ទពីផ្ទះជួលក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ថា ក្នុងតំបន់ដែលអ្នកស្រីកំពុងរស់នៅផ្សារទាំងអស់ត្រូវបានបិទ ហើយពលរដ្ឋត្រូវបានហាមឃាត់មិនឲ្យចេញក្រៅផ្ទះតាំងពីថ្ងៃទី ១៧ ខែមេសាមក ដោយសារការផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩។
ស្រ្តីវ័យ ៣៥ ឆ្នាំរូបនេះ ដែលធ្វើការនៅរោងចក្រកាត់ដេរមួយក្នុងខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទៀតថា ចាប់តាំងពីថ្ងៃទី ៩ ខែមេសាមក អ្នកស្រីដែលកំពុងរស់នៅជាមួយប្អូនស្រីម្នាក់លែងបានទៅធ្វើការ ដោយសារការបិទខ្ទប់។ ការបិទខ្ទប់នេះធ្វើឲ្យអ្នកស្រីលែងមានចំណូល សម្រាប់ចំណាយប្រចាំថ្ងៃ និងចំណាយផ្សេងៗ ដូចជាបង់ឈ្នួលផ្ទះ និងបង់ធនាគារ។
«បញ្ហាធំសម្រាប់ពួកខ្ញុំ ទី១ គឺនៅតែធ្វើការឃុំខ្ទប់ខ្ញុំ អ៊ីចឹងតើពួកខ្ញុំបានកម្រៃមកពីណា សម្រាប់ហូបចុក មិននិយាយចំថាយកលុយទៅបង់ធនាគារទេ សម្រាប់ការហូបចុកប្រចាំថ្ងៃហ្នឹង គឺពួកខ្ញុំស្ទើតែខ្វះខាតទាំងស្រុងបាត់ទៅហើយ»។
រស់នៅក្នុងបន្ទប់ជួលទំហំ ៣ ម៉ែត្រ គុណ ៤ ម៉ែត្រ អ្នកស្រី សុភាព ក៏បានប្រាប់ VOA ថា អ្នកស្រីមិនមានលទ្ធភាពផ្ញើលុយទៅកូនប្រុសម្នាក់អាយុ ១២ ឆ្នាំ ដែលកំពុងរស់នៅខេត្តកំពង់ចាម ជាមួយម្តាយរបស់អ្នកស្រី ដូចមុនឡើយ។
យ៉ាងណាមិញ កាលពីប្រមាណ ១០ ថ្ងៃមុន អ្នកស្រី អ៊ឹម សុភាព បានបញ្ជាក់ថា អ្នកស្រីបានទទួលការឧបត្ថម្ភពីអាជ្ញាធរ ដែលមានអង្ករ ២៥ គីឡូ មី ត្រីខ និងប្រាក់ ៣០ ម៉ឺនរៀល។ ប៉ុន្តែអ្នកស្រីថា អ្នកស្រី និងប្អូនស្រីបានប្រើប្រាស់ស្ទើរតែអស់ទៅហើយ។
អ្នកស្រីក៏បានបង្ហាញក្តីព្រួយបារម្ភថា ប្រសិនបើការបិទខ្ទប់និងការហាមឃាត់មិនឲ្យចេញក្រៅផ្ទះនៅតែបន្ត នោះអ្នកស្រីរំពឹងថា អាជ្ញាធរនឹងបន្តការផ្តល់ស្បៀងព្រមទាំងជួយសម្រួលថ្លៃឈ្នួលផ្ទះ និងការបង់ធនាគារ បើមិនដូច្នោះទេ ការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រីច្បាស់ជាដុនដាប មិនអាចទ្រាំទ្របានឡើយ។
អស់បីថ្ងៃហើយបង ទិញអាទឹកដោះគោខាប់ ទឹកដោះគោឆុងទឹកក្តៅ ឲ្យវាបៅបណ្តើរៗ ឥលូវចង់ក្តៅខ្លួនហើយបងអើយ
ជាអ្នកបម្រើការងារនៅក្លឹបស្នូកឃ័រមួយកន្លែងក្នុងភូមិ ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាតំបន់ក្រហមអ្នកស្រី លី ម៉េងជូ បានប្រាប់ VOA ថា ចាប់តាំងពីការប្រកាសដាក់តំបន់រស់នៅរបស់អ្នកស្រីជាតំបន់ក្រហម អ្នកស្រី និងកូនតូចៗពីរនាក់ មិនអាចចេញពីផ្ទះ សូម្បីតែទៅទិញម្ហូបអាហារ។
អ្នកស្រី ម៉េង ជូ បានរៀបរាប់បន្តថា អ្នកស្រីបានទទួលការឧបត្ថម្ភស្បៀង កាលពីថ្ងៃទី ២០ ខែមេសា ប៉ុន្តែស្បៀងទាំងនោះមិនគ្រប់គ្រាន់សម្រាប់បរិភោគដល់ចុងខែមេសានេះទេ។
«គេបិទអ៊ីចឹងទៅ អាហ្គាសអាអីហ្នឹងពេលអស់ទៅ យើងក៏ពិបាកទៅដូរ ទឹកផឹកទឹកអីអីចឹង យើងពិបាកផឹកទឹកទៀត។ និយាយរួម យើងនៅតែក្នុងបន្ទប់ យើងអត់អាចចេញទៅណាកើត។ មីមិនសល់ប៉ុន្មានទេបងអើយ ញ៉ាំតាំងពីគេចែកឲ្យហ្នឹងសល់ប្រហែល២០កញ្ចប់ទៀតអស់ហើយ។ ញ៉ាំឡើងចង់ក្តៅខ្លួនហើយ។ វាក្តៅពេក យើងញ៉ាំមីពេក»។
ស្រ្តីមេម៉ាយកូនពីរ វ័យ ២៧ ឆ្នាំរូបនេះ បានបន្ថែមថា ជាងបីថ្ងៃមកនេះ កូនទាំងពីររបស់អ្នកស្រីដែលមានអាយុបី និងបួនឆ្នាំ មិនមានទឹកដោះគោសម្រាប់បៅ ហើយអ្នកស្រីក៏មិនមានលុយសម្រាប់ទិញម្ហូបអាហារនិងបង់ថ្លៃឈ្នួលផ្ទះទៀតដែរ។
និយាយដោយឮសម្រែកកូនស្រែកម្តងៗ អ្នកស្រីបញ្ជាក់ថា៖ «អស់បីថ្ងៃហើយបង ទិញអាទឹកដោះគោខាប់ ទឹកដោះគោឆុងទឹកក្តៅ ឲ្យវាបៅបណ្តើរៗ ឥលូវចង់ក្តៅខ្លួនហើយបងអើយ»។
អ្នកស្រី ម៉េងជូ ដែលទើបនាំកូនចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ចាម មកធ្វើការនៅរាជធានីភ្នំពេញបានរយៈពេលបីខែ បានរៀបរាប់ថា អ្នកស្រីចង់ឲ្យអាជ្ញាធរជួយសម្រួលបន្ថែមស្បៀងអាហារ ទឹកដោះគោសម្រាប់កូន និងការចំណាយថ្លៃឈ្នួលផ្ទះ ដែលអ្នកស្រីកំពុងខ្វះខាតជាចាំបាច់។
វិធានការបិទខ្ទប់នានាដើម្បីទប់ទល់នឹងការឆ្លងរាលដាល
កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទខ្ទប់នេះ ក៏ត្រូវបានបន្តមួយសប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី ៥ ខែឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី ២៦ ខែមេសា។
បន្ថែមលើវិធានការបិទខ្ទប់នេះ សាលារាជធានីភ្នំពេញក៏បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី ២៣ ខែមេសា ដោយបិទផ្សាររដ្ឋ និងផ្សារលក់ទំនិញតាមសហគមន៍គ្រប់ទម្រង់ទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង «តំបន់ក្រហម» ដែលលោក ឡេង គឹមឡុង អ្នកស្រី អ៊ឹម សុភាព និងអ្នកស្រី លី ម៉េងជូ កំពុងរស់នៅ គឺត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់។
ក៏ប៉ុន្តែ មានករណីលើកលែងមួយចំនួន ដូចជាសកម្មភាពការងារចាំបាច់មួយចំនួនរបស់រដ្ឋ និងការផ្គត់ផ្គង់តម្រូវការផ្នែកសុខាភិបាល និងតម្រូវការប្រចាំថ្ងៃចាំបាច់សម្រាប់ការរស់នៅរបស់ពលរដ្ឋក្នុង«តំបន់ក្រហម» តែប៉ុណ្ណោះ ដោយមានឯកសារបញ្ជាក់ច្បាស់លាស់ និងមានការអនុញ្ញាតពីអាជ្ញាធរជាចាំបាច់។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម មានប្រសាសន៍ថា ការអំពាវសុំជំនួយដូចជាស្បៀង និងការត្អូញត្អែរអំពីការលំបាករកទិញស្បៀងរបស់ប្រជាពលរដ្ឋដូចជាលោក ឡេង គឹមឡុង អ្នកស្រី អ៊ឹម សុភាព និងអ្នកស្រី លី ម៉េងជូ ក្នុងអំឡុងការប្រកាសបិទខ្ទប់នេះ បង្ហាញថា ការចែកចាយស្បៀងដែលចាំបាច់សម្រាប់ទ្រទ្រង់ជីវិត ក្នុងអំឡុងពេលនេះ មានការខ្វះខាតច្រើន។
លោកបន្តថាការប្រកាសវិធានការបិទខ្ទប់ភ្លាមៗ ហើយអនុវត្តភ្លាមៗ ហាក់មិនបានគិតដល់ការចែកចាយស្បៀង ជាពិសេសដល់អ្នកមានប្រាក់ចំណូលទាប ដែលគ្មានលទ្ធភាពទិញស្បៀងទុកបើធៀបនឹងអ្នកមានប្រាក់ចំណូលខ្ពស់ ដែលមានលទ្ធភាពធ្វើដូច្នេះ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានបញ្ជាក់ថា៖ «អាជ្ញាធរត្រូវជួយសម្រួលឲ្យអ្នកផលិត អ្នកជំនួញទិញលក់ស្បៀងអាចបន្តការងាររកស៊ីរបស់ពួកគេជាធម្មតាបំផុត ហើយឲ្យអ្នកទិញស្បៀងអាចទៅទិញស្បៀងបានជាធម្មតាបំផុត គ្រាន់តែអ្នកនោះមានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណជាប់នឹងខ្លួនដើម្បីត្រួតពិនិត្យ មិនបាច់ត្រូវមានបណ្ណអនុញ្ញាតទេ។ មុនចូលផ្សារ អ្នកទាំងនោះត្រូវធ្វើតាម «៣ការពារ ៣កុំ» និងត្រូវធ្វើតេស្តយកកម្តៅ ឬត្រូវតេស្តឆាប់ភ្លាមៗមើលថា មានរោគ ឬអត់»។
ការផ្តល់ជំនួយស្បៀងនៅតែមានកម្រិត
ចាប់តាំងពីមានការបិទខ្ទប់រាជធានីភ្នំពេញ និងការកំណត់តំបន់មួយចំនួនជាតំបន់ក្រហមមក រដ្ឋាភិបាលបានប្រកាសបង្កើតក្រុមតេឡេក្រាម «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ)» ដើម្បីឲ្យប្រជាពលរដ្ឋដែលមានការខ្វះខាតស្បៀងបន្ទាន់អាចស្នើសុំបាន។
បន្ថែមលើនេះ សាលារាជធានីភ្នំពេញក៏បានចុះចែកស្បៀងតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដោយស្បៀងទាំងនោះ មានដូចជា អង្ករ ២៥ គីឡូ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរក្នុងមួយគ្រួសារ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ VOA កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ តាមបណ្តាញសង្គមតេឡេក្រាមយ៉ាងខ្លីថា លោកមិនទាន់មានទិន្នន័យអំពីការចែកចាយស្បៀងនៅឡើយ។
ប៉ុន្តែលោកបានបញ្ជាក់ថា៖ «ក្នុងតំបន់ក្រហម បានចែកជាបន្តបន្ទាប់ ប៉ុន្តែអ្នកកំពុងខ្វះស្បៀង ចែកមុន»។
មានអារម្មណ៍តានតឹង គិតច្រើន។ ទី១ បាត់បង់ការងារ ទី២ ត្រូវជំពាក់គេ។ ត្រូវរកលុយដើម្បីសងគេដើម្បីឲ្យម្តាយ ឲ្យកូនអីអ៊ីចឹង អ៊ីចឹងគឺមានស្រ្តេសខ្លាំងណាស់ មានសម្ពាធខ្លាំងសម្រាប់ពួកខ្ញុំ គឺខ្ញុំគិតតែម្តង។ ថាបើអត់មានចំណូល តើបានអីចំណាយ? រហូតដល់ឈឺក៏មានដែរ
ក្រៅពីការប្រកាសចែកស្បៀងដល់ពលរដ្ឋដែលកំពុងប្រឈមនឹងកង្វះខាតស្បៀង ក្រសួងពាណិជ្ជកម្មក៏បានបញ្ចេញស្បៀងដូចជាអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ដាក់លក់តាមតំបន់បិទខ្ទប់ ក្នុងតម្លៃប្រហាក់ប្រហែលទីផ្សារផងដែរ។
ក៏ប៉ុន្តែ ទោះបីជារដ្ឋាភិបាលកំពុងព្យាយាមបង្កើនសកម្មភាពផ្តល់ជំនួយរបស់ខ្លួនដល់ពលរដ្ឋដែលកំពុងរងការខ្វះស្បៀងក្តី ក៏ជំនួយទាំងអស់នេះ នៅមានកម្រិតនៅឡើយ ស្របពេលដែលការបន្តអំពាវនាវសុំស្បៀងពីសំណាក់ប្រជាពលរដ្ឋខ្វះខាតខ្លាំង កំពុងតែកើតមានជាបន្តបន្ទាប់នៅតាមបណ្តាញសង្គម។
គណនីហ្វេសប៊ុកឈ្មោះ Sarady Bido ដែលអះអាងថាជាពលរដ្ឋរស់នៅភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងជាអ្នកប្រើប្រាស់បណ្តាញសង្គមFacebook មួយរូប បានសរសេរនៅលើប្រអប់បញ្ចេញមតិលើគណនីហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ថា៖
«កូនចៅនៅតំបន់ក្រហមខាងកើតរបងអគ្គិសនីដីថ្មី ភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ដាច់ស្បៀងហើយ សូមសម្ដេចពុកជួយប្រោសប្រទានជួយកូនចៅផង!!! ពុំទាន់មានជំនួយណាមួយមកផ្ដល់ឲ្យទេ!!»។
លោក Sarady បានសរសេរដូច្នេះ កាលពីថ្ងៃអាទិត្យ ទី២៥ខែមេសាកន្លងទៅនេះ។ ដូចគ្នាដែរ លោក ចិត្រា ម៉ៃ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ម្នាក់ទៀត បានរៀបរាប់ពីកង្វះស្បៀងដែលលោកកំពុងប្រឈមនៅក្នុងក្រុងតាខ្មៅនៃខេត្តកណ្តាល។
លោក ចិត្រា ម៉ៃ បានសរសេរថា៖ «ពេលនេះកូនស្នាក់នៅបន្ទប់ជួល [ក្នុង] ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ អស់ស្បៀងហូបហើយ»។
គិតត្រឹមថ្ងៃទី ២៦ ខែមេសានេះ ក្នុងក្រុមតេឡេក្រាម «តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់ (គ.ប.ខ)» មានប្រជាពលរដ្ឋជិត ៥ ម៉ឺននាក់ បានស្នើសុំជំនួយពីអាជ្ញាធរក្នុងក្រុមនោះ។
សម្ពាធផ្លូវចិត្ត
ការបិទខ្ទប់មិនអាចចេញពីផ្ទះបាន មិនត្រឹមតែកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងជីវភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ វាថែមទាំងកំពុងធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់ប្រជាជនជាច្រើននាក់ប្រឈមនឹងភាពតានតឹង។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីសប្តាហ៍មុន អ្នកស្រី អ៊ឹម សុភាព ដែលជាកម្មកររោងចក្រម្នាក់នៅសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ VOA ពីបញ្ហាប្រឈមនៃសុខភាពផ្លូវចិត្តរបស់អ្នកស្រី។
«មានអារម្មណ៍តានតឹង គិតច្រើន។ ទី១ បាត់បង់ការងារ ទី២ ត្រូវជំពាក់គេ។ ត្រូវរកលុយដើម្បីសងគេដើម្បីឲ្យម្តាយ ឲ្យកូនអីអ៊ីចឹង អ៊ីចឹងគឺមានស្រ្តេសខ្លាំងណាស់ មានសម្ពាធខ្លាំងសម្រាប់ពួកខ្ញុំ គឺខ្ញុំគិតតែម្តង។ ថាបើអត់មានចំណូល តើបានអីចំណាយ? រហូតដល់ឈឺក៏មានដែរ។ ឥលូវហ្នឹងអាការៈរបស់ខ្ញុំកំពុងតែផ្តាសាយគឺមានអារម្មណ៍ថាធុញថប់ គិតច្រើន ឈឺក្បាល ផ្តាសាយរហូត អត់មានជាទេ»។
ស្ត្រីវ័យ ៣៥ ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់ VOA ថា អ្នកស្រីភ័យខ្លាចអាជ្ញាធរដែលដើរហាមមិនឲ្យចេញក្រៅផ្ទះ ជាងខ្លាចជំងឺកូវីដទៅទៀត។
«អ្វីដែលពួកខ្ញុំបារម្ភខ្លាំងបំផុតនៅពេលបច្ចុប្បន្នហ្នឹង គឺពួកគាត់ជាប៉ូលិស គឺគាត់គំរាម គឺគាត់វាយ គាត់ប្រើកម្លាំង ប្រើសំឡេងមកលើពួកខ្ញុំ ធ្វើឲ្យខ្ញុំភ័យខ្លាចមួយកម្រិតទៀត។ ឥលូវហ្នឹងចង់ខ្លាចគាត់ជាងជំងឺឆ្លងទៀត ព្រោះឃើញគាត់មក គាត់រោទិ៍ម៉ូតូមកគាត់ស្រែកមកអ៊ីចឹង ហាក់បីជាស្លន់ស្លោរម្នាក់ៗបាតជើងសព្រាត ចូលបន្ទប់រៀងខ្លួន»។
លោក ហឿ សេធុល អ្នកចិត្តវិទ្យានិងជាប្រធានសមាគមអ្នកប្រឹក្សាយោបល់និងអប់រំផ្លូវចិត្តបានប្រាប់ VOA ថា បើតាមការសិក្សាស្រាវជ្រាវរបស់លោក កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ប្រជាជនកម្ពុជារងនូវការប៉ះពាល់ផ្លូវចិត្តទ្វេរដង ក្នុងអំឡុងការឆ្លងរាលដាលជំងឺកូវីដ១៩។
សម្រាប់ប្រជាជនស្ថិតក្នុងតំបន់បិទខ្ទប់ ពិសេសអ្នកនៅក្នុងតំបន់ក្រហមដែលមិនអាចចេញពីផ្ទះបាន ពួកគេកាន់តែងាយរងសម្ពាធផ្លូវចិត្តដោយសារស្ថានភាពរស់នៅមានភាពតូចចង្អៀត ហើយបញ្ហាសេដ្ឋកិច្ចរបស់ពួកគេក៏ប្រឈមខ្លាំង។
«នៅក្នុងតំបន់ក្រហម មនុស្សភាគច្រើនគឺអ្នករោងចក្រហើយនិងអ្នកផ្ទះជួល ហើយគាត់នៅតែមួយបន្ទប់ៗទេ។ ហ្នឹងមួយរយភាគរយដែលគាត់ប្រឈមមុខនឹងសម្ពាធផ្នែកផ្លូវចិត្តខ្លាំង ដោយសារតែគត់នៅតែបន្ទប់បួនជ្រុង ដែលគាត់អត់អាចទៅណាបាន គាត់អាចត្រឹមបើកទ្វារ បើកអី អើតមកក្រៅតែមិនអាចដើរចេញក្រៅបានផ្តេសផ្តាសទេ ពីព្រោះអាជ្ញាធរអាចប្រើរំពាត់ អាចប្រើអី»។
លោក សេធុល បានបញ្ជាក់ទៀតថា ប្រសិនបើការបិទខ្ទប់កាន់តែយូរ នោះកម្រិតនៃការធ្លាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋនឹងកាន់តែធ្ងន់ធ្ងរ ដែលអាចឈានដល់ការកញ្ជ្រោល និងរហូតដល់ធ្វើអត្តឃាត។
«បើក្នុងករណីដែលត្រូវបន្តពីរសប្តាហ៍ទៀត បងបារម្ភថាភាពចលាចលអាចនឹងកើតមានខ្លាំង ភាពតប់ប្រមល់របស់គាត់អាចនឹងខ្លាំងគាត់នឹងអាចច្របូកច្របល់ខ្លាំង ហើយគាត់អាចនឹងកញ្ជ្រោល។ កម្រិតនៃការការថប់បារម្ភរបស់គាត់អាចនឹងខ្លាំង ឬក៏កម្រិតនៃការធ្លាក់ទឹកចិត្តគាត់ខ្លាំង គាត់នឹងកញ្ជ្រោល។ អ្នកដែលមិនកញ្ជ្រោលអាចនឹងប្រឈមនឹងការធ្វើបាបខ្លួនឯង»។
អ្នកជំនាញផ្នែកចិត្តវិទ្យារូបនេះបានបន្ថែមថា ការទប់ស្កាត់ឬកាត់បន្ថយបញ្ហាធ្លាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់បាន លុះត្រាតែរដ្ឋាភិបាលចេញវិធានការក្នុងការផ្តល់ជំនួយបានគ្រប់គ្រាន់ និងទាន់ពេល។ ចំណែកប្រជាពលរដ្ឋត្រូវកាត់បន្ថយការមើលព័ត៌មានដែលច្របូកច្របល់ច្រើន ហើយប្តូរមកបង្កើនទម្លាប់ក្នុងការអាន និងហាត់ប្រាណជាដើម។
បច្ចុប្បន្ននេះ វិធានការបិទខ្ទប់និងដាក់តំបន់មួយចំនួនដូចជា តំបន់ខ្លះនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលលោក ឡេង គឹមឡុង អ្នកស្រី អ៊ឹម សុភាព និងអ្នកស្រី លី ម៉េងជូ កំពុងរស់នៅ កំពុងត្រូវបានមន្ត្រីមានសមត្ថកិច្ចអនុវត្តនិងរឹតបន្តឹង រហូតដល់រដ្ឋាភិបាលចេញសេចក្តីជូនដំណឹងថ្មី ដែលគេមិនទាន់ដឹងថានឹងធ្វើឡើងនៅពេលណានោះទេ។
សម្រាប់ពលរដ្ឋដែលបំពានវិធានការទាំងអស់នេះ ពួកគេអាចប្រឈមនឹងការផាកពិន័យជាទឹកប្រាក់ពី ១ លានរៀល ទៅ ៥ លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យបន្ថែមទៀតពី ២ លានរៀល ទៅ ១០ លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ ទៅអ្នកដទៃ ហើយនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល បើសកម្មភាពបំពាននោះ បណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕