ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ កាលពីនៅថ្ងៃអង្គារ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យឡើងវិញនូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីសិទ្ធិជនពិការ។ អង្គការទាំងនេះ បាននិយាយថាពួកខ្លួនមើលឃើញបញ្ញត្តិជាច្រើននៅក្នុងសេចក្តីព្រាងច្បាប់នេះ មិនស្របនឹងបទដ្ឋានសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ ហើយថែមទាំងដាក់ទោសទណ្ឌនិងរើសអើសជនពិការថែមទៀតផង។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ដែលមានទីស្នាក់ការធំនៅក្នុងសហរដ្ឋអាមេរិកបានឲ្យដឹងនៅយប់ថ្ងៃ ទី២៧ ខែមេសាថា សេចក្តីព្រាងច្បាប់ថ្មីនេះ បានប្រើប្រាស់ភាសាស្រពេចស្រពិលដែលបង្កឲ្យមានការមាក់ងាយនិងរើសអើងជនពិការ ជាជាងជួយពួកគេឲ្យទទួលបានសិទ្ធិស្មើភាពចំពោះការសិក្សា ការងារ និងការរស់នៅដោយឯករាជ្យជាដើម។
អ្នកនាង Kriti Sharma អ្នកជំនាញខាងសិទ្ធិជនពិការនៃអង្គការHRW បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «កម្ពុជាត្រូវការច្បាប់ស្តីពីសិទ្ធិជនពិការជាយូរមកហើយ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះ ចាំបាច់ត្រូវតែទម្លាក់ចោលនូវភាសារើសអើងនិងគាំទ្រសិទ្ធិក្នុងការបញ្ចូលជនពិការទៅក្នុងសង្គម គឺមិនមែនផាត់ពួកគេចេញទេ»។
កាលពីសប្តាហ៍មុន អ្នករាយការណ៍ពិសេសពីររូបរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានិងសិទ្ធិជនពិការ ក៏បានហៅសេចក្តីព្រាងច្បាប់ថ្មីនេះថាមិនបានអនុលោមតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការដោយសារវាដាក់ទោសទណ្ឌនិងពិន័យទៅលើជនពិការថែមទៀតផង។
ប៉ុន្តែ តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវប្រទេសស្វីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងអ្នករាយការណ៍ពិសេសទាំងពីរនាក់កាលពីថ្ងៃទី២៣ខែមេសាថា សេចក្តីព្រាងច្បាប់ថ្មីនេះ មិនបានដាក់បន្ទុកទៅលើជនពិការទេ តែផ្ទុយទៅវិញ វាលើកទឹកចិត្តឲ្យមានការចូលរួមដោយមានការទទួលខុសត្រូវពីជនគ្រប់រូបក្នុងការធានាសិទ្ធិជនពិការ ដើម្បីធ្វើឲ្យគុណភាពជីវិតរបស់ពួកគេប្រសើរឡើង។
កម្ពុជាបានអនុម័តច្បាប់មួយស្តីពីសិទ្ធិជនពិការកាលពីឆ្នាំ២០០៩ និងបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជនពិការនៅឆ្នាំ២០១២ ប៉ុន្តែនៅខែមេសាឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមពិនិត្យច្បាប់នេះឡើងវិញដើម្បីធ្វើវិសោធនកម្ម ប៉ុន្តែបានសម្រេចធ្វើសេចក្តីព្រាងច្បាប់ថ្មីមួយទាំងស្រុងតែម្តង។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕