ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ហាម​អ្នក​ដំណើរ​ពី​ឥណ្ឌា​ចូល​កម្ពុជា​មួយ​រយៈ ដោយសារ​បារម្ភ​ពី​ការឆ្លង​កូវីដ​១៩​បម្លែង​ខ្លួន​ថ្មី


រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ អ្នក​ដំណើរ​ដើរ​ចូល​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ​ បានហាមប្រាម​ពលរដ្ឋ​ឥណ្ឌា​ និង​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី ​ឬ​ឆ្លង​កាត់​តាម​ប្រទេស​ឥណ្ឌា មិន​ឲ្យ​ចូល​កម្ពុជា​«មួយ​រយៈ»​ ដោយ​ឥត​កំណត់​ពេល​ច្បាស់លាស់ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​រាលដាល​វីរុស​បម្លែង​ខ្លួន​ថ្មី​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​នេះ បាន​ឲ្យ​ដឹង​កាល​ពីយប់​ថ្ងៃ​អង្គារ ​ទី​២៧​ខែ​មេសា​ ​ថា​អ្នក​ដែល​មាន​ប្រវត្តិ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​៣​សប្តាហ៍​ចុង​ក្រោយ​នេះ ក៏​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា​តាម​ផ្លូវ​អាកាស​និង​ផ្លូវ​គោក​ផងដែរ។

ក្រសួង​បញ្ជាក់​ថាការ​ហាម​ឃាត់​នេះ នឹង​ចូល​ជា​ធរមាន​ចាប់​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៩​ ខែ​មេសាតទៅ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

ក្រសួង​សុខាភិបាល​កម្ពុជា ពន្យល់​ថា ​ក្រៅ​ពី​ការ​ឆ្លង​រាល​ដាល​ជា​សាកល​នៃ​វីរុស​បម្លែង​ថ្មី​ប្រភេទ​B117 ដែល​មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស ថ្មីៗ​នេះ​ក៏​មាន​លេច​ចេញ​នូវ​វីរុស​បម្លែង​ខ្លួន​ថ្មី​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា​ B1617​ ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ឥណ្ឌា ដែល​មាន​ការ​ឆ្លង​ខ្លាំង​និង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​វីរុស​ប្រភេទ ​B117 ​ទៅ​ទៀត។

គួរ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ប្រទេស​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៃ​វីរុស​កូរ៉ូណា​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ច្រើន​ជាង​គេ​បង្អស់​ទី​២​ក្នុង​ពិភពលោកបន្ទាប់​ពី​សហរដ្ឋ​អាមេរិក។

គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ប្រទេស​ឥណ្ឌា​ មាន​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​ជាង​១៧​លាន​នាក់​និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ ​ចំនួន​ជិត​២០​ម៉ឺន​នាក់។​ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ ​John Hopkins ក្នុង​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG