ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ៖ ទឹក​ជំនន់​ប៉ះ​ពាល់​ខេត្ត​បន្ទាយ​មាន​ជ័យ​ធ្ងន់ធ្ងរ​ជាង​គេ​​ក្នុង​ឆ្នាំ​២០២១​​​


លោក​ទេសរដ្ឋមន្ត្រី​ គន់ គីម អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចុះ​ជួប​ពលរដ្ឋ​នៅ​​​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ​កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ)
លោក​ទេសរដ្ឋមន្ត្រី​ គន់ គីម អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចុះ​ជួប​ពលរដ្ឋ​នៅ​​​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ​កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១។ (ហ្វេសប៊ុក/គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ)

ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​រក​ឃើញ​ថា​ជា​ខេត្ត​មួយ​ដែល​បាន​ទទួល​រងផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​គេ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​សម្រាប់​ឆ្នាំ​២០២១​នេះ​ខណៈព្យុះ​ទី​១៧​ដែល​មិន​ទាន់​ត្រូវ​បាន​កំណត់​ឈ្មោះ និង​ដែល​បាន​បក់បោក​ចេញ​ពី​ប្រទេស​ហ្វ៊ីលីពីន​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បានជះ​ឥទ្ធិពល​ខ្លាំង​ដោយ​បង្ក​ឲ្យ​មានភ្លៀង​ធ្លាក់​ច្រើន​មក​លើ​ប្រទេស​កម្ពុជា។​

​គ្រោះ​ទឹក​ជំនន់​ដែល​បន្ត​គំរាម​កំហែង​ខេត្ត​បន្ទាយ​មានជ័យ​ក៏​បណ្តាល​មក​ពីការ​ច្រាល​នៃទឹក​ជំនន់ពី​ប្រទេស​ថៃ។ ប៉ុន្តែអាជ្ញាធរ​ទទួល​បន្ទុក​គ្រប់​គ្រង​គ្រោះ​មហន្តរាយអះអាង​ថា​មិន​សូវ​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ជន់​លិច​សារ​ជា​ថ្មី​នេះ​ទេ​ព្រោះ​កម្ពស់​ទឹក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​ជា​បណ្តើរៗ។

អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក ឃុន សុខា​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ស្ថានភាព​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១​នេះ​មិនអាក្រក់​ដូច​ស្ថានភាព​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០២០​ទេ ប្រសិន​បើ​ប្រៀប​ធៀប​ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ។​

លោក​បានសម្គាល់​ថាខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​ជា​ខេត្ត​មួយ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ និង​ខេត្ត​មួយ​ចំនួន​នៅ​ជាប់​ព្រំ​ប្រទល់​ប្រទេស​ជិត​ខាង​ក៏​ទទួល​ផល​ប៉ះពាល់​ផង​ដែរ។ លោក​លើកឡើង ​កត្តាធំៗ២​យ៉ាង​ដែល​បណ្តាល​ឲ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​រង​គ្រោះ​ខ្លាំងជាង​គេ​គឺ​កត្តា​អាកាសធាតុ​និង​កត្តា​ទឹក​ជំនន់ពី​ប្រទេស​ថៃ​ឆ្លង​ចូល​មក​កម្ពុជា។

លោក​ថ្លែង​ថា៖ «ពេល​នឹង​គឺ​យើង​មាន​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ថ្នាក់​ខេត្ត​ថ្នាក់​ស្រុក​ហើយ​និង​កង​កម្លាំង​ដែល​យើង​បាន​ហ្វឹកហ្វឺន​ហើយ​រួច។ គាត់​បាន​ទៅ​ឈរ​ជើង​នៅ​ទី​នោះ​ដើម្បី​ជម្លៀស​ប្រជា​ពលរដ្ឋ​ហើយ​និង​ត្រួត​ពិនិត្យ​ស្ថានភាព​នៅ​ទី​នោះ ហើយ​និង​ថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មការ​ជាតិ​ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី គន់ គីម ក៏បាន​ចុះ​ទៅ​ប្រចាំ​ការ​នៅ​ទីកន្លែង​កើត​ហេតុ​ធ្ងន់​ធ្ងរ​នឹង​តាម​ដាន​សភាពការណ៍​ហើ​យ​និង​ពិគ្រោះ​ឆ្លើយ​តប​ជួយ​ប្រជាពលរដ្ឋ​ដែល​ជន់​លិច​នឹង»។​

ទៅ​មុខ​ទៀត​ចាប់​ពី​ខែ​តុលា​នេះ​ទៅ​អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រូប​នេះ​ជឿ​ថា​ ​គ្រោះ​ទឹក​ជំនន់​នឹង​មិន​មែន​ជា​បញ្ហា​ដែល​ត្រូវព្រួយ​បារម្ភ​នោះ​ទេ​ព្រោះ​បរិមាណ​ទឹក​ភ្លៀង​នឹងមាន​ការ​ថយ​ចុះ​នៅ​ចុង​ឆ្នាំ​នេះ​បើ​ការ​សង្កេតកម្ពស់​ទឹក​ស្ទឹង​អូរ​នានា​ ដែល​មាន​ការ​ស្រក​ចុះ​នោះ។

យោង​តាមព្រឹត្តិប័ត្រ​ព័ត៌មាន​និង​ការ​ព្យាករណ៍​កម្ពស់​ទឹក​ដែលបាន​បង្ហោះ​លើគេហ​ទំព័រ​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​បង្ហាញ​ថា​កម្ពស់​ទឹក​ទន្លេ​បាន​នឹង​កំពុង​ថម​ថយ​ចុះ​ថេរ​ជា​បណ្តើរៗ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១១​ខែ​តុលា​នេះ​គ្រាទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​មាន​កម្រិត​កម្ពស់​ទឹកថយ​ចុះ​ចំនួន៤​ថ្ងៃ​ជាប់​ៗ​គ្នា​គួរ​ឲ្យ​កត់​សម្គាល់។

ប៉ុន្តែ​ទី​តាំង​វាស់​កម្ពស់​ទឹក​ទន្លេ​ចំនួន​៦​កន្លែង​ផ្សេងៗ​ទៀត​រួម​មាន​ទន្លេមេគង្គ​-ក្រចេះ​ទន្លេ​មេគង្គ​-កំពង់​ចាមទន្លេ​បាសាក់​-ចតុ​មុខ​ទន្លេ​មេង្គ​-អ្នក​លឿង​ទន្លេ​បាសាក់​-កោះ​ខែល​ទន្លេ​សាប-ព្រែក​ក្តាម​នឹង​មាន​ការ​ឡើង​ចុះកម្រិត​ទឹក​មិន​ស្មើ​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៤ ខែ​តុលានេះ។ នេះ​បើតាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី។

បើ​តាម​ព័ត៌មាន​បឋម​ស្តី​ផល​ប៉ះពាល់​សរុប​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០២១ ​ដែល​បានផ្សាយ​ដោយគណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​មាន​ក្រុង-ស្រុកចំនួន​៦ ស្មើ​៣៨​ឃុំ-សង្កាត់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ​១៨.៧១៥​គ្រួសារ​និង​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ប្រមាណ​១.១៥០ គ្រួសារ​ ព្រម​ទាំង​ស្រូវ​ប្រមាណ​២៥.២២៣ ហិកតា​ និង​ដំណាំ​រួម​ផ្សំ​ប្រមាណ​៣០១ ហិកតា​ ត្រូវ​បាន​លិច​លង់​ដោយ​សារ​ទឹក​ជំនន់ និង​សាលារៀន​ ២៦ កន្លែង​វត្ត​ ៩ កន្លែង​ និង​មណ្ឌ​លសុខភាព​២ កន្លែង។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​លោក​ចាន់ យុត្ថា បាន​ទេ​នៅ​ថ្ងៃ​ចន្ទនេះ។

ប្រធាន​មន្ទីរ​ព័ត៌មាន​និង​អ្នកនាំពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក សេក សុខុម បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ជា​រៀង​រាល់ឆ្នាំខេត្ត​បន្ទាយ​មាន​ជ័យតែង​តែ​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់។ លោក​បន្ថែម​ គ្រោះ​ទឹកជំនន់​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ជាង​ប្រាំ​ពាន់​គ្រួសារ។ប៉ុន្តែ​ទំហំ​នៃការ​ខូចខាត​គឺ​អាស្រ័យ​លើកម្រិត​នៃ​ការ​ជន់​លិច​ទឹក​នៅ​តាម​តំបន់​នីមួយ​ៗ​ក្នុង​ខេត្ត។​

លោក​ថ្លែង​ទៀត​ថា៖ «ប្រាំ​ពាន់​គ្រួសារ​ហ្នឹង​មិនមែន​រង​គ្រោះ​ទេណា​គ្រាន់​តែ​ប៉ះពាល់​ដោយ​ទឹក​ជំនន់ ជួន​កាល​ទឹក​ហូរ​កាត់​ក្រោម​ផ្ទះ​គាត់ ទឹក​ហូរ​កាត់​មុខ​ផ្លូវ​អញ្ចឹង​មិន​មែន​រងគ្រោះ​ទឹក​ជំនន់​ដោយ​សារ​ទឹក​ជំនន់​ហ្នឹង​ទេ​បាន​ន័យ​ថា​គ្រាន់​តែ​ប៉ះពាល់​ដោយ​ទឹក​ទំនន់។ អញ្ចឹង​ទឹក​ជំនន់​វា​ធម្មតា​ទេ ឡើង​មក​វា​ប៉ះ​ផ្លូវ ប៉ះ​អីអញ្ចឹង​ទៅ។ អញ្ចឹង​សម្រាប់​ខេត្ត​បន្ទាយ​មាន​ជ័យ​ខ្ញុំ​គិត​ថា​មិន​ធ្ងន់​ធ្ងរ​ពេក​ទេ សម្រាប់​ឆ្នាំ​នេះ ឆ្នាំ​២០២១​នេះ»។

លោក​បាន​បញ្ជាក់​ថា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ទឹក​ជន់​ងាយ​ស្រក​ទៅ​វិញ​ឆាប់​រហ័ស​ជាង​ឆ្នាំ​មុន ដោយ​សារ​តែមានផ្លូវ​ទឹក​ហូរ​ប្រព័ន្ធ​ស្រោច​ស្រព​ប្រឡាយជា​ដើម​ត្រូវ​បាន​រៀប​ចំ​ត្រឹមត្រូវ និង​មាន​ការ​រួម​សហការ​ពី​អាជ្ញាធរ​ប្រទេស​ថៃ​ក្នុង​ការ​ផ្តល់​ដំណឹង​ជា​មុន​ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តំបន់​អាច​ត្រៀម​លក្ខខណៈ​បាន​ខ្ពស់​ទុក​ជាង​មុន​ក្នុង​ការ​បញ្ចៀស​ទឹកដែល​ជន់​ចូល​មក។

​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ​មិន​បាន​សម្លាប់​ជីវិត​មនុស្ស​ទេ។ នេះ​បើ​តាម​លោក សេក សុខុម។

​អ្នក​នាំ​ពាក្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​បាន​អះអាង​ថា​កុមារ​ពីរ​នាក់​ដែល​បាន​ស្លាប់នៅ​ស្រុក​ម៉ាឡៃ និង​ម្នាក់​ទៀត​ដែលបាន​ស្លាប់​នៅ​ក្រុង​សិរីសោភណ្ឌ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះ​ទឹក​ជំនន់​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យលោក ស៊ុំ ចន្ទគា​យល់​ថា​ល្បឿន​នៃ​កា​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ករណី​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នេះ ​អាច​ទទួល​យក​បាន​ក្នុង​កម្រិត​សមរម្យ​ដោយ​មិន​មាន​ភាព​យឺតយ៉ាវ​ពេក​ឬ​ឆាប់​រហ័ស​ពេក​ដែរ។

លោក​សង្កេត​ឃើញ​ថា​មាន​ស្រុក​ចំនួន​៤ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ ក្នុង​នោះ​រួម​មានស្រុក​មង្គល​បុរី ស្រុក​ភ្នំ​ស្រុក ស្រុក​ព្រះនេត្រព្រះ​និង​ស្រុក​ថ្ម​ភក់។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​សំខាន់​យើង​គ្រាន់​តែ​ថា​នៅ​ពេល​ចំពោះ​មុខ​នេះ​គឺ​ចំណុច​មើល​ទី​១ គឺ​ទាក់ទង​ទៅ​លើ​សុខ​ភាព​នៅ​ពេល​ទឹក​ស្រក​ទឹក​អី​ចឹង​ទៅ ទាក់ទង​ទៅ​នឹង​រឿង​ទឹក​នឹង​គឺ​ច្រើន​តែ​មាន​ប្រជា​ពលរដ្ឋ​គាត់​ប្រើប្រាស់​ទឹក​ប្រើប្រាស់​អី​រាករូស។ ទី​២ ទាក់ទង​ទៅ​នឹង​ស្បៀង​គឺ​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ពួកគាត់​កសិផល​ត្រូវ​លិចលង់​ចឹង​ស្បៀង​ត្រូវ​ការ​ចាំ​បាច់​ណាស់​សម្រាប់​ជួយ​ដល់​ពួក​គាត់»។

លោក​បន្ថែម​ថា៖«ទី​៣​ពិនិត្យ​ទៅ​លើ​ស្រូវ​ពូជ​សម្រាប់​ពួកគាត់ ចែក​ជូន​ពួកគាត់​សម្រាប់​ធ្វើ​ទាំង​ស្រូវ​ប្រាំង​និង​វស្សា​និង​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​ថា​តើ​ដី​របស់​ពួកគាត់​នឹង​គួរ​តែ​ប្រើ​ស្រូវ​ប្រាំង​ឬ​ស្រូវ​វស្សា​ដើម្បី​ជួយ[​ពិគ្រោះ​]ដល់​ពួកគាត់​ដើម្បី​ទទួល​បាន​នូវ​ស្បៀង​អាច​ធ្វើ​កសិផល​បាន​សម្រាប់​បម្រើ​ការងារ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ដល់​គ្រូសារ​របស់​គាត់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ»។

បើ​តាម​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់ក្រសួង​ធនធានទឹក និង​ឧតុនិយម​ នៅ​ថ្ងៃ​នេះ​ស្ថានភាព​ទឹក​តាម​ច្រក​ព្រំប្រទល់​កម្ពុជា-ថៃ​បានវិល​ត្រឡប់​មក​ស្ថានភាព​ធូរ​ស្រាល​នៃ​ច្រក​ទឹក​ទាំង​៤​ដោយ​ក្នុង​នោះ​ច្រក​ក្បាល​ស្ពាន ទឹក​អូរ​ស្រក​ដល់​ស្ថានភាព​ដើម​វិញ​ហើយ៕

XS
SM
MD
LG