ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​មក​ពី​ថៃ​១៥​នាក់​ទៀត​​ឆ្លង​ជំងឺ​​កូវីដ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​ពលករ​ឲ្យ​បន្ត​ស្នាក់​នៅ​ទី​នោះ


រូបឯកសារ៖ មនុស្សជាច្រើនដែលភាគច្រើនជាពលករចំណាកស្រុកឈរតម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្ត Samut Sakhon ប្រទេសថៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
រូបឯកសារ៖ មនុស្សជាច្រើនដែលភាគច្រើនជាពលករចំណាកស្រុកឈរតម្រង់ជួរដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្ត Samut Sakhon ប្រទេសថៃ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​ ១៥ ​នាក់​ទៀត​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ កើន​ដល់​ ៥៦ ​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៥​ ខែ​មករា​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​ឲ្យ​ដឹង​ថា ​ពួកគេ​ទាំង​ ១៥​ នាក់​ដែល​ឆ្លង​នោះ មាន ៩​ នាក់ជា​ស្រ្តី ហើយ​ពួកគេ​បាន​ចូល​មក​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១១ ទី​១២ និង​ទី​១៣ ខែ​មករា។ ពួកគេ​មាន​អាយុ​ចន្លោះ​ពី​ ២៣ឆ្នាំ​ ដល់​ ៣៨​ឆ្នាំ និង​មាន​អាសយ​ដ្ឋាន​ស្នាក់​នៅ​ក្នុង​ខេត្តបាត់​ដំបង បន្ទាយ​មានជ័យ តាកែវ កំពង់ឆ្នាំង និង​ភ្នំពេញ​ផង​ដែរ។

រហូត​មក​ត្រឹម​ថ្ងៃ​ទី​១៥ ​ខែ​មករា​នេះ ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ​សរុប​ក្នុង​ប្រទេស​កម្ពុជា ​មាន​ ៤២៦ ករណី ហើយ​កម្ពុជា​មិន​មាន​របាយការណ៍​អំពី​ករណី​ស្លាប់​ ដោយ​សារ​ជំងឺ​នេះ​ទេ។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ (Telegram)​ ថា ការ​ឆ្លង​១៥​នាក់​ក្នុង​ចំណោម​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ ជា​ចំនួន​ច្រើន ដែល​លោកស្រី​បន្ត​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​នេះ​គឺ​ជា​ចំនួន​មួយ​ច្រើន ដែល​យើង​បាន​គិត​ទុក​ជា​មុន​រួច​ទៅ​ហើយ​ថា​នឹង​អាច​មាន​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ​១៩​ហ្នឹង ជា​បន្ត​បន្ទាប់​ទៀត។ ដូច្នេះ​សូម​ឲ្យ​បងប្អូន​យើង លោក​កុំ​មាន​ការ​ធ្វេស​ប្រហែស​ឲ្យ​សោះ»។

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ថៃ​ តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ កម្ពុជា​ក៏​បាន​រាយ​ការណ៍​ការ​ឆ្លង​ជំងឺ​នេះ​ជា​បន្ត​បន្ទាប់ ក្នុង​ចំណោម​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ។

អាជ្ញាធរ​ខ្មែរ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​សរុប​ជាង​ ១ ម៉ឺន​នាក់​ហើយ បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ក្នុង​ពេល​ប្រទេស​ថៃ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ និង​ជា​អ្នក​នាំ​ពាក្យ លោក លី សារី មាន​ប្រសាសន៍​ថា​ ពលករ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ខេត្ត​របស់​លោក មាន​ចំនួន​ ២០ ​នាក់ ​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ខណៈ​អ្នក​កំពុង​ធ្វើ​ចត្តា​ឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក មាន​ជាង​ ៣ ​ពាន់​នាក់ និង​អ្នក​ត្រឡប់​ទៅ​សហគមន៍​របស់​ពួកគេ​វិញ មាន​ប្រមាណ ​៥០០ ​នាក់។ លោក​បន្ថែម​ថា​ក្នុង​មួយ​ថ្ងៃ ពលករ​ជាង​១០០​នាក់ បាន​ចូល​មក​តាម​ច្រក​ក្នុង​ខេត្ត​របស់​លោក។

លោក លី សារី ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ មាន​លិខិត​បញ្ជាក់​ថា​ពួកគេ​មិន​មានជំងឺ​កូវីដ​១៩​ទេ ដើម្បី​ធានា​ថា​មិន​មាន​ការ​រើស​អើង​ពួកគេ។

អភិបាល​រង​ខេត្ត​រូប​នោះ​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ ស្ថានភាពជំងឺ​កូវីដ​១៩​ ក្នុង​ខេត្ត​របស់​លោក​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​បាន​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «មក​ដល់​ពេល​នេះ យើង​អត់មាន​ទាន់​មាន​បាត់​ម្ចាស់​ការ​ទេ។ យើង​នៅ​គ្រប់​គ្រង​បាន​ណែន ហើយ​យើង​ថែ​ទាំសុខភាព​គាត់​ល្អ ដោយ​សារ​មាន​ការ​ចូលរួម ក៏​ដូច​ជា​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​ជា​ប្រមុខ​រាជ​រដ្ឋា​ភិបាល»។

បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
បុគ្គលិកសុខាភិបាលថៃកំពុងធ្វើតេស្តរកជំងឺកូវីដ១៩ លើពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់ពួកគេ នៅកន្លែងធ្វើតេស្តមួយក្នុងខេត្ត Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

បើ​តាម​លោក លី សារី ពលករ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រត់​គេច​ពី​កន្លែង​ចត្តាឡីស័ក​ទៅ​ផ្ទះ​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​បាន​នាំ​មក​វិញ។

លោក​បន្ថែម​ថា៖ «គាត់​យល់​ឃើញ​ថា​ទីមួយ​គាត់​អត់​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន ផ្តាសាយ​ឬ​មួយ​ក្អក​អី​ទេ។ ទីពីរ​គាត់​នៅ​ហ្នឹង វា​អផ្សុក​គាត់។ ហើយ​ទី​បី គាត់​គិត​ថា​មក​ដល់​ស្រុក​ទេស​គាត់​ហើយ ទៅ​នៅ​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ បង​ប្អូន ប្តី​ប្រពន្ធ​គាត់ សង្សារ​គាត់។ យើង​តែ​ង​តែ​ប្រជុំ​ជែក​គ្នា​ជាមួយ​អាជ្ញាធរ​ដាក់​វិធានការ​ប្រសិន​បើ​បង​ប្អូន​ពលករ​ដែល​មក​ពី​ចម្ងាយ ត្រូវ​បញ្ជូន​យក​គាត់ ណែនាំ​គាត់​ឲ្យមក​កន្លែង​ទីតាំង​ចត្តាឡីស័ក​របស់​ខេត្ត»។

លោក​អភិបាល​រង​ខេត្ត​ឲ្យ​ដឹង​ថា​ពលករខ្មែរ​ចូល​មក​តាម​ច្រកព្រំដែនខេត្ត​បន្ទាយ​មាន​ជ័យ មាន​ជាង​៥​ពាន់​នាក់ ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ ​ក្នុង​ប្រទេស​ថៃ។ លោក​បន្ថែម​ថា ​ពលករចូល​មក គឺ​ត្រូវ​យក​សំណាក​ទាំង​អស់ ហើយ​ពួកគេ​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

ចំណែក​អភិបាល​រង​ខេត្ត​បាត់​ដំបង និង​ជា​អ្នក​នាំពាក្យ លោក សឿម ប៊ុនរិទ្ធិ ប្រាប់​ VOA​ ថា​ ពលករ​ចំនួន​៩​នាក់​ក្នុង​ខេត្ត​របស់​លោក ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ជំងឺ​កូវីដ​១៩​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ខេត្ត​របស់​លោក​ក្នុង​ចំណោម​ពលករ ​មាន​១៦​នាក់។ លោក​បន្ត​ថា ​ពលករ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​វីរុសជំងឺ​កូវីដ​១៩ ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ។

លោក​មាន​ប្រសាសន៍​ថា៖ «ម្នាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​[ស្រុក]កំរៀង​ហ្នឹង ដល់​ថ្ងៃ​ទី​១៤ រៀប​ចំ​បង្វេច​ខោអាវ ដើម្បី​នឹង​ចេញ​ទៅ​ផ្ទះ​ទៅ​នៅ​ជាមួយ​សហ​គមន៍ ស្រាប់​តែ​ positive( វិជ្ជមាន​កូវីដ​១៩)។ ដល់​ positive​ ទៅ​យើង​ចាប់​គាត់​យក​មក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ខេត្ត ហើយ​អ្នក​ដែល​នៅ​ជាមួយ​ប៉ុន្មាន​ហ្នឹង បន្ត​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ទៀត»។

បើ​តាម​អភិបាល​រង​ខេត្ត​បាត់​ដំបង​រូប​នេះ ពលករ​ដែល​ឆ្លង​តាម​ខេត្ត​របស់​លោក មាន​ប្រមាណ​ ២.៦៥០​នាក់ ហើយ​ការ​ឆ្លង​ចូល​មក​មាន​ចន្លោះ​ពី​ ២០​ទៅ​១០០​នាក់ ​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ត​ថា ​មនុស្សចំនួន​១.៣៥០​នាក់ កំពុង​ស្ថិត​ក្នុង​មណ្ឌល​ចត្តាឡីស័ក ដែល​ភាគ​ច្រើន​ជា​សាលា​រៀន​ក្នុង​ស្រុក​មួយ​ចំនួន។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​គ្រប់គ្រង​ហ្មត់ចត់ យើង​អត់​មាន​ធ្វេស​ប្រហែស​ទេ​អា​បញ្ហា​ហ្នឹង ព្រោះ​បើ​វា​រាល​ដាល​ដល់​សហគមន៍​ទៅ វា​ខូច​ខាត​ច្រើន»។

នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​ជា​ប្រធាន​គណៈ​កម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើ​ការ​នៅ​ប្រទេ​ស​ថៃ បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ និង​ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។

សេចក្តី​អំពាវនាវ​បញ្ជាក់​ថា៖ «សូម​បង​ប្អូន​ពលករ​ដែល​កំពុង​ស្នាក់​និង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មេត្តា​រក្សា​ភាព​នឹង​នរ និង​បន្ត​ស្នាក់​នៅ​មួយ​កន្លែង ដោយ​ពុំ​ទាន់​ចាំបាច់​ឆ្លង​ដែន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​នោះ​ទេ។ សូម​បង​ប្អូន​ពលករ​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព និង​លទ្ធភាព​ទប់​ស្កាត់ និង​ព្យាបាល​ជំងឺ​កូវីដ​១៩​របស់​អាជ្ញាធរ»។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ថៃ បាន​រាយ​ការណ៍​ថា​ មនុស្ស​ប្រមាណ​២០០​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ។

លោក ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់ មាន​ប្រសាសន៍​ថា​ លោក​ព្រួយ​បារម្ភ​អំពី​ពលករ​ខ្មែរ​ដែល​ធ្វើ​ការមិន​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ពួកគេ​កំពុង​បាត់​បង់​ចំណូល។

លោក​បន្ត​ថា ​វា​ពិបាក​ក្នុង​ការ​ហាម​ឃាត់​ពលករ​មិន​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ខណៈ​ពួក​គាត់​បាត់​បង់​ការងារ ហើយ​មិន​មាន​ការ​ជួយ​ពី​អាជ្ញាធរ។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​ផ្តល់​ «ជំនួយ​សង្រ្គោះ​បន្ទាន់»​ ដល់​ពួកគេ ហើយ​ចុះ​បញ្ជី​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់ ដោយ​មិន​មាន​ការ​បង់​ថ្លៃ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​យើង​អាច​ធ្វើ​អាហ្នឹង​បាន ការ​អំពាវនាវវា​អាច​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឲ្យ​គាត់​ស្នាក់​នៅ​ទី​នោះ ពី​ព្រោះ​ថាការ​ស្នាក់​នៅ​ទី​នោះ វា​អាច​ជួយ​គាត់​ដើម្បី​បង្ការ​នូវការ​រាល​ឆ្លង​កូវីដ​១៩​ហ្នឹង»។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​ថៃ​យ៉ាង​តិច​ ១៥៧​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រាប់​ VOA​ នា​ពេល​កន្លង​មក​ថា ​ស្ថានទូត​កម្ពុជា​កំពុង​សហ​ការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​ថៃ​យ៉ាង​ជិត​ស្និទ្ធ​លើ​ករណី​នេះ ហើយ​ថា​ថៃ​នឹង​ពិនិត្យ​ព្យាបាល​ពលករ​បរទេស​ឆ្លង​កូវីដ​១៩ ដោយ​ឥត​គិត​ថ្លៃ ដូច​ពលរដ្ឋ​ថៃ​ដែរ៕

XS
SM
MD
LG