ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ខ្មែរ​៦​នាក់​ទៀត​ដែល​ត្រឡប់​មក​ពី​ថៃ​វិញ ឆ្លង​ជំងឺ​​កូវីដ​១៩


រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-​ថៃ នៅ​​ក្រុង​ប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-​ថៃ នៅ​​ក្រុង​ប៉ោយប៉ែត ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

ក្រសួង​សុខាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​៦​នាក់​ទៀត ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែលមក​ពី​ថៃ កើន​ដល់​ ៣៣​នាក់​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែ​មករា​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ពួកគេ​ទាំង​៦​នាក់​ដែល​ឆ្លង​នោះ​ ជាស្រ្តី ​ដែល​៥​នាក់​បាន​ចូល​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១១ ខែមករា និង​ម្នាក់​ទៀត​បានចូល​មក​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា។ ពួកគេ​មានអាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​ដល់​៣៦​ឆ្នាំ ក្នុង​នោះ​៤​នាក់​មាន​អាសយដ្ឋាន​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​២​នាក់​ក្នុង​ខេត្ត​ព្រៃវែង។

រហូត​មក​ត្រឹម​ថ្ងៃ​ទី​១៣​ខែ​មករា​នេះ ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​៣៩៨​ករណី ហើយ​កម្ពុជាមិន​មាន​របាយការណ៍​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះទេ។

ចាប់​តាំង​ពី​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ថៃ​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ កម្ពុជា​ក៏​បាន​រាយ​ការណ៍​ការ​ឆ្លង​ជំងឺ​នេះ​ជា​បន្ត​បន្ទាប់ ក្នុង​ចំណោម​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ។ អាជ្ញាធរ​ខ្មែរ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ពលករ​ខ្មែរ​សរុប​ជាង​១ម៉ឺន​នាក់​ហើយ បាន​វិល​ត្រឡប់​ចូល​មក​កម្ពុជា​វិញ ក្នុង​ពេល​ប្រទេស​ថៃកំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​ថៃយ៉ាង​តិច​១៥៧​នាក់ ​ត្រូវ​បាន​រក​ឃើញ​ថា​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បានប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ពលករ​ខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ប្រទេស​ថៃ​មាន​ស្ថានភាព​សុខភាព​ធម្មតា​នៅ​ពេល​នេះ។

លោក​បញ្ជាក់​ថា៖ «ស្ថានទូត​យើង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​សុខាភិបាល​ថៃ​យ៉ាង​ជិត​ស្និទ្ធ​លើ​ករណី​នេះ។ថៃ​នឹង​ពិនិត្យ​ព្យាបាល​ពលករ​បរទេស​ឆ្លង​កូវីដ១៩ ដោយ​ឥត​គិត​ថ្លៃ ដូច​ពលរដ្ឋ​ថៃ​ដែរ»៕

XS
SM
MD
LG