ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថាពលករខ្មែរពីរនាក់ទៀត ដែលបានត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរ ដែលមកពីថៃ កើនដល់ ២០ នាក់ហើយ គិតត្រឹមថ្ងៃទី៧ ខែមករានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឲ្យដឹងថា ក្នុងចំណោមពលករទាំងពីរនាក់ចុងក្រោយដែលឆ្លងជំងឺនេះ ម្នាក់មានអាយុ ២៦ ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង បានចូលមកកម្ពុជាកាលពីថ្ងៃទី២ ខែមករា។ ចំណែកម្នាក់ទៀត អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែមករា។
ចាប់តាំងពីផ្ទុះការឆ្លងជំងឺកូវីដយ៉ាងខ្លាំងក្នុងប្រទេសថៃជាង២សប្តាហ៍ចុងក្រោយនេះ កម្ពុជាក៏បានរាយការណ៍ការឆ្លងជំងឺនេះជាបន្តបន្ទាប់ ក្នុងចំណោមពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។
ក្នុងប្រទេសថៃរបាយការណ៍ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ ឲ្យដឹងថា ពលរដ្ឋខ្មែររស់នៅប្រទេសថៃចំនួន ១៥៣ នាក់ មានផ្ទុកវីរុសកូវីដ១៩នេះ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី៧ ខែមករានេះ ដែលកើនឡើងប្រមាណ ៥០នាក់ ប្រៀបធៀបកាលពីថ្ងៃពុធ។
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថាលោកស្រីមិនទាន់មានព័ត៌មានទាក់ទងនឹងចំនួនពលរដ្ឋខ្មែរនៅថៃដែលឆ្លងជំងឺនេះទេ។
ស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់ VOA តាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកឆ្លងបានផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយទិន្នន័យត្រូវបានផ្សព្វផ្សាយនៅលើវេបសាយរបស់នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលសាធារណៈរបស់ថៃ។
ស្ថានទូតបន្តថា រដ្ឋាភិបាលថៃលើកទឹកចិត្តពលករទាំងអស់មិនឲ្យផ្លាស់ទីក្នុងពេលនេះ ខណៈថៃក៏បានដាក់ចេញនូវវិធានការដើម្បីសម្របសម្រួលជាបណ្តោះអាសន្នឲ្យពលករបរទេស អាចធ្វើការនៅប្រទេសថៃបានរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣។
ស្ថានទូតថៃបញ្ជាក់ថា៖ «យើងស្នើឲ្យពលរដ្ឋកម្ពុជាទាំងអស់ក្នុងប្រទេសថៃ បន្តទាក់ទងជាមួយស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ហើយតាមដានការវិវឌ្ឍនៃស្ថានការណ៍ឲ្យបានដិតដល់ពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន ក៏ដូចជាអនុវត្តនូវវិធានការបង្ការ ដូចជាពាក់ម៉ាស់ យកចិត្តទុកដាក់អនាម័យរបស់ពួកគេ និងជៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ខ្ពស់[នៃការឆ្លងជំងឺកូវីដ១៩]»។
ស្ថានទូតថៃឲ្យដឹងទៀតថា រដ្ឋាភិបាលថៃក៏បានផ្តល់ជំនួយនិងមើលថែផ្នែកសុខភាពដល់ពលករទាំងអស់ ក៏ដូចជាប្រជាជនថៃ ហើយអ្នកដែលមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យផ្សេងៗគ្នា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានទូតកម្ពុជាកំពុងផ្ទៀងផ្ទាត់ករណីនេះជាមួយអាជ្ញាធរថៃ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរនឹងព្យាបាលពលករបរទេសទាំងអស់ ដោយឥតគិតថ្លៃដូចប្រជាជនថៃដែរ។ ស្ថានទូតកំពុងយកចិត្តទុកដាក់បំផុតដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសថៃផងដែរ»។
គិតត្រឹមថ្ងៃទី៥ ខែមករា អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរសរុបជាង ៥ពាន់នាក់ បានចូលមកកម្ពុជា ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ខណៈប្រទេសថៃកំពុងប្រឈមខ្លាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បន្តស្នាក់នៅទីនោះតទៅទៀត និងអនុវត្តតាមវិធានការបង្ការការឆ្លងជំងឺកូវីដ១៩ របស់អាជ្ញាធរថៃ ទោះបីជាពលករបានសម្តែងការព្រួយបារម្ភនិងចង់វិលត្រឡប់មកកម្ពុជាវិញក៏ដោយ៕