ចំនួនពលរដ្ឋខ្មែរក្នុងប្រទេសថៃដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ រកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩ បានកើនឡើងដល់ ១៥៣ នាក់ គិតត្រឹមរសៀលថ្ងៃសុក្រ ទី៨ ខែមករានេះ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយស្តីពីស្ថានភាពជំងឺកូវីដ១៩ ក្នុងប្រទេសថៃ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលសាធារណៈរបស់ថៃ។
របាយការណ៍នោះបង្ហាញទិន្នន័យគិតចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ខណៈថៃកំពុងប្រឈមការឆ្លងរាលដាលយ៉ាងខ្លាំងចូលសហគមន៍ ជាពិសេសក្នុងតំបន់ដែលសំបូរដោយពលករបរទេសធ្វើការ។
របាយការណ៍ឲ្យដឹងថា ក្រៅពីពលរដ្ឋខ្មែរ ១៥៣ នាក់ដែលឆ្លង ក៏មានពលរដ្ឋភូមាចំនួន ១.១៦២ នាក់ឥណ្ឌាចំនួន ៨៥ នាក់ និងជនបរទេសផ្សេងទៀត ចំនួន ១.៣៧៥ នាក់ ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩។
ក៏ប៉ុន្តែរបាយការណ៍នេះមិនបានបញ្ជាក់ថា តើពលរដ្ឋកម្ពុជាទាំង ១៥៣ នាក់ដែលឆ្លងជំងឺកូវីដ១៩ នោះ ជាពលករចំណាកស្រុកដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឬយ៉ាងណានោះទេ។
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលសាធារណៈរបស់ថៃប្រកាសថា មនុស្ស ២០៥ នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នេះ។ ចំណែកកាលពីថ្ងៃព្រហស្បតិ៍ថៃបានរាយការណ៍ថា មនុស្ស ៣០៥ នាក់បានឆ្លងថ្មី។
ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃផ្ទុះខ្លាំងឆ្លងប្រមាណ ៦០០ នាក់ រហូតមកដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ ករណីឆ្លងសរុបមានទៅដល់ ៥.៥០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិថៃ។
ស្ថានទូតថៃប្រចាំនៅរាជធានីភ្នំពេញ បានប្រាប់ VOA តាមសារអ៊ីមែលកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកឆ្លងបានផ្លាស់ប្តូរជាបន្តបន្ទាប់ ហើយទិន្នន័យត្រូវបានផ្សព្វផ្សាយនៅលើវេបសាយរបស់នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលសាធារណៈរបស់ថៃ។
ស្ថានទូតបន្តថា រដ្ឋាភិបាលថៃលើកទឹកចិត្តពលករទាំងអស់មិនឲ្យផ្លាស់ទីក្នុងពេលនេះ ខណៈថៃក៏បានដាក់ចេញវិធានការ ដើម្បីសម្របសម្រួលជាបណ្តោះអាសន្នឲ្យពលករបរទេសអាចធ្វើការនៅប្រទេសថៃបាន រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣។
ស្ថានទូតថៃបញ្ជាក់ថា៖ «យើងស្នើឲ្យពលរដ្ឋកម្ពុជាទាំងអស់ក្នុងប្រទេសថៃបន្តទាក់ទងជាមួយស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ហើយតាមដានការវិវឌ្ឍនៃស្ថានការណ៍ឲ្យបានដិតដល់ពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន ក៏ដូចជាអនុវត្តវិធានការបង្ការ ដូចជាពាក់ម៉ាស់ យកចិត្តទុកដាក់អនាម័យរបស់ពួកគេ និងជៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ខ្ពស់[នៃការឆ្លងជំងឺកូវីដ១៩]»។
ស្ថានទូតថៃឲ្យដឹងទៀតថា រដ្ឋាភិបាលថៃ ក៏បានផ្តល់ជំនួយនិងមើលថែសុខភាពរបស់ពលករទាំងអស់ ក៏ដូចជាប្រជាជនថៃ ហើយអ្នកដែលមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យផ្សេងៗគ្នា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថាស្ថានទូតកម្ពុជាកំពុងផ្ទៀងផ្ទាត់ករណីឆ្លងក្នុងចំណោមពលរដ្ឋខ្មែរជាមួយអាជ្ញាធរថៃ។
លោកមានប្រសាសន៍ថា៖ «អាជ្ញាធរថៃនឹងព្យាបាលពលករបរទេសទាំងអស់ដោយឥតគិតថ្លៃដូចប្រជាជនថៃដែរ។ ស្ថានទូត[កម្ពុជា]កំពុងយកចិត្តទុកដាក់បំផុតដល់ពលករខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសថៃផងដែរ»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ មានប្រសាសន៍ថា លោកព្រួយបារម្ភអំពីពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃមិនស្របច្បាប់ ដោយពួកគេកំពុងបាត់បង់ចំណូល ហើយក៏មិនអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលថៃ ដែលជួយដល់ពលករស្របច្បាប់។
លោកមានប្រសាសន៍ថា៖ «អ្វីដែលជាក្តីបារម្ភនោះ គឺពលករខ្មែរដែលកំពុងតែធ្វើការនៅទីនោះ ហើយកំពុងតែមិនមានភាពស្របច្បាប់ហ្នឹង គឺពួកគាត់បាត់បង់នូវការងារ ហើយគាត់មិនមានលទ្ធភាពក្នុងការរកប្រាក់ចំណូលបាននៅទីនោះ»។
ទោះជាយ៉ាងណា លោក ឃុន ថារ៉ូ លើកទឹកចិត្តឲ្យពលករខ្មែរបន្តស្នាក់នៅក្នុងប្រទេសថៃ ព្រោះការធ្វើដំណើររឹតតែបង្កហានិភ័យនៃការឆ្លង។ លោកជំរុញឲ្យស្ថានទូតខ្មែរនៅប្រទេសថៃប្រមូលទិន្នន័យពលករមិនស្របច្បាប់នៅទីនោះ ហើយជួយពួកគេជាបន្ទាន់។
លោកបញ្ជាក់ថា៖ «ជម្រើសល្អមានតែគាត់ស្នាក់នៅប្រទេសថៃទេ។ ហើយរាជរដ្ឋាភិបាលខ្មែរ ក្រៅតែពីការមានវិធានការនៅក្នុងការធានានៅក្នុងការធ្វើចត្តាឡីស័កការធ្វើតេស្ត សម្របសម្រួលនៅក្នុងការផ្តល់នូវទីកន្លែងសមរម្យ ការហូបចុកគ្រប់គ្រាន់ ខ្ញុំគិតថា រាជរដ្ឋាភិបាលពិចារណានៅក្នុងការធ្វើការសហការជាមួយនឹងអាជ្ញាធរថៃ ដើម្បីធានាថាពលករខ្មែរដែលគាត់មិនមានភាពស្របច្បាប់ហ្នឹង គាត់អាចធ្វើការសម្របសម្រួលនៅក្នុងការចុះបញ្ជីភាពស្របច្បាប់»។
ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ មានចំនួនប្រមាណ ១,២ លាននាក់ ហើយក្នុងនោះមានចំនួនច្រើនដែលធ្វើការមិនមានឯកសារផ្លូវច្បាប់។
គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ អាជ្ញាធរខ្មែរក្នុងខេត្តជាប់ព្រំដែនប្រទេសថៃ បានបញ្ជាក់ឲ្យដឹងថាពលករខ្មែរសរុបជាង ៥ ពាន់នាក់បានចូលមកកម្ពុជា ក្នុងរយៈពេលជាង ៣ សប្តាហ៍ចុងក្រោយនេះនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងប្រទេសថៃ។
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថា ពលករខ្មែរម្នាក់ទៀតដែលបានត្រឡប់មកពីប្រទេសថៃវិញ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងចំណោមពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ កើនដល់ ២១ នាក់ គិតត្រឹមថ្ងៃទី៨ ខែមករានេះ៕