ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រុកឧត្តរមានជ័យជាង៧០០គ្រួសារស្នើសុំក្រសួងរៀបចំដែនដីផ្តល់បណ្ណកម្មសិទ្ធិដីធ្លី


រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ បុរសម្នាក់កំពុងប្រមូលដើមអំពៅពីចម្ការរបស់លោក នៅខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។

ពលរដ្ឋ​ចំនួន ៧១១ គ្រួសារ ​នៅ​ខេត្ត​ឧត្ដរ​មានជ័យ​ដែល​អះអាង​ថា ​ដីធ្លី​របស់​ពួក​គេ​រង​ផល​ប៉ះ ពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​អង្គរស៊ូហ្គឺ ​បាន​ដាក់​ញត្តិទៅ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​និង​សំណង់ ​នៅថ្ងៃ​ពុធ​នេះ​ដើម្បី​ស្នើ​សុំ​បណ្ណកម្ម​សិទ្ធិ​លើ​ដី​ដែល​ពួក​គេ​បាន​កាន់​កាប់​យូរ​ឆ្នាំមក​ហើយ​។

គ្រួសារទាំងនោះ​ គឺ​ជា​អ្នករស់នៅ​ក្នុង​ភូមិ អូរបាត់មាន់ ភូមិតាម៉ាន់ ភូមិខ្ទុំ ភូមិបុស្ស និង​ភូមិត្រពាំងវែង សង្កាត់​កូនគ្រៀល ក្រុងសំរោង ខេត្ត​ឧត្ដរ​មានជ័យ ហើយ​ចាប់​ផ្តើម​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុនអង្គរ​ស៊ូហ្គឺ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន ​Mitr Phol​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្ករ​ដ៏ធំ​មួយ​របស់​ថៃ​។

តំណាង​សហគមន៍​លោក ទិម សារ៉ាត់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កាល​ពី​ឆ្នាំ​ ២០១៧ ក្រសួង​ដែន​ដី បាន​ដោះស្រាយ​ជូន​គ្រួសារ​ចំនួន ​៣២៩ ក្នុង​ចំណោម​គ្រួសារ​ដែល​រង​ផលប៉ះពាល់​សរុប ​៧១១គ្រួសារ​ប៉ុន្ដែ​នៅ​គ្រួសារ​រាប់រយ​ទៀត មិន​ទាន់​ទទួល​បាន​បណ្ណកម្មសិទ្ធិ​សម្រាប់​គ្រប់​គ្រង​នៅ​ឡើយ​ទេ។

លោក​បន្ថែម​ថា ​គ្រួសារ​ចំនួន​ ៣២៩ ដែល​ទទួល​បានការ​ដោះស្រាយ​នោះ​ នៅ​តែ​មាន​ការ​ព្រួយបារម្ហ​ខ្លាច​បាត់បង់​ដី​នៅ​ពេល​ខាង​មុខ​ដោយ​សារ​មិន​មាន​បណ្ណកម្មសិទ្ធិ​ ហើយគ្រួសារ​ចំនួន ​៣៨២ ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយបន្តរង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ឈូស​ឆាយ​ដី​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដំណាំ​អំពៅ របស់​ក្រុមហ៊ុន​អង្គរ​ស៊ូហ្គឺ​។

លោក​ប្រាប់​វីអូអេថា៖ «កន្លង​មក ​ដី​ដែល​ប្រជាពលរដ្ឋ​នៅ ពី​ដើម​មក​យើង​មិន​ទាន់​មាន​បណ្ណកម្ម​សិទ្ធិ​អី​ទេ សូម្បី​តែ​អ្នក​ដែល​បាន​ដោះស្រាយ​ហើយ ៣២៩ ​គ្រួសា រ​ក៏​មិន​ទាន់​មាន​បណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ ដូច្នេះ​បាន​ជា​គេ​យក​បាន​ស្រួល ការ​ឈូស​ឆាយ​របស់​គេ​ដូច​ថា​ដំណើរ​ការ​បាន​រលូន»។

ក្រោយ​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី​នៅថ្ងៃ​ពុធនេះ​ តំណាង​សហគមន៍​រូប​នេះ​ស្នើ​ឱ្យ​ក្រសួង និង​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋដោយ​ផ្ដល់​បណ្ណ​កម្មសិទ្ធិ ដើម្បី​ឱ្យ​ពួកគេ​អាចប្រកប​មុខរបរ​ធ្វើ​ស្រែចម្ការ​ ហើយ​កាត់​បន្ថយ​ការចំណាក់​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។

អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក​សេង ឡូត​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ដោយ​ថាលោក​មិន​ទាន់​ទទួល​បាន​ញត្តិ​នោះ​នៅ​ឡើយ​។​

ការ​ដាក់​ញត្តិសើ្ន​សុំ​ដំណោះស្រាយ​លើក​នេះ​ កើត​ឡើង​ ក្រោយ​សហគមន៍​បាន​ដាក់​ញត្តិទៅ​គ្រប់​ស្ថាប័នក្នុង​ខេត្តឧត្តរមានជ័យ​ ​តែ​ពុំទាន់​ទទួល​បាន​ការ​ដោះស្រាយ​ពី​រដ្ឋបាល​ខេត្ត​ដែល​នៅ​ជាប់​ប្រទេស​ថៃនេះ​ទេ​។ នេះបើតាម​តំណាង​សហគមន៍​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG