ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​ខេត្ត​​ព្រះវិហារ​​ស្នើសុំ​​អន្តរាគមន៍ ក្រោយ​​ផ្ទុះ​​ហិង្សា​​ប៉ះទង្គិច​​ជាមួយ​​សមត្ថកិច្ច​​ចម្រុះ


រូបភាពដកស្រង់ពីបណ្តាញសង្គមរបស់​អង្គការលីកាដូបង្ហាញការតទល់គ្នារវាង​មន្ត្រី​មាន​សមត្ថកិច្ច​និង​ពលរដ្ឋ​នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ (Facebook/LICADHO)
រូបភាពដកស្រង់ពីបណ្តាញសង្គមរបស់​អង្គការលីកាដូបង្ហាញការតទល់គ្នារវាង​មន្ត្រី​មាន​សមត្ថកិច្ច​និង​ពលរដ្ឋ​នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ (Facebook/LICADHO)

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កំពុង​ភៀស​ខ្លួន និង​រស់​នៅ​ដោយ​ភិតភ័យ ក្រោយ​មាន​ករណីផ្ទុះ​ហិង្សា​ជាមួយ​សមត្ថកិច្ច​ចម្រុះ កាល​ពី​ថ្ងៃ​ពុធ ទី​ ៦ ខែ​មីនា។ ពលរដ្ឋ​អះអាង​ថា​ កម្លាំង​ចម្រុះបាន​ចុះ​ទៅ​បណ្តេញ​ពួក​គេ​ចេញ​ពី​លំនៅឋាន ដុត​បំផ្លាញ​ផ្ទះ​សម្បែង និង​សម្ភារៈ​របស់​ពួកគេ។

នៅ​ក្នុង​ករណី​ផ្ទុះ​ហិង្សា​កាល​ពី​ថ្ងៃ​ពុធ ពលរដ្ឋ​ជាង​៣០​នាក់​ដែល​ចេញ​មុខ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន រួច​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ដើម្បី​សាកសួរ។

ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ អះអាង​ថា​ កង​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់​បានចុះ​មក​ឡោមព័ទ្ធ​ផ្ទះ​របស់​ប្រជាពលរដ្ឋ តាំង​ពីព្រលឹម​ថ្ងៃ​ទី ​៦ ខែ​មីនា ​ដោយ​ស្រែក​ប្រាប់​ពលរដ្ឋ​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន​ បន្ទាប់​មក​អាជ្ញាធរ​ប្រើគ្រាប់​បែក​ផ្សែង និង​បាញ់​រះ​គ្រាប់​កាំភ្លើង​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ភិតភ័ត និង​មួយ​ចំនួន​រងរបួស។

អ្នកស្រី ណៃ ធួន អាយុ ៤៥ ​ឆ្នាំ មាន​កូន​ ៤ ​នាក់ ​ដែល​រស់​នៅ​ឃុំ​ស្រយង់​ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អ្នកស្រី​និង​អ្នក​ភូមិ​មួយ​ចំនួន​កំពុង​គេច​ខ្លួន ​និងសុំ​ដី​ពលរដ្ឋ​ស្នាក់​នៅ​បណ្តោះអាសន្ន ដោយ​សារ​ផ្ទះ​សម្បែង ខោ​អាវ ​និង​សម្ភារៈ​នានា ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ដុត​បំផ្លាញ​ចោល។

អ្នកស្រី​បាន​រៀបរាប់​សកម្មភាព​ដែល​អាជ្ញាធរ​ចម្រុះ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​យ៉ាង​ដូច្នេះ​ថា៖​ «ហើយ​ក៏​ហ៊ុំ​ប្រជាពលរដ្ឋ ​ហើយ​ថា ​ឱ្យ​ចេញ​ពី​ដី។ ចាស! ឱ្យ​ចេញ​ពី​ដី ​ដល់​ពេល​នេះ​ទៅ​ក៏​ប្រជាពលរដ្ឋ ​ខ្ញុំ​ថា​ឱ្យ​ចេញ​ មិន​ដឹង​ចេញ​ទៅ​ណា ព្រោះ​អី​ខ្ញុំ​ចេញ​ក៏​អត់​ដី​រស់​នៅ​ដដែល ហើយ​ខ្ញុំ​ក៏​ងាប់​[ស្លាប់]​ដដែល អ៊ីចឹង​យើង​សុខចិត្ត​នៅ​ដី​ហ្នឹង​តែ​ហ្មង​ទៅ។​ បើ​ថា​ ស៊ូ​ងាប់​[ស្លាប់]​នៅ​ដី​ហ្នឹង​ហ្មង​ទៅ បើ​សិន​ថា​ ងាប់​[ស្លាប់]​វា​មាន​ដី​កប់​ បើ​ទៅ​ទៀត វា​មិន​ដឹង​ទៅ​ប្រឡោះ​ណា។ ដល់​ពេល​និយាយ​ប៉ុណ្ណឹង​ហើយ ក៏​គេ​ចុះ​ប្រតិបត្តិការ​ហើយ ​គេ​គប់​គ្រាប់​បែក​ផ្សែង​ពេញ​ហ្នឹង​ទៅ ក៏​កាំភ្លើង​បាញ់​រះ​ ផូងផាំង​ ប្រទូស​រ៉ាយ​គ្នា​ហ្នឹង​ ហើយ​អ្នក​ដែល​ចាប់​បាន​ក៏​ចាប់​ទៅ»។

អ្នកស្រី ណៃ ធួន ​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​បាន​បង្ក​បង្កើនផល និង​ដំា​ដំណាំ ដូចជា​ដំឡូង ចេក​លើ​ផ្ទៃដី​ទំហំ​ ៤ ​ហិកតា​ នៅ​ឃុំ​ស្រយង់​នោះ។ អ្នកស្រី​ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដីឱ្យ​អ្នកស្រី និង​ពលរដ្ឋ​ផ្សេង​ទៀត។

អ្នកស្រី​បញ្ជាក់​ថា៖ ​«អាជ្ញាធរ​បើក​ផ្លូវ​ឱ្យ​ខ្ញុំ​ដើរ​ ស្រួល​បួល​វិញ​ ឱ្យ​មាន​ប្លង់​កម្មសិទ្ធិ​[ដីធ្លី]ថា ឱ្យ​ខ្ញុំ​ប៉ុន្មានៗ​ អាច​ទទួល​យក​បាន ខ្ញុំ​ចិញ្ចឹម​[ជីវិត]។ គ្រាន់​តែ​អាហារ​បី​ពេល​ទេ ខ្ញុំ​មិន​បាន មិន​ចង់​មាន ​ចង់​បានអ្វី ធ្វើ​វិនិយោគ​ទុន ​ដូច​ស្រុក​គេ ស្រុក​ឯង​ទេ។ ប្រជាពលរដ្ឋ​ គឺ​ក្រីក្រ​បំផុត​នៅ​ពេល​អ៊ី​ចេះ​ដុះ[ផ្ទះ]​គ្នា​ឆេះ អស់​អ៊ីចឹង​ទៅ​វា​អស់​សូម្បីខោ​ អាវ​មួយ​ចង្កេះ រត់​មក។ អ្នក​ដែល​រត់​គេច ​ខោអាវ​ សូម្បី​តែ​ស្បែក​ជើង​ក៏​គ្មាន​ផង»។

បើ​តាម​ពលរដ្ឋ​រូប​នោះ អាជ្ញាធរ​ភូមិ​ឃុំ​ក៏​បាន​ចុះ​ធ្វើ​សលាកបត្រ​សម្គាល់​ក្បាលដី​ដល់​អ្នក​ភូមិ​ផង​ដែរ ​នៅ​ពេល​អ្នកស្រី​បាន​ចូល​ទៅរស់​នៅ​តំបន់​នោះ។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​ភៀស​ខ្លួន​ដែរ​នោះ លោក យឺត វ័រ អាយុ​ ៤២ ឆ្នាំ ​ប្រាប់​វីអូអេ​ថា លោក​បាន​រស់​នៅ​ក្នុង​ឃុំ​ស្រយង់​នេះ អស់​រយៈពេល ​១២​ ឆ្នាំ ហើយ​លោក​មាន​ដី​ស្រែ​ប្រមាណ ​៥ ​ហិកតា និង​ដី​ចម្ការ​ប្រមាណ​៥​ហិកតា។ លោក​បញ្ជាក់​ថា ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​ពាក់​ព័ន្ធនឹង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​សីលាដាម៉ិច​នេះ កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១២​មក​ម្ល៉េះ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ឡើយ រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ។

លោក​ស្នើ​ឱ្យ​ថ្នាក់​ដឹកនាំធ្វើ​កិច្ច​អន្តរាគមន៍ និង​កាត់​ឆ្វៀល​ដី ឱ្យពលរដ្ឋ​អាស្រ័យ​ផល​បន្ត​ទៀត។

លោក​ថ្លែង​ថា៖ «សូម​ឱ្យ​ថ្នាក់ដឹកនាំ ​ជួយ​ត្រួត​ពិនិត្យ​កិច្ចការ​ហ្នឹង ហើយ​ជួយ​កាត់​ឆ្វៀល​ដី​ធី និង​ជួយ​គ្រប់​កន្លែង​ទាំង​អស់ ដែល​ឆេះ ​ខូចខាត​ហ្នឹង ជួយ​សង​ឱ្យ​ប្រជាពលរដ្ឋ​វិញ​ទៅ ពួក​គាត់​អត់​ណាស់ ក្រ​ណាស់ ខ្វះ​ណាស់​ បើ​មិន​ជឿ​ទេ ខ្ញុំ​ហ៊ាន​អុជ​ធូប​ស្បថ»។

លោក ណុប​ វុធ្ធី​ អភិបាលរង​ខេត្ត​ព្រះវិហារ​ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះវិហារ ថ្លែង​ថា​ប្រជាពលរដ្ឋ​ទាំង​នោះ ​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់​ដែលរដ្ឋ​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​សីលាដាម៉ិច ខូ អិលធីឌី ។

ក្រុមហ៊ុន​សីលាដាម៉ិច ខូអ៊ិលធីឌី​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង ​៦.៣០០ ​ហិកតា​សម្រាប់​វិនិយោគ​ដំណាំ​កសិ-ឧស្សាហកម្ម ​ដំណាំ​កៅស៊ូ​ ដែលស្ថិត​ក្នុង​ឃុំ​ស្រយង់ ​អំឡុង​ឆ្នាំ​ ២០១១។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ស្រុក​គូលែន ចុះថ្ងៃទី ​១ ខែឆ្នូ ឆ្នាំ​ ២០២៣។

លោក ​ណុប​ វុធ្ធី ​បញ្ជាក់​បន្ថែម​ថា ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើ​គ្រាប់​បែក​ផ្សែង និង​គ្រាប់​កាំភ្លើង​ចំនួន​២​គ្រាប់ កាល​ពី​ថ្ងៃ​ទី ​៦ ខែ​មីនា ដើម្បី​ទប់ទល់​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​នា​ពេល​នោះ។

លោក​ប្រាប់​វីអូអេ​ថា៖ ​«គាត់​មាន​តាំង​ពី​កាំបិត ពូថៅ ​ខ្វែវ​ ប្រគាក់ ដប​សាំង ជំពាម​ បាញ់​មក​លើ​សមត្ថកិច្ច​ រក​កាប់​សមត្ថកិច្ច អ៊ីចឹង​ហើយ​យើង​បាន​ប្រើប្រាស់​គ្រាប់​បែក​ផ្សែង ​ដើម្បី​ឱ្យបងប្អូន​ទាំង​អស់​ចាក​ចេញ។ អ៊ីចឹង​ហើយ​គាត់​អត់[ចេញ]​ទេ មាន​មួយ​ចំនួន​គាត់​រត់​មក​កាប់​សមត្ថកិច្ច​ អ៊ីចឹង​កាប់​សមត្ថកិច្ច​មាន​ន័យ​ថា​ សមត្ថ​កិច្ច​ការពារ​ខ្លួន មាន​ន័យ​ថា ​លោក​បាញ់​២​គ្រាប់​ដែរ បាញ់​ផ្ចុច​ដី ដើម្បី​កុំ​ឱ្យ​គាត់​មក​កាប់»។

លោក​បន្ថែម​ថា ​អាជ្ញាធរ​ក៏​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣៦​នាក់ យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ ដើម្បី​សួរនាំ។

បើ​តាម​អភិបាល​រង​ខេត្ត​ព្រះវិហារ​រូប​នេះ អាជ្ញាធរ​ធ្លាប់​ដោះស្រាយ​ទំនាស់​ដី​ធ្លី​តំបន់​នោះ ​និង​កាត់​ឆ្វៀល​ចំនួន​២​លើក​រួច​មក​ហើយ។

ប្រជាពលរដ្ឋ​ដែល​ចេញ​មុខ​តវ៉ា​ ប្រាប់​វីអូអេ​ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ នគរបាល​មិន​ទាន់​ដោះលែង​ពលរដ្ឋ​ជាង​ ៣០ ​នាក់​នោះ​នៅ​ឡើយ​ទេ។

វីអូអេ​មិន​ទាន់​អាចសុំ​ការ​បញ្ជាក់​ពី​លោក សួស សុខដារ៉ា ​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​នៅ​ឡើយ​ទេ។

លោក អំ សំអាត នាយក​ទូទៅ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​វីអូអេ​ថា ​ការ​ប្រើប្រាស់​អាវុធ និង​ហិង្សា​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី មិន​គួរ​កើត​មាន​នោះ​ទេ។

លោក​បន្ថែម​ថា​ ករណី​ទំនាស់​ដីធ្លី​នេះ គួរ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​អំពើ​ហិង្សា។

លោក​ថ្លែង​ថា៖ ​«រឿង​នេះ ក៏វា​បាត់​យូរ​ទៅ​ហើយ​ដែរ ទាក់ទង​ការ​ផ្ទុះ​អាវុធ ដោយ​សារ​តែ​រឿង​ដីធ្លី​ហ្នឹង។ ហើយ​ក៏​ជា​លើក​ទីមួយ នៅ​រាជរដ្ឋាភិបាល​ថ្មី ​អាណត្តិទី៧​ផង​ដែរ។ ​អ៊ីចឹង​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុវត្ត​ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​រិះគន់ គេ​រិះគន់​ទៅ​ដល់​រាជរដ្ឋាភិបាល។ ចំណុច​ហ្នឹង​ហើយ ដែលយើង​ជា​អង្គការ​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​ទេ ​រាល់​អំពើ​ហិង្សា ​ទោះបី​ជា​កើត​ឡើង​ចេញ​ពី​ភាគី​ណា​ក៏​ដោយ ជាពិសេស​ទៅ​ទៀត ​គឺ​ការ​ផ្ទុះ​អាវុធ​នេះ​តែ​ម្តង ដែល​វា​ជា​រឿង​មួយ​ប៉ះពាល់​ធ្ងន់ធ្ងរ»។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន កាលពីថ្ងៃទី​ ៦​ ខែ​មីនា​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​ដែល​រួម​មាន​កង​រាជ​អាវុធហត្ថ​ ​និង​មន្ត្រី​នគរបាល​ជាច្រើន​នាក់ ​រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​បាន​ប្រមូល​ផ្តុំ​គ្នា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ​ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ ដោយ​មាន​ការ​បាញ់​គ្រាប់​កាំ​ភ្លើង​ពិត និង​ចាប់​ខ្លួន​ពលរដ្ឋ​មួយ​ចំនួន។

បើ​តាម​អង្គការ​លីកាដូ ក្រុមហ៊ុន​សីលាដាម៉ិ​ច​ ខូអិលធី​ឌី ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច ​កាលពី​ខែ​មីនា ឆ្នាំ​២ ០១១ នៅ​ក្នុង​ឃុំ​ស្រ​យង់ និង​ឃុំ​ភូមិ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ អង្គការ​លីកាដូ​បន្ថែម​ថា ​ការ​ទទួល​បាន​ដី​សម្បទាន​នេះ​ធ្វើ​ឱ្យ​កើត​មាន​នូវ​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​ទីនោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG