ប្រជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូងជាប់ផ្ទៃបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ បន្តស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់ដំណោះស្រាយដីធ្លីសមស្របដល់ពួកគេ ខណៈរដ្ឋបាលខណ្ឌប្រកាសឱ្យបញ្ឈប់ការចិញ្ចឹមត្រី និងត្រូវរុះរើសំណង់គ្រប់ប្រភេទឱ្យបានឆាប់បំផុតចេញពីដីរបស់រដ្ឋ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក ដែលអាចកាត់បន្ថយការជន់លិចផ្នែកខ្លះនៃទីក្រុងភ្នំពេញ។
សកម្មជនបរិស្ថាន និងអង្គការការពារសិទ្ធិលំនៅដ្ឋានមួយចំនួនសង្កេតឃើញថា បឹងតាមោកកំពុងស្ថិតក្រោមការគំរាមកំហែង ដោយសារការពុះច្រៀកដីបឹងជាង ៧០ ភាគរយនៃផ្ទៃបឹងជាង ៣.២០០ ហិកតា យកទៅឱ្យក្រុមហ៊ុនឯកជន ឬស្ថាបនាអគាររដ្ឋ។ ដំណាលគ្នានឹងការពុះជ្រាកដីបឹងនេះ ពលរដ្ឋមួយចំនួនក៏កំពុងប្រឈមការបាត់បង់ទីលំនៅ តួយ៉ាងដូចជាប្រជាពលរដ្ឋរស់នៅសហគមន៍សំរោងត្បូង។
កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ រដ្ឋបាលខណ្ឌព្រែកព្នៅបានចេញសេចក្តីជូនដំណឹង ស្តីពីការអភិវឌ្ឍប្រឡាយមេរំដោះទឹកក្នុងបឹងតាមោក ដោយឱ្យប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលនៅក្នុងផ្ទៃបឹងតាមោកត្រូវបញ្ឈប់រាល់សកម្មភាព ដូចជាការចិញ្ចឹមត្រី ការសង់រោងតូបយាមចាំដី ឃ្លាំង ដាក់សម្ភារៈផ្សេងៗ និងសំណង់មិនរៀបរយនានា ហើយត្រូវតែរុះរើសំណង់គ្រប់ប្រភេទឱ្យបានឆាប់បំផុតចេញពីដីរបស់រដ្ឋ។
សេចក្តីជូនដំណឹងឱ្យដឹងថា ការរុះរើនេះដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយ មេរំដោះទឹក សម្រាប់ជាប្រយោជន៍សាធារណៈ ជាពិសេសការបញ្ចៀសទឹកជំនន់នៅតំបន់ភាគខាងលិច ស្របតាមផ្លូវ ១៥១ រហូតដល់ប្រឡាយព្រែកព្នៅ នៃផែន ការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា កន្លងមករដ្ឋបាលខណ្ឌ សង្កាត់ធ្លាប់បានជូនដំណឹងជាបន្តបន្ទាប់ដែរ តែប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សង្កាត់ឡើយ ដែលជាហេតុនាំឱ្យយឺតយ៉ាវប៉ះពាល់ដល់ផែនការអភិវឌ្ឍនេះ។ ដូច្នេះក្នុងពេលឆាប់ៗខាងមុខនេះរដ្ឋបាលខណ្ឌនឹងដំណើរការជីកកាយប្រឡាយបន្ត ហើយមិនទទួលខុសត្រូវលើការខូចខាត បាត់បង់ទ្រព្យសម្បត្តិ ឬសម្ភារៈរបស់បងប្អូននោះឡើយ។
អ្នកស្រី សឿន ស្រីសុទ្ធ ពលរដ្ឋដែលរស់នៅតំបន់បឹងតាមោក ស្នើសុំឱ្យមានដំណោះស្រាយជូនគ្រួសារដែលរស់នៅទីនោះ ចំពោះការជីកប្រឡាយមេរំដោះទឹកក្នុងបឹងតាមោក។
អ្នកស្រីយល់ឃើញថា ការជីកប្រឡាយនេះមិនមែនសម្រាប់តែប្រយោជន៍របស់សាធារណៈម្យ៉ាងនោះទេ តែអាចជាប្រយោជន៍របស់បុគ្គលឯកជន ឬអ្នកមានអំណាចណាចផងដែរ។ អ្នកស្រីបន្តថា ពលរដ្ឋដែលរស់នៅទីនោះប្រហែល ៧៦ ខ្នងផ្ទះ មានកង្វល់បារម្ភខ្លាចមិនមានលំនៅដ្ឋានរស់នៅបន្តទៀត ក្រោយមានសេចក្ដីជូនដំណឹងឱ្យរុះរើ និងចាកចេញពីកន្លែងរស់នៅបច្ចុប្បន្ន។
អ្នកស្រីថ្លែងថា៖ «ដីពីមុនមកខ្ញុំរស់នៅលើដីសាធារណៈរបស់រដ្ឋតែពួកខ្ញុំមានលិខិតទទួលស្គាល់ពីភូមិឃុំពីសង្កាត់ទាំងអស់ ចឹងពួកខ្ញុំជាប្រជាពលរដ្ឋមានសិទ្ធិរស់នៅលើដីរបស់រដ្ឋពិតប្រាកដ ព្រោះពួកខ្ញុំមិនមែនជាជនអន្តោប្រវេសន៍ ឬក៏ជនចំណាកស្រុកមកពីណា ពួកខ្ញុំរស់នៅហ្នឹងតាំងពីឆ្នាំ ១៩៩៨ មកទល់បច្ចុប្បន្នវាលើសពីច្បាប់ភូមិបាល ព្រោះអីច្បាប់ភូមិបាលចែងថា រស់នៅច្បាប់ពីប្រាំឆ្នាំមានសិទ្ធិកាន់កាប់ដីធ្លី មុនឆ្នាំ ២០០១។ តែពួកខ្ញុំរស់នៅតាំងពីមុនឆ្នាំ ២០០១ ទៀត ចឹងពួកខ្ញុំមានសិទិ្ធកាន់កាប់និងអាស្រ័យផលលើដីដែលពួកខ្ញុំរស់នៅ ព្រោះពីមុនដីដែលពួកខ្ញុំរស់នៅជាដីស្រែប្រាំង»។
បើតាមអ្នកស្រី សឿន ស្រីសុទ្ធ កន្លងមក មានអ្នកចាកចេញពីកន្លែងនេះទៅរស់នៅកន្លែងដែលអាជ្ញាធររៀបចំសម្រាប់ការដោះដូរ ប៉ុន្ដែផ្ទះដែលអាជ្ញាធរសាងសង់នោះមានបញ្ហាគុណភាពសំណង់ ដោយសារបច្ចុប្បន្ននេះមានការប្រេះតាមជញ្ជាំងផ្ទះដែលបានបង្កជាក្តីបារម្ភថា ផ្ទះទាំងនោះអាចប្រឈមការដួលរលំស្រុតចុះដល់ដី។
ចំណែកពលរដ្ឋម្នាក់ទៀតដែលរស់នៅដីតំបន់បឹងតាមោក អ្នកស្រី ស៊ែ ដាវី ប្រាប់វីអូអេថា ចំពោះការជូនដំណឹងលើកនេះហាក់មិនសមទំនង ក្រោមហេតុផលថា ខាងអាជ្ញាធរមិនធ្លាប់ហៅតំណាងពីភាគីខាងប្រជាពលរដ្ឋទៅពិគ្រោះយោបល់ជាមុននោះឡើយ។
អ្នកស្រីបន្តថា ពលរដ្ឋបានដាក់ញត្តិទៅសុំការជួយរកដំណោះស្រាយនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា ខណ្ឌព្រែកព្នៅ សាលារាជធានី ក្រសួងរៀបចំដែនដី រដ្ឋសភា ប៉ុន្ដែញត្តិនោះត្រូវបានបញ្ជូនឱ្យមកខណ្ឌព្រែកព្នៅវិញដោយគ្មានលទ្ធផលអ្វីជាដុំកំភួន។
ទាក់ទងគម្រោងការជីកប្រឡាយបច្ចុប្បន្ននេះ អ្នកស្រីលើកឡើងថា ប្រសិនបើមានការជីកប្រឡាយដូច្នេះមែន នោះផ្ទះពលរដ្ឋប្រហែល ៧៦ ខ្នងនឹងរងនូវផលប៉ះពាល់ទាំងអស់។
អ្នកស្រីថ្លែងថា៖ « ប៉ះទាំងអស់ ឮថាប្រឡាយហ្នឹង ៦០ ម៉ែត្រ ៧០ ម៉ែត្រ ហើយចំណីផ្លូវគេហ្នឹងចាក់ពីថ្នល់មក ២៥ ម៉ែត្រ ចឹងដីផ្ទះពួកបងគឺរលាយទាំងអស់គ្នាមួយសហគមន៍ហ្នឹង»។
អ្នកស្រី ស៊ែ ដាវី អះអាងថា ពលរដ្ឋដែលរស់នៅទីនោះភាគច្រើនសុទ្ធតែមានប្លង់ទន់ដែលខាងភូមិឃុំធ្លាប់ចេញឱ្យ ប៉ុន្ដែខាងអាជ្ញាធរបែរជាលើកឡើងថា ប្លង់ទន់ទាំងនោះត្រូវបានរដ្ឋាភិបាលនិរាករចោលអស់ហើយ។
អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរខណ្ឌ សង្កាត់ហ្នឹងគេដឹងថា ពួកយើងមាន (ប្លង់ទន់) ប៉ុន្តែគេនៅនិយាយថា ប្លង់ភូមិឃុំហ្នឹងរដ្ឋាភិបាលគាត់និរាករ (លុប) ចោលអស់ហើយ ទៅជាចឹងហើយពួកបងអត់ដែលដឹងថា សេចក្ដីប្រកាសរបស់រដ្ឋាភិបាលនិរាករប្លង់ភូមិឃុំរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍សំរោងត្បូងពីថ្ងៃណាទេ»។
ពលរដ្ឋរស់នៅដីបឹងតាមោកជារឿយៗបានស្នើសុំអាជ្ញាធរ និងភាគីពាក់ព័ន្ធឱ្យផ្ដល់ដំណោះស្រាយជូនពលរដ្ឋដែលរស់នៅទៅនោះ ដោយជួយទិញផ្ទះរបស់ពួកគេតាមតម្លៃទីផ្សារ និងបញ្ឈប់ការបង្ខំ ការគំរាមគំហែងផ្សេងៗ ដើម្បីឱ្យពួកគេចាកចេញ។ ពួកគេថា បើមិនមានដំណោះស្រាយទេ ពួកគេនឹងគ្មានជម្រើសណាក្រៅពីការ បន្តរស់នៅលើដីនោះតទៅទៀត។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់វីអូអេថា ប្រជាពលរដ្ឋគួរតែយកប្លង់កម្មសិទ្ធិដីរបស់ពួកគេទៅផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ដីដែលពួកគេកំពុងរស់នៅនោះមិនមែនជាដីរបស់រដ្ឋ។
លោកថ្លែងថា៖ «បើសិនគាត់មានប័ណ្ណកម្មសិទ្ធិមានឯកសារបញ្ជាក់កម្មសិទ្ធិហ្នឹង អាជ្ញាធរចុះរាប់លានក្បាលដី ត្រូវបានរដ្ឋផ្តល់កម្មសិទ្ធិឱ្យទាំងអស់ហើយហ្នឹង ឱ្យតែមានឯកសារត្រឹមត្រូវ។ អ៊ីចឹងយើងដាក់សំណួរថា មូលហេតុអីបានជាកន្លែងហ្នឹងមិនទាន់បានប្លង់កម្មសិទ្ធ? អ៊ីចឹងប្រសិនបើគាត់មានបញ្ហា ចន្លោះប្រហោងគាត់ត្រូវទៅធ្វើការជាមួយអាជ្ញាធរ ដើម្បីអាជ្ញាធរពិនិត្យនិងផ្ទៀងផ្ទាត់លើឯកសាររបស់គាត់»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបាននៅឡើយទេ។
លោក សឿង សារ៉ន នាយកប្រតិបត្តិសមាគមធាងត្នោតយល់ឃើញថា អាជ្ញាធរគួរតែបើកការពិភាក្សាជាមួយ ប្រជាពលរដ្ឋដែលប៉ះពាល់ឱ្យបានល្អិតល្អន់ជុំវិញករណីនេះ ដើម្បីរកដំណោះស្រាយឱ្យមានសមភាពរវាងគ្នានិងគ្នា ដោយសារបញ្ហានេះអូសបន្លាយពេលយូរមកហើយ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា គួរតែរកចំណុចកណ្តាលមួយ ដើម្បីបញ្ចៀសការអូសបន្លាយ។ ការអូសបន្លាយវាប៉ះពាល់ច្រើនទាំងផ្លូវអារម្មណ៍របស់ប្រជាពលរដ្ឋ ទាំងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគាត់ និងអ្នកខ្លះទៀតក្មេងៗអាចបោះបង់ការសិក្សាដោយសារបញ្ហាហ្នឹង។ អ៊ីចឹងគួរតែជំរុញឱ្យមែនទែនជា ពិសេសអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានគាត់ត្រូវព្យាយាមដោះស្រាយលើករណីហ្នឹងឱ្យបានលឿនតាមតែអាចធ្វើទៅបាន»។
លោកបន្ថែមថា ក្នុងនាមជាអាជ្ញាធរពាក់ព័ន្ធត្រូវមានតួនាទីជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រកបរបរដោយភាពឯករាជ្យ ជាជាងការប្តឹងផ្តល់គ្នាទៅវិញទៅមក។
លោកប្រាប់វីអូអេថា៖ «ជំនួសឱ្យការប្តឹងទៅវិញទៅមក ខ្ញុំលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ មែនទែនទៅក្នុងនាមជាប្រជាពលរដ្ឋយើងចង់ឱ្យមានអាជ្ញាធររកដំណោះស្រាយប្រកបដោយសមភាព និងសមធម៌។ ប្រជាពលរដ្ឋដូចមិនចង់បានអ្វីក្រៅពីអ្វីដែលគាត់មានស្រាប់ហ្នឹងទេ»។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៩ មក សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិនានា ដូចជាសាលាសង្កាត់សំរោងត្បូង សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយ រហូតមកដល់ពេលនេះ៕
វេទិកាបញ្ចេញមតិ