ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​ថា មិន​មាន​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​ពេល​ខាង​មុខ​ទេ


លោក​នាយករដ្ឋមន្ត្រី​ចិន Liu He (រូបកណ្តាល) ថត​រូប​ជាមួយ​នឹង​លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​លោក​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin នៅ​ក្នុង​ក្រុង Shanghai កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
លោក​នាយករដ្ឋមន្ត្រី​ចិន Liu He (រូបកណ្តាល) ថត​រូប​ជាមួយ​នឹង​លោក Robert Lighthizer អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​លោក​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក Steven Mnuchin នៅ​ក្នុង​ក្រុង Shanghai កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក ​មិន​ឃើញ​មាន​ការ​មិនរីក​ចម្រើន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេ​រិក​ទេ ​ទោះ​បី​មាន​ការ​ចង្អុល​បង្ហាញ​ជា​ច្រើន​បង្ហាញពី​សញ្ញា​ថា សហរដ្ឋ​អាមេរិក​ដែល​មាន​សេដ្ឋ​កិច្ច​ដ៏​ធំ​ជាងគេបង្អស់ក្នុង​ពិភពលោក ​កំពុងមានសេដ្ឋកិច្ច​រីក​ចម្រើន​យឺត​ក៏ដោយ។

ការរីក​លូតលាស់​ការងារក្នុង​សហរដ្ឋ​អាមេរិក ​មាន​ការ​យឺតយ៉ាវ​មក​នៅ​ត្រឹម​១​សែន៣ម៉ឺន​កាល​ពី​ខែ​សីហា ដែល​ស្ថិត​នៅ​ក្រោមចំនួន​មធ្យម​ប្រចាំ​ខែ២សែន​២​ម៉ឺន​៣ពាន់​ការងារ​នៅ​ឆ្នាំ​២០១៨។ សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​អត្រា​ប្រចាំ​ឆ្នាំ​២ភាគរយ ​កាលពី​ខែ​មេសា​ដល់​ខែ​មិថុនា ​ដែល​ធ្លាក់​ចុះ​ពី៣,១ភាគ​រយ​នៅ​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

តាម​ទិន្នន័យ រួម​ជាមួយ​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ទុន​និង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​មាន​ឡើង​ជាមួយ​ចិន​និង​អឺរ៉ុប ​បាន​ធ្វើ​ឲ្យ​ការ​ជជែក​គ្នា​ច្រើន​ពីការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក។ក៏ប៉ុន្តែ លោក Mnuchin រដ្ឋមន្រ្តី​រតនាគារ​សហ​រដ្ឋ​អាមេរិក ​បាន​ប្រាប់បណ្តាញ​ទូរទស្សន៍ Fox News ថា «ខ្ញុំ​មិនឃើញ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នោះ​ទេ»។

លោក ​បាន​និយាយ​ទៀត​ថា «មិន​មាន​សំណួរ​ថា មាន​ការរីក​ចម្រើនសេដ្ឋកិច្ច​យឺតៗ​ក្នុង​ពិភពលោក​ទាំង​ក្នុង​ប្រទេស​ចិន​និង​អឺរ៉ុប​ទេ។​ ក៏ប៉ុន្តែ ​នៅពេល​ដែល​លោក​អ្នក​មើល​សហរដ្ឋ​អាមេរិក ​យើង​បាន​បន្ត​ឃើញ​មាន​ការ​រីក​ចម្រើន។ យើង​មិនបាន​ឃើញ​ផលប៉ះពាល់​ណាមួយ​លើ​សេដ្ឋ​កិច្ច​សហរដ្ឋអាមេរិក​ទេ»។

ខណៈ​ដែលប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ​ និង​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ​ជីនពីង ​បាន​ទាក់​ទិន​ក្នុង​សង្គ្រាម​ពន្ធគយទៅ​វិញ​ទៅ​មក​លើការនាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​ជាប្រាក់​រាប់រយ​ពាន់​លានដុល្លារ​នោះ ​លោក Mnuchin សង្ឃឹម​ថា ​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនៅពេល​ដែល​ប្រទេស​ទាំង២ ​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត​នេះ៕

XS
SM
MD
LG