សន្និសីទកំពូលរបស់ក្រុមប្រទេស ២០ ហៅកាត់ថា G-20 នៅចុងខែនេះ អាចនាំឲ្យមានការជឿនលឿនឆ្ពោះទៅកាន់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្រទេសចិន ប៉ុន្តែមិនមែនជាយុត្តាធិការសម្រាប់ «កិច្ចព្រមព្រៀងជាស្ថាពរមួយ» ទេ។ នេះបើតាមការបញ្ជាក់របស់លោក Wilbur Ross រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃអង្គារ។
មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកំហែងយកពន្ធគយថ្មីភ្លាមៗលើប្រទេសចិន ប្រសិនបើប្រធានាធិបតីចិនលោក ស៊ី ជីនពីង មិនព្រមជួបជាមួយលោកក្នុងទីក្រុងតូក្យូ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម Ross បានការពារយុទ្ធសាស្រ្តពន្ធគយដ៏គឃ្លើនរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ការចរចារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានបរាជ័យកាលពីខែមុន បន្ទាប់ពីប្រធានាធិបតី ត្រាំ បានចោទប្រកាន់ចិនថា មិនបានរក្សាពាក្យសន្យា ហើយបន្ទាប់មក សហរដ្ឋអាមេរិកបានប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន។
ប្រទេសទាំងពីរបានយកពន្ធគយរវាងគ្នានិងគ្នាយ៉ាងខ្លាំងក្នុងទឹកប្រាក់ជាង ៣៦០ពាន់លានដុល្លារសម្រាប់ពាណិជ្ជកម្មទ្វេភាគី ដែលបានធ្វើឲ្យរង្គើទីផ្សារហិរញ្ញវត្ថុនិងទំនុកចិត្តរបស់ពាណិជ្ជករ។
ស្ថានភាពរកផ្លូវចេញគ្មាននេះ បានបង្កើនសេចក្តីរំពឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាប់ផ្តើមការចរចានៅក្នុងទីក្រុងអូសាកា នៅខាងក្រៅជំនួបកំពូលរបស់មេដឹកនាំ G-20។
ទោះជាយ៉ាងនោះក៏ដោយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Wilbur Ross បានកាត់បន្ថយការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងចុងក្រោយដែលនឹងមានរាប់ពាន់ទំព័រ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីខែមុន បានចាប់ផ្តើមដំណើរការយកពន្ធគយចំនួន ២៥ភាគរយ លើទំនិញចិនដែលមានតម្លៃ ៣រយពាន់លានដុល្លារ ក៏ប៉ុន្តែកាលពីថ្ងៃចន្ទ បានគំរាមកំហែងយកពន្ធគយភ្លាមៗ ប្រសិនបើប្រធានាធិបតីចិនលោក ស៊ី ជីនពីង មិនព្រមបង្ហាញខ្លួនដើម្បីជួបលោកក្នុងទីក្រុងអូសាកាទេនោះ៕