ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចម្រុះ​ចំពោះ​ការ​​ស៊ើបអង្កេត​ថ្មី​លើ​ការ​ចាប់​ជំរិត​នៅ​ក្រុង Chibok


ម្តាយ​ក្មេងស្រី​ដែល​បាន​បាត់​ខ្លួន​នៅ​ក្រុង​ Chibok យំ​សោក​នៅ​អំឡុងពេល​ដើរ​ដង្ហែ​ជាមួយ​ស្រ្តី​ដទៃ​ទៀត​​ ដោយ​កោះ​ហៅ​ឲ្យ​មាន​ការ​នាំ​កូនស្រី​របស់​ខ្លួន​ត្រលប់​មក​វិញ​។
ម្តាយ​ក្មេងស្រី​ដែល​បាន​បាត់​ខ្លួន​នៅ​ក្រុង​ Chibok យំ​សោក​នៅ​អំឡុងពេល​ដើរ​ដង្ហែ​ជាមួយ​ស្រ្តី​ដទៃ​ទៀត​​ ដោយ​កោះ​ហៅ​ឲ្យ​មាន​ការ​នាំ​កូនស្រី​របស់​ខ្លួន​ត្រលប់​មក​វិញ​។

លោក​ប្រធានាធិបតី​នីហ្សេរីយ៉ា​ Muhammadu Buhari ​បាន​ប្រកាស​នូវ​​ការស៊ើបអង្កេត​ថ្មី​ទាក់​ទង​នឹង​ការ​ចាប់ជំរិត​សិស្សស្រី​រាប់រយ​នាក់ពី​ភាគឦសាន​ក្រុង​ Chibok ​ក្នុង​ឆ្នាំ ២០១៤ ​ដោយក្រុម​ឧទ្ទាម​បូកូហារ៉ាម(Boko Haram)។ ប៉ុន្តែ​ឪពុកម្តាយ ​និង​សមាជិក​សហគមន៍​មាន​គំនិត​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ថាតើ​ការស៊ើបអង្កេតថ្មីនេះ​នឹងសម្រេចអ្វីខ្លះ​។

​រយៈ​ពេល​ជិត​ពីរ​ឆ្នាំបាន​កន្លង​ផុត​ទៅ ​ចាប់​តាំង​ពីក្រុម​សកម្ម​ប្រយុទ្ធបូកូហារ៉ាម​ បាន​ចាប់ក្មេង​ស្រី​ច្រើន​ជាង ២០០ នាក់​ដែល​កំពុង​ប្រឡង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅតំ​បន់ភាគឦសាន​ដែល​បាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រា ​របស់ប្រទេស​នីហ្សេរីយ៉ា​ ហើយសាច់ញាតិ​របស់​ក្មេង​ស្រី​ដែល​បាន​បាត់​ខ្លួន​ទាំង​នោះ និយាយ​ថា ​មាន​សំនួរ​ដែល​គ្មាន​ ​ចម្លើយ​ជាច្រើន​។ លោក​ Ayuba Alamson ចង់​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​អនុវិទ្យាល័យ​នេះ​ត្រូវបាន​បើក នៅ​ពេល​ដែលសាលា​ដទៃទៀត​ត្រូវបានបិទ​ ដោយសារ​តែ​កំណើន​នៃ​អំពើ​ហិង្សា​ដោយ​ក្រុម​ឧទ្ទាមបូកូហារ៉ាម។

ដំណើរ​ផ្សងព្រេងរបស់​ក្រុមនេះក្នុង​ការបង្កើត​ច្បាប់ឥស្លាម​ដ៏​តឹងរឹងនៅ​ភាគ​ឦសាន ​បាន​ធ្វើ​ឲ្យមនុស្ស​ជាង ២ លាននាក់​បាត់បង់​ទី​ជម្រក ​និង​បាន​សម្លាប់​មនុស្ស​ជាង ២០.០០០ នាក់ នេះ​បើយោង​តាម​អង្គការ​សហ​ប្រជាជាតិ។

លោក Alamson ​មាន​វត្តមានក្នុងចំណោម​ក្រុម​មួយ​នៃ​សមាជិកក្រុម​គ្រួសារនិង សហគមន៍​ដែល​បាន​ជួបជាមួយ​លោក​ប្រធានាធិបតី Buhari ។ លោកសង្ឃឹម​ថា ការស៊ើបអង្កេត​ថ្មីនេះ នឹងផ្តល់​តម្រុយច្រើន​ជាង​មុន ចំពោះ​ការចាប់​ជំរិត​ដ៏​ធំ​នេះ។

«ដូច្នេះ​ពួក​យើង​កំពុង​តែទាមទារ​ឲ្យមាន​ការ​ស៊ើបអង្កេត​ទូលំទូលាយ​ ដែល​នឹង​ត្រូវ​អនុវត្ត​ ហើយ​ការងារ​នេះ​ត្រូវ​បាន​ដឹងឮ​ ដល់​ឪពុកម្តាយ ​សាច់​ញាតិ និងពិភព​លោកទាំងមូល»។

រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ លោក​ Goodluck Jonathan​ បាន​ប្រកាសនូវ​ការស៊ើប​អង្កេត​លើក​ដំបូងតែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​ក្មេងស្រី​សិស្សសាលា​ទាំង​នោះ​ត្រូវបានចាប់​ជំរិត​ពី​ក្រុង Chibok ។ ប៉ុន្តែ​សមាជិក​សហគមន៍​លោក​ Manasseh Allen ​បាន​និយាយថា គ្មាន​របាយការណ៍​ណា​មួយបាន​ចេញ​ផ្សាយ​ទេ ហើយ​ក្រុម​អ្នកស៊ើបអង្កេត​មិន​បាន​សូម្បី​តែ​ចុះ​មក​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ ។

«ពួកគេ​បាន​ចូល​មកក្រុង​ Chibok ​ តាម​ឧទ្ធម្ភាគចក្រ។ បន្ទាប់​ពីចុះចត​រួច ពួក​គេ​គ្រាន់តែ​សួរ​សុខទុក្ខឪពុក​ម្តាយ ថត​វីដេអូនោះ ​ហើយ​ពួក​គេ​ក៏​ឡើង​ឧទ្ធម្ភាគចក្រទៅ​វិញ​ម្តង​ទៀត​។ ក្រៅ​ពីម្តង​នោះ មិន​ដែល​មាន​ការ​ស៊ើប​អង្កេត​អ្វី​ទៀត​ឡើយ»។​

នេះ​ហើយ​ជាមូល​ហេតុ​ដែល​លោក​ Allen ​បាន​និយាយ​ថា លោក​មាន​ការ​សង្ស័យថា​តើ​ការស៊ើប​អង្កេត​ថ្មីនេះនឹងអាច​សម្រេច​បានអ្វី​ខ្លះ។

«ខ្ញុំ​មិន​បាន​ឃើញ ​មាន​ការ​ស៊ើប​អង្កេត​នោះទេ​ ហើយ​វាខិត​ជិតមួយ​ឆ្នាំ​ទៅហើយ​ ដែល​ជា​ពេល​ត្រូវ​តែ​បញ្ចេញ​រឿង​មក​ក្រៅ»។

ក្នុង​ការ​ជជែក​កម្សាន្ត​តាម​ទូរទស្សន៍​ជាមួយ​អ្នកកាសែត​កាល​ពីខែមុន​ លោក​ប្រធានាធិបតី ​Buhari ​និយាយ​ថា ​ទីតាំង​របស់​ក្មេង​ស្រី​ទាំងនោះ​មិនទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ទេ។ លោក​បាន​បន្ត​ថា លោក​មាន​ការ​បើកចំហរ​ក្នុង​ការចរចាជា​មួយក្រុម​ បូកូហារ៉ាមដោ​ ពាក់ព័ន្ធ​នឹង​បញ្ហា​អ្នក​ដែល​ត្រូវ​បាន​ចាប់ជំរិត ប្រសិន​បើ​លោកអាច​រក​ឃើញ​ទី​តាំង​របស់មេដឹក​នាំ​ពួកគេ៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG