ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​កម្ពុជា៖ សកម្មជន​ថៃ​បាត់​ខ្លួន​មិន​មែន​ជា​អ្នក​ស្នាក់​នៅ​ខុនដូ​នៅ​ជ្រោយ​ចង្វារ ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ​ទេ


រូបឯកសារ៖ អ្នកចូលរួមតវ៉ាម្នាក់បានកាន់រូបលោក Wanchalearm Satsaksit នៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកចូលរួមតវ៉ាម្នាក់បានកាន់រូបលោក Wanchalearm Satsaksit នៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

មន្រ្តី​ប៉ូលិស​ជាន់​ខ្ពស់​កម្ពុជា​ បាន​អះអាង​ថា​ សកម្មជន​ថៃ ឈ្មោះ​ Wanchalearm Satsaksit ដែល​ត្រូវ​បានរាយការណ៍​ថាបាត់​ខ្លួន​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន មិន​បាន​ស្នាក់​នៅ​ខុនដូ និង​មិន​មាន​ឈ្មោះ​ជា​អ្នក​ស្នាក់​នៅ​ខុន​ដូមួយ​ នៅ​ខណ្ឌ​ជ្រោយ​ចង្វារ កន្លែង​ដែល​លោក​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្ត​នោះ​ទេ។

លោក​ Wanchalearm ជា​សកម្មជន​ជាតិថៃ​ដែល​រិះគន់​រដ្ឋាភិបាល​ថៃ ​ដែល​បាន​គេច​ខ្លួន​មក​រស់​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន។ កាល​ពី​សប្តាហ៍​មុន ​សាក្សី​ ៣​ នាក់​ បាន​ប្រាប់ ​VOA ថា ពួកគេ​ឃើញ​ជន​ជាតិ​ថៃ​លោក ​Wanchalearm​អាយុ​ ៣៧​ ឆ្នាំ​ ត្រូវ​បាន​បុរស​ ៣ ​នាក់​ ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​ នៅ​មុខ​ខុនដូ​មួយ​ដែល​សកម្មជន​រូប​នោះ​ស្នាក់​នៅ​ច្រើន​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជ​ធានី​ភ្នំពេញ។

សាក្សី​បញ្ជាក់​ថា​ ពិត​ជា​ជន​ជាតិ​ថៃ ដែល​រូប​ថត​របស់​លោក ត្រូវ​បានបង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​សារព័ត៌មាន។

លោក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អ្នក​នាំពាក្យ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ម្ចាស់​ខុនដូ​បាន​ប្រាប់​ប៉ូលិស​ថា ​មិន​មាន​ឈ្មោះ​ជន​ជាតិ​ថៃ​ដែល​បាត់​ខ្លួន ស្នាក់​នៅ​ខុន​ដូ​ទេ ហើយ​ម្ចាស់​ខុន​ដូ​ក៏​លើក​ឡើង​ថា ​មិន​ដែល​ឃើញ​ជនជាតិ​ថៃ​ជា​អតិថិជន​ស្នាក់​នៅ​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ជា​លទ្ធផល អត់​មាន​ឈ្មោះ​ហ្នឹង ចុះ​បញ្ជី​ស្នាក់​នៅ​ខុន​ដូ​នោះ​ទេ។ នេះ​ជា​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ផ្ទៀង​ផ្ទាត់​ព័ត៌មាន។ ម្ចាស់​ខុនដូ​បញ្ជាក់​ថា​ អត់​មាន​ឈ្មោះ​ហ្នឹង អត់​មាន​រូបថត​ហ្នឹង ស្នាក់​នៅ​ខុនដូ​គាត់​ទេ។ ដូច្នេះ​មិន​ដឹង​ឃ្លីប​វីដេអូ​ហ្នឹង កើត​នៅ​កន្លែង​ណា ឬ​ពេល​ណា​ទេ»។

ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ​តើ​មាន​ការ​សាកសួរ​ពលរដ្ឋ​ជុំវិញ​ថា ​មានករណី​ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ត​ កាល​ពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ឬ​យ៉ាងណា។ លោក​បាន​ប្រតិកម្ម​ថា ​អ្នក​សារព័ត៌មាន​មិន​គួរ​សួរ​សំណួរ​បែប​នេះ​ទេ។

លោក ឆាយ គឹម​ខឿន បន្តថា ​សមត្ថកិច្ច​រីករាយ​ស្វាគមន៍​នឹង​ទទួល​យក​ព័ត៌មាន និង​ការ​សហការ​ពី​សាក្សី ដើម្បី​ស្វែង​រក​បន្ត​ទៀត។

បើ​តាម​លោក ឆាយ គឹមខឿន ចាប់តាំង​ពីឆ្នាំ​ ២០១៧ ជនជាតិ​ថៃ Wanchalearm​ មិន​មាន​ឈ្មោះសុំ​ទិដ្ឋាការ​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។ ដូច្នេះ​លោក​ថា ​ជនជាតិ​ថៃ​នោះ​អាចចេញ​ពី​កម្ពុជា ​ឬ​រស់​នៅ​ដោយ​ខុស​ច្បាប់។

សាក្សី​ដែល​ VOA​ បាន​សាកសួរ​បញ្ជាក់​ថា ​ពិត​ជា​មាន​ហេតុ​ការណ៍​នៃ​ការ​ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ត​មែន កាល​ពី​ម៉ោង​ជាង​៤​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា សប្តាហ៍​មុន។

ពួកគេ​ថា​ នេះ​ជា​ការ​ចាប់​ជនជាតិ​ថៃ ដែល​ស្នាក់​នៅ​ខុន​ដូ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ពួកគេ​បន្ត​ថា​ជនជាតិ​ថៃ​នោះ​តែ​ងតែ​ចេញ​មក​ទិញ​ម្ហូបអាហារ​ ហើយ​ពួកគេ​ឃើញ​មុខ​ស្ទើរ​រាល់​ថ្ងៃ។ សាក្សី​ដែល​ឃើញ​ការ​ចាប់​នោះ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​បារម្ភ​អំពី​សុវត្ថិ​ភាព។ ​

ពួកគេ​ថា​បុរស​ជាតិ​ជាតិ​ថៃ​នោះ​បាន​ស្រែក​ជា​ភាសា​ខ្មែរ​ថា​ «ជួយ​ផង!​ ជួយ​ផង!» ជា​ច្រើន​ដង មុន​នឹង​ចាប់​ដាក់​ក្នុង​រថយន្ត។

អ្នក​យាម​នៅ​មុខ​ខុន​ដូ​ មិន​ចង់​និយាយ​អំពី​ករណី​នេះ ហើយ​ថា​ឲ្យ​ទាក់ទង​ទៅ​ម្ចាស់​ខុន​ដូ​វិញ។

ក្រោយ​ការ​ចាប់​ខ្លួន​ដាក់​ក្នុង​រថយន្ត អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch ក៏​បាន​រាយការណ៍​អំពី​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​នេះ ហើយ​ក៏​មាន​ការ​បញ្ចេញ​វីដេអូ​ ដែល​ថត​ជាប់​បន្តិច​នៃ​ព្រឹត្តិការណ៍​កើត​ឡើង​នេះ។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​របស់​សមាគម​សិទ្ធិមនុស្សអាដហុក ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ឲ្យ​អស់​លទ្ធភាព ជា​ពិសេសសាកសួរអ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ។ លោក​បន្ត​ថា​ លោក​ព្រួយ​បារម្ភ​ខ្លាច​ម្ចាស់​ខុន​ដូ​មិន​ហ៊ាន​បញ្ជាក់​អ្វី​ដែល​កើត​ឡើង​ពិត​ប្រាកដ ដោយ​បារម្ភ​អំពី​ការ​រកស៊ី និង​សុវត្ថិភាព។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ ការ​ឆ្លើយ​របស់​ម្ចាស់​ទីតាំង​ត្រឹម​ប៉ុណ្ណឹង គួរ​តែ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​បន្ត​ទៀត​នូវ​អ្នក​ដែល​ជុំ​វិញ​ហេតុ​ការណ៍​ហ្នឹង ពី​ព្រោះ​នៅ​ពេល​ដែល​មាន​ហេតុ​ការណ៍​ហ្នឹង​កើត​ឡើង ​មាន​ការ​ឃើញ ហើយ​មាន​កាមេរ៉ា​ទៀត»។

នៅ​សប្តាហ៍​នេះ រដ្ឋាភិបាល​ថៃ​បានស្នើ​កម្ពុជា​ឲ្យ​ផ្ទៀងផ្ទាត់​ព័ត៌មាន​នៃ​ការចាប់​សកម្មជន​ថៃ​ដាក់​បញ្ចូល​ក្នុង​រថយន្ត​នៅ​ភ្នំពេញ។

កាល​ពីថ្ងៃ​ចន្ទ ​ប្រជាជន​ថៃ​មួយ​ចំនួន​ ​ដែល​គាំទ្រ​សកម្មជន​រូប​នោះ​ បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាង​កក ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន។

លោក​ Wanchalearm​ គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​តែង​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ប្រាយុទ្ធ ចាន់អូចា​ (Prayuth Chan-ocha)។​

មួយ​ថ្ងៃ​មុន​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​នោះ​សកម្ម​ជន​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក ​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ។ ​នៅ​ក្នុង​វីដេអូ​ប្រមាណ​ ១ ​នាទីនោះ​ សកម្មជន​រូប​នេះ​បាន​ «ជេរ​ប្រមាថ» ថា លោក ​ប្រាយុទ្ធ​ ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ ដឹកនាំ​ប្រទេស​មិន​កើត ​និង​ជា​ «មេ​ដឹកនាំ​ល្ងង់​ខ្លៅ»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ លើក​ឡើង​ថា​ ​សកម្ម​ជន​រូប​នេះ​បាន​គេច​មក​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២០១៤។​ អង្គការ​ Human Rights Watch​ បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០១៨​ ​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Wanchalearm​ ផង​ដែរ៕

XS
SM
MD
LG