រដ្ឋាភិបាលថៃបានផ្ញើកំណត់ទូតមួយច្បាប់ទៅក្រសួងការបរទេសកម្ពុជា ដោយស្នើឲ្យផ្ទៀងផ្ទាត់ព័ត៌មានទាក់ទងនឹងការចាប់សកម្មជនថៃដាក់ក្នុងរថយន្តនៅភ្នំពេញគឺលោក Wanchalearm Satsaksit។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោក Wanchalearm Satsaksit សកម្មជនជាតិថៃដែលរិះគន់រដ្ឋាភិបាលថៃ ដែលបានគេចខ្លួនមករស់នៅកម្ពុជាជាច្រើនឆ្នាំមកហើយនោះ បានបាត់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន សាក្សី៣នាក់បានប្រាប់ VOA ថា ពួកគេឃើញជនជាតិថៃលោក Wanchalearm អាយុ៣៧ឆ្នាំ ត្រូវបានបុរស៣នាក់ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅមុខខុនដូមួយដែលសកម្មជនរូបនោះស្នាក់នៅច្រើនឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កុយ គួង ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រសួងបានទទួលកំណត់ទូតរបស់រដ្ឋាភិបាលថៃ កាលពីថ្ងៃច័ន្ទម្សិលមិញ។ លោកបន្ថែមថា នៅក្នុងកំណត់ទូតចុះថ្ងៃទី៥ ខែមិថុនា ស្ថានទូតថៃបានស្នើឲ្យកម្ពុជា«ផ្ទៀងផ្ទាត់»ព័ត៌មាននៃការចាប់ខ្លួននេះ។
លោក កុយ គួង បញ្ជាក់ថា អាជ្ញាធរកម្ពុជានឹង«ផ្ទៀងផ្ទាត់»ព័ត៌មានទាំងនោះមុននឹងមានចំណាត់ការបន្តទៀត។
លោកមានប្រសាសន៍ថា៖ «កម្ពុជាបញ្ជូនករណីនេះទៅក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខជាតិដើម្បីឲ្យផ្ទៀងផ្ទាត់ថា ព័ត៌មាននេះពិត ឬមិនពិត។ ព័ត៌មានបច្ចុប្បន្នហ្នឹង គេអាចធ្វើអីក៏បានដែរ ដូច្នេះការផ្ទៀងផ្ទាត់ជារឿងសំខាន់ណាស់ថា ជារឿងពិត ឬមិនពិត។ ព័ត៌មានសព្វថ្ងៃនេះ យើងដឹងហើយ បច្ចេកវិទ្យាទំនើបណាស់ គេអាចធ្វើម៉េចក៏បានដែរ។ ខ្ញុំចង់និយាយថា បច្ចេកវិទ្យាបច្ចុប្បន្ន មនុស្សក្លែងក្លាយព័ត៌មានមួយគំនរហ្នឹង។ គេប្រឌិតព័ត៌មានមួយគំនរហ្នឹង»។
ស្ថានទូតថៃនៅកម្ពុជាបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើការបាត់ខ្លួនសកម្មជនថៃនិងកំណត់ទូតផ្ញើមកកម្ពុជាទេ។ ស្ថានទូតបង្វែរសំណួរទៅនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃនៅទីក្រុងបាងកកវិញដែល VOA មិនទាន់អាចសុំការឆ្លើយតបបាននៅឡើយទេ។
ក្រោយក្រសួងការបរទេសកម្ពុជាបានទទួលកំណត់ទូតរបស់ស្ថានទូតថៃ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់សារព័ត៌មាន Fresh News ថា សមត្ថកិច្ចនឹងស្រាវជ្រាវពាក់ព័ន្ធនឹងវីដេអូកាមេរ៉ាដែលបង្ហាញពីការចាប់សកម្មជនថៃដាក់ក្នុងរថយន្ត។ ប៉ុន្តែវីដេអូដែលត្រូវបានផ្សព្វផ្សាយនោះមិនបង្ហាញពីសកម្មភាពនៃការចាប់ដាក់រថយន្តទាំងមូលនោះទេ។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចបញ្ជាក់ថា តើនឹងមានការស៊ើបអង្កេតស្វែងរកសកម្មជនថៃរូបនោះ ឬយ៉ាងណាទេ។
ប្រភពដែលនៅក្បែរកន្លែងជនជាតិថៃនោះត្រូវបានចាប់ដាក់ក្នុងរថយន្តបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា កាមេរ៉ាសុវត្ថិភាពនៅសាខាធនាគារកាណាឌីយ៉ានិងស្ថានីយចាក់ប្រេង PTT តាមបណ្តោយផ្លូវជាតិលេខ៦អាចបញ្ជាក់ថា តើរថយន្តនោះធ្វើដំណើរតាមផ្លូវជាតិលេខ៦ទៅទិសខាងណា។ ប្រភពឲ្យដឹងថា រថយន្តរបស់ជនមិនស្គាល់មុខបានដឹកជនជាតិថៃនោះចេញមកផ្លូវជាតិលេខ៦ ប៉ុន្តែពួកគេមិនអាចបញ្ជាក់ថា តើរថយន្តនោះឆ្ពោះទៅភ្នំពេញវិញ ឬក៏ឆ្ពោះទៅខេត្តកំពង់ចាម កំពង់ធំ ឬសៀមរាបនោះទេ។
កាលពីសប្តាហ៍មុន អ្នកយកព័ត៌មាន VOA បានចុះទៅកន្លែងដែលសកម្មជនថៃរូបនោះត្រូវបានចាប់ដាក់ក្នុងរថយន្ត ហើយសាក្សីដែលបានឃើញហេតុការណ៍នោះលើកឡើងថា សកម្មជនថៃនេះត្រូវបានចាប់ដាក់ក្នុងរថយន្តពណ៌ខ្មៅម៉ាក Toyota Highlander នៅវេលាម៉ោងជិត៥ល្ងាច នៅក្បែរខុនដូដែលលោកស្នាក់នៅយូរឆ្នាំមកហើយ ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
សាក្សី៣នាក់ដែលបានឃើញហេតុការណ៍នេះបានប្រាប់ VOA ថា ពួកគេបានឃើញលោក Wanchalearm ដើរចេញពីអគារខុនដូមកទិញស្រាបៀរ បារី និងទឹកដោះគោដាក់ស្បោងផ្លាស្ទិកមុននឹងចូលទៅអង្គុយនៅលើគ្រែតូចមួយក្បែរចិញ្ចើមផ្លូវ។ ពេលនោះលោកបានទិញប្រហិតដែលគេលក់តាមរទេះ។
ខណៈលោក Wanchalearm ដែលពាក់អាវផ្កាដៃខ្លី ស្លៀកខោខ្លីត្រឹមជង្គង់ កំពុងអង្គុយរង់ចាំប្រហិតរបស់គាត់ នោះ ស្រាប់តែមានរថយន្តពណ៌ខ្មៅមួយគ្រឿងមកដល់។ មានបុរស៣នាក់ស្លៀកពាក់ស៊ីវិល ពាក់ម៉ាសបិទមុខចេញពីរថយន្ត។ ពេលនោះសកម្មជនថៃនោះត្រូវបានវាយត្រង់កញ្ចឹងក ហើយក្រៀកក្បាលពីខាងក្រោយព្យាយាមអូសលោកចូលរថយន្ត ដែលមិនមានអ្នកណាចាប់ភ្លឹកមើលចាំផ្លាកលេខនោះទេ។
សាក្សីដែលឃើញការចាប់នោះបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភអំពីសុវត្ថិភាព។ ពួកគេថា បុរសជាតិជាតិថៃនោះបានស្រែកជាភាសាខ្មែរថា«ជួយផង! ជួយផង!»ជាច្រើនដង ហើយលោកក៏ធ្លាក់វ៉ែនតា។ បុរសជនជាតិថៃក៏ត្រូវបានចាប់យកទៅ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកជំរុញឲ្យមានការស៊ើបអង្កេតការចាប់ខ្លួននេះ បើទោះជាមិនមានពាក្យបណ្តឹងក៏ដោយ ដោយសារករណីនេះកំពុងត្រូវបានតាមដានដោយសហគមន៍អន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងតែបារម្ភនៅក្នុងមូលហេតុហ្នឹង ហើយប្រសិនបើបាត់មនុស្ស ជាទូទៅយើងឃើញថា ច្បាស់ណាស់សមត្ថកិច្ចនឹងមិនទុកឲ្យអ្នកហ្នឹងបាត់ខ្លួនអ៊ីចឹងទេ។ ច្បាស់ជាចាត់វិធានការស្រាវជ្រាវជាធម្មតាហើយ។ ហើយប្រសិនបើអត់ប្រើវិធានការហ្នឹងធ្វើការស្រាវជ្រាវ គេអាចយល់ថា រឿងហ្នឹងជារឿងមួយផ្សេង។ វាអាចថា ពាក់ព័ន្ធនឹងបញ្ហានយោបាយហ្នឹងច្រើនជាង»។
កាលពីថ្ងៃច័ន្ទ ប្រជាជនថៃមួយចំនួន ដែលគាំទ្រសកម្មជនរូបនោះ បានតវ៉ានៅមុខស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកផងដែរ ដោយមានកាន់ក្រដាសបង្ហាញសារថា ជួយដល់សកម្មជន Wanchalerm។ ពួកគេក៏ជំរុញឲ្យអាជ្ញាធរកម្ពុជាជួយស្វែងរកសកម្មជន ដែលបាត់ខ្លួននេះផងដែរ។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ដែលតែងរិះគន់រដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។ មួយថ្ងៃមុនការចាប់ដាក់ក្នុងរថយន្តនោះសកម្មជនរូបនេះបានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោករិះគន់នាយករដ្ឋមន្រ្តីថៃ។ នៅក្នុងវីដេអូប្រមាណ១នាទីនោះ សកម្មជនរូបនេះបាន«ជេរប្រមាថ»ថា លោកប្រាយុទ្ធជាមេដឹកនាំនិយាយបានតែមាត់ ដឹកនាំប្រទេសមិនកើត និងជា «មេដឹកនាំល្ងង់ខ្លៅ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លើកឡើងថា សកម្មជនរូបនេះបានគេចមកនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃក្នុងខែឧសភា ឆ្នាំ២០១៤។ អង្គការ Human Rights Watch បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនលោក Wanchalearm ផងដែរ៕