អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) នៅថ្ងៃសុក្រនេះ បានជំរុញឲ្យអាជ្ញាធរកម្ពុជាតាមរកសកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលមានសេចក្តីរាយរាយការណ៍ថា ត្រូវបានចាប់ដាក់ចូលក្នុងរថយន្តមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការសិទ្ធិមនុស្សមួយនេះ រាយការណ៍ថា លោក Wanchalearm ដែលរិះគន់នាយករដ្ឋមន្រ្តីថៃតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣ ខែមិថុនា ត្រូវបានមនុស្សមួយក្រុមប្រដាប់ដោយអាវុធ ចាប់ដាក់ក្នុងរថយន្តខ្មៅ មួយគ្រឿង កាលពីម៉ោងជិត ៦ ល្ងាច ថ្ងៃព្រហស្បតិ៍ ពេលលោកដើរចេញពីខុនដូមួយមកទិញអាហារ។
អង្គការសិទ្ធិមនុស្សនេះបញ្ជាក់ថា៖ «អាជ្ញាធរកម្ពុជាគួរតែស៊ើបអង្កេតការចាប់សកម្មជនឈ្មោះ Wanchalearm Satsaksit ដែលជាអ្នកគាំទ្រប្រជាធិបតេយ្យថៃដ៏ល្បីឈ្មោះម្នាក់ ដែលនិរទេសខ្លួនរស់នៅភ្នំពេញ ហើយបង្ហាញជាសាធារណៈថាលោកនៅទីណា»។
VOA បានព្យាយាមទាក់ទងមន្រ្តីនិងអាជ្ញាធរកម្ពុជា ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ថា តើមានការស្នើសុំពីភាគីថៃឲ្យចាប់ខ្លួនសកម្មជនរូបនោះឬយ៉ាងណាទេ។ ពួកគេក៏មិនអាចបញ្ជាក់ថាតើមានការបញ្ជាកម្លាំងកម្ពុជាឲ្យចាប់ខ្លួនសកម្មជនរូបនោះ ឬយ៉ាងណា។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា មិនបានបដិសេធភ្លាមៗថា មានការចាប់ខ្លួនសកម្មជនថៃវ័យក្មេងនេះ ឬយ៉ាងណានោះទេ នៅពេល VOA សាកសួរអំពីរឿងនេះ។ ប៉ុន្តែលោកបង្វែរឲ្យសួរទៅអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិវិញ គឺលោក ឆាយ គឹមខឿន។
លោក នេត សាវឿន មានប្រសាសន៍ថា៖ «សួរទៅអ្នកនាំពាក្យ។ ខ្ញុំជាប់ប្រជុំ។ ខ្ញុំអត់មានពេលឆ្លើយ»។
នៅពេលប្រាប់ថា លោក ឆាយ គឹមខឿន បានប្រាប់ VOA ថា មិនមានព័ត៌មានទាក់ទងនឹងសកម្មជននេះទេ លោក នេត សាវឿន លើកឡើងថា៖ «ចាំខ្ញុំប្រាប់ទៅ[គាត់]»។
នៅពេលទាក់ទងទៅម្តងទៀត លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ មានប្រសាសន៍ជាថ្មីថាលោកមិនមានព័ត៌មាននោះទេ ហើយលោកលើកឡើងថា លោកក៏មិនលាក់ព័ត៌មានអ្វីដែរ។
លោកថ្លែងប្រាប់ VOA ថា៖ «បើអូនឯងទៅសួរគាត់[លោក នេត សាវឿន] គាត់រុញមកអីចេះ អូនឯងទៅតាមសួរគ្រប់កន្លែង។ ឥឡូវសភាពការណ៍នេះ វាអត់មានកើតឡើងទេ ព្រោះខាងសមត្ថកិច្ចអត់ដឹងទេ… មិនអស់ចិត្តទៅសួរដល់មេ។ ឥឡូវបន្តិចទៀត អូនឯងអាចទៅសួរសម្តេចនាយករដ្ឋមន្រ្តីទៀតថាដឹងរឿងហ្នឹងអត់។ វាអត់ត្រូវ»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានទេ នៅថ្ងៃសុក្រនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា លោកមិនមានព័ត៌មាននេះទេ។ ដូចគ្នាដែរ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា លោកក៏មិនមានព័ត៌មាននេះដែរ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្នើឲ្យសួរទៅក្រសួងមហាផ្ទៃវិញ។
VOA បានព្យាយាមទាក់ទងទៅស្ថានទូតថៃនៅកម្ពុជាតាមរយៈទូរស័ព្ទ និងសារអេឡិចត្រូនិក ឬអ៊ីម៉ែល ដោយបានប្រាប់ពីដំណើររឿងនេះ តែស្ថានទូតថៃមិនផ្តល់ការឆ្លើយតប។
អ្នកយកព័ត៌មាន VOA បានចុះទៅកន្លែងដែលសកម្មជនថៃរូបនោះ ត្រូវចាប់ដាក់ក្នុងរថយន្តហើយសាក្សីដែលបានឃើញហេតុការណ៍នោះ លើកឡើងថា សកម្មជនថៃត្រូវបានចាប់ដាក់ក្នុងរថយន្តពណ៌ខ្មៅ នៅវេលាម៉ោងជិត ៥ ល្ងាច នៅក្បែរខុនដូដែលលោកស្នាក់នៅ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាក្សី ៣ នាក់ ដែលបានឃើញហេតុការណ៍នេះ បានប្រាប់ VOA ថា ពួកគេបានឃើញលោកWanchalearm ដើរចេញពីអគារខុនដូ ដែលលោកស្នាក់នៅអស់រយៈពេល មិនតិចជាង ៥ ឆ្នាំ នោះទេ។ សាក្សីបន្តថា លោក Wanchalearm មកទិញស្រាបៀរ បារី និងទឹកដោះគោ ដាក់ស្បោងផ្លាស្ទិក មុននឹងចូលទៅអង្គុយនៅលើគ្រែតូចមួយ ក្បែរចិញ្ចើមផ្លូវហើយលោកបានកុម្ម៉ង់ប្រហិតដែលគេលក់តាមរទេះ។
ខណៈលោក Wanchalearm ដែលមានសម្លៀកបំពាក់អាវផ្កាដៃខ្លី ខោខ្លីត្រឹមជង្គង់ កំពុងអង្គុយរង់ចាំ អាហាររបស់គាត់ ស្រាប់តែមានរថយន្តពណ៌ខ្មៅ មកដល់។ មានបុរស ៣ នាក់ស្លៀកពាក់ស៊ីវិល ពាក់ម៉ាសបិទមុខ ចេញពីរថយន្ត។ ពេលនោះ សកម្មជនថៃនោះត្រូវបានវាយត្រង់កញ្ចឹងក ហើយក្រៀកក្បាលពីខាងក្រោយព្យាយាមអូសចូលរថយន្ត ដែលមិនមានអ្នកណាចាប់ភ្លឹកមើលចាំផ្លាកលេខនោះទេ។
សាក្សីដែលឃើញការចាប់នោះនិយាយដោយសុំមិនបញ្ចេញឈ្មោះដោយបារម្ភអំពីសុវត្ថិភាព។ ពួកគេថា បុរសជាតិជាតិថៃនោះបានស្រែកជាភាសាខ្មែរថា «ជួយផង ជួយផង» ជាច្រើនដង ហើយលោកក៏ធ្លាក់វែនតា។ បុរសជនជាតិថៃក៏ត្រូវបានចាប់យកទៅ។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ ដែលមានទំនាក់ទំនងជាមួយរណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ The United Front for Democracy Against Dictatorship (UDD) ដែលស្គាល់ថាជាក្រុមអាវក្រហមរបស់ថៃ។
អង្គការសិទ្ធិមនុស្ស HRW លើកឡើងថា លោកបានគេចមកនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃ ក្នុងខែឧសភា ឆ្នាំ ២០១៤។ លោកតែងតែបន្តសកម្មភាពនយោបាយ និងបង្ហោះសារលើប្រព័ន្ធសង្គមរិះគន់រដ្ឋាភិបាលថៃ។
លោកបានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣ ខែមិថុនា រិះគន់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។ នៅក្នុងវីដេអូប្រមាណ ១ នាទី ដែលបង្ហោះមួយថ្ងៃមុនសេចក្តីរាយការណ៍ថា លោកត្រូវបានមនុស្សមួយក្រុម ចាប់ដាក់រថយន្តនោះសកម្មជនរូបនោះបាន «ជេរប្រមាថ» លោក ប្រាយុទ្ធ ថាជាមេដឹកនាំនិយាយបានតែមាត់ និងដឹកនាំប្រទេសមិនកើត។
អង្គការ HRW បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួន លោក Wanchalearm។ ចាប់តាំងពីរដ្ឋប្រហារ កាលពីឆ្នាំ ២០១៤ អាជ្ញាធរថៃបានបង្កើនការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ជាពិសេសសកម្មជនប្រជាធិបតេយ្យ ដែលបានជ្រកកោននៅប្រទេសជិតខាង។
រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់ស្នើសុំថៃឲ្យចាប់បញ្ជូនមនុស្ស ដែលអាជ្ញាធរចង់ចាប់ខ្លួនផងដែរ។
កាលពីឆ្នាំ ២០១៨ ពលរដ្ឋខ្មែរម្នាក់ គឺអ្នកស្រី សំ សុខា ដែលត្រូវបានចោទប្រកាន់ពី «បទប្រមាថ» និង«បទញុះញង់ឲ្យមានការរើសអើង» ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកទទួលទោសនៅកម្ពុជា។
ចំណែកលោក រ៉ាត់ រត្នមុនី ដែលត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទ «ញុះញង់ឲ្យមានការរើសអើង» ពាក់ព័ន្ធនឹងការចេញផ្សាយខ្សែភាពយន្តឯកសារ «ម្ដាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ី RT ក៏ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូន កាលពីខែធ្នូ ឆ្នាំ ២០១៨ តាមការស្នើសុំរបស់កម្ពុជាផងដែរ៕