ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​ថៃ​ថា ​មិន​មាន​ព័ត៌មាន​អំពី​សកម្ម​ជនថៃ​បាត់​ខ្លួន​នោះ​ទេ​ ខណៈ​កម្ពុជា​ថា​​មិន​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​នេះ


សកម្មជនថៃបានប្រមូលផ្តុំគ្នា តវ៉ានៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ដោយមានកាន់បដានិងរូបថតរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលបានបាត់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។
សកម្មជនថៃបានប្រមូលផ្តុំគ្នា តវ៉ានៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ដោយមានកាន់បដានិងរូបថតរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលបានបាត់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។

ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​លើក​ឡើង​ថា ​ពួកគេ​មិន​មាន​ព័ត៌មាន​ទាក់​ទង​នឹង​ការ​បាត់​ខ្លួន​លោក​Wanchalearm Satsaksit​ សកម្មជន​ថៃ​ដែល​រិះគន់​រដ្ឋាភិបាល​ថៃ​នោះ​ទេ​ ខណៈ​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ ពួកគេ​ក៏​មិន​ស៊ើប​អង្កេត​ករណី​នេះ​ដែរ​ ប្រសិន​បើ​មិន​មាន​ការ​ប្តឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​និង​ការ​សហការ​ពី​រដ្ឋាភិបាល​ថៃ។​

កាល​ពី​ថ្ងៃ​សុក្រ​ សាក្សី​ ៣​ នាក់​បាន​ប្រាប់​ VOA​ ថា ​ពួកគេ​បាន​ឃើញ​ជន​ជាតិ​ថៃ​លោក Wanchalearm​ អាយុ​៣៧​ឆ្នាំ​ ត្រូវ​បាន​បុរស​ ៣ ​នាក់ ​ចាប់​ដាក់​ក្នុង​រថយន្ត កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ នៅ​មុខ​ខុនដូ​មួយ​ដែល​សកម្មជន​រូប​នោះ​ស្នាក់​ច្រើន​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ។​

VOA​ បាន​ព្យាយាម​ទាក់ទង​ទៅ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ភ្នំពេញ​ តាំង​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ​ប៉ុន្តែ​ពួក​គេ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​នោះ​ទេ។​

នៅ​ពេល​ទាក់ទង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បុគ្គលិក​ខាង​ស្ថានទូត​ថៃ​លើក​ទូរស័ព្ទ​ ហើយ​អះអាង​ថា ​លោក​មាន​ព័ត៌មាន​ដែល​ខាង​ស្ថានទូត​ប្រាប់​ថា​ បើ​មាន​អ្នក​សារ​ព័ត៌មាន​ណា​ទាក់​ទង​មក ​ប្រាប់​ព័ត៌មាន​នោះ​ទៅ​ពួក​គេ។​

បុគ្គលិក​ម្នាក់​នោះ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖​ «ខាង​ស្ថានទូត​គាត់​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រូប​ខ្ញុំ​ថា​ អត់​បាន​ទទួល​ព័ត៌​មាន​អី​អា​រឿង​ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ហ្នឹង​ទេ»។​

នៅ​ពេល​សួរ​បន្ត​អំពី​ការ​ស៊ើប​អង្កេត ​ឬ​ការ​ស្នើ​សុំ​អន្តរាគមន៍​ណា​មួយ​ពី​អាជ្ញាធរ​កម្ពុជា​ បុគ្គលិក​រូប​នោះ​លើក​ឡើង​ថា ​លោក​មិន​មាន​ព័ត៌មាន​បន្ថែម​នោះ​ទេ​ គឺ​គ្រាន់​តែ​ខាង​ស្ថានទូត​ប្រាប់​ថា​ មិន​មាន​ព័ត៌មាន​នៃ​ការ​ចាប់​ជន​ជាតិ​ថៃ​ដាក់​រថយន្ត​នោះ​ទេ។​

ឆ្លើយ​តប​នឹង​សំណួរ​តាម​អ៊ីម៉ែល ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ស្ថានទូត​ថៃ​បាន​បង្វែរ​សំណួរ​ទៅ​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការ​បរទេស​ថៃ​ នៅ​ទីក្រុង​បាងកក ​វិញ​ដែល​ VOA ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ។​

អ្នក​នាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា​លោក​ ខៀវ សុភ័គ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​អាជ្ញាធរ​កម្ពុជា​មិន​ស៊ើប​អង្កេត​ករណី​នេះ​នោះ​ទេ​ បើ​ទោះ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ក៏​ដោយ។​ លោក​បន្ត​ថា​ ករណី​នេះ​ត្រូវ​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ ​និង​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​ថៃ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ បើ​អ៊ីចឹង ​ទាល់​តែ​គាត់​ដាក់​ពាក្យ​បណ្តឹង​មក​ ពី​ព្រោះ​យើង​អត់​មាន​ព័ត៌មាន​អី​ទាំង​អស់។​ យើង​អត់​មាន​ព័ត៌មាន​ទេ»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​បាន​ថា ​ទាំង​រដ្ឋាភិបាល​ថៃ​អីៗ​ក៏​ដោយ​ បើ​បាត់​ខ្លួន​ សូម​ឲ្យ​រដ្ឋាភិបាល​ថៃ​គាត់​សហការ​ជាមួយ​យើង​ដែរ​ហ្នឹង​ណា៎។​ ធម្មតា​ថៃ​ គាត់​មាន​តំណាង​របស់​គាត់​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ថៃ​នៅ​ទីនេះ។​ បើ​បាត់​ខ្លួន​ជន​ជាតិ​គាត់​ គាត់​មិន​ធ្វើ​ប្រតិកម្ម​អី​ យើង​ធ្វើ​ម៉េច? ហើយ​យើង​ទៅ​យក​ចិត្ត​ទុក​ដាក់​អី។​ និយាយ​រួម​ យើង​គ្រាន់​តែ​ជា​គម្រប​ឆ្នាំង​ទៅ​ក្តៅ​អី ​បើ​ឆ្នាំង​គេ​អត់​ក្តៅ​ផង»។​

កាល​ពី​ថ្ងៃ​អាទិត្យ​ កាសែត​បាង​កកប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​ថា​ ក្រុម​គ្រួសារ​របស់​សកម្មជន​ថៃ លោក ​Wanchalearm Satsaksit​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ និង​ស្ថាប័ន​អន្តរជាតិ​ជួយ​ស្វែង​រក​សកម្មជន​ថៃ​ ដែល​បាត់​ខ្លួន​នៅ​កម្ពុជា។​

កាសែត​បាងកក​ប៉ុស្តិ៍​ក៏​បាន​ដក​ស្រង់​សម្តី​របស់​អ្នក​នាំ​ពាក្យ​ប៉ូលិស​ថៃ​លោក​ Krissana Pattanacharoen ​ដែល​ថា​ កន្លង​ទៅ​ប៉ូលិស​ថៃ​បាន​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា​ អំពី​ការ​ចាប់​បញ្ជូន​លោក ​Wanchalerm ​និង​សកម្មជន​ផ្សេង​ទៀត​ដែល​គេច​ខ្លួន​មក​រស់​នៅ​កម្ពុជា។​ ប៉ុន្តែ​លោក​និយាយ​ថា​ លោក​មិន​ច្បាស់​ថា​ តើ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​សកម្មជន ​Wanchalerm ​ឬ​យ៉ាងណា។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ផង​ដែរ​ ប្រជាជន​ថៃ​មួយ​ចំនួន​ដែល​គាំទ្រ​សកម្មជន​រូប​នោះ​បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​ផង​ដែរ​ ដោយ​មាន​កាន់​ក្រដាស​បង្ហាញ​សារ​ថា ​ជួយ​ដល់​សកម្មជន​Wanchalerm។​ ពួក​គេ​ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ស្វែង​រក​សកម្មជន​ ដែល​បាត់​ខ្លួន​នេះ​ផង​ដែរ។​

កាល​ពី​ថ្ងៃ​សុក្រ​អ្នក​យក​ព័ត៌មាន ​VOA​ បាន​ចុះ​ទៅ​កន្លែង​ដែល​សកម្ម​ជន​ថៃ​រូប​នោះ​ត្រូវ​ចាប់​ដាក់​ក្នុង​រថយន្ត​ ហើយ​សាក្សី​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​លើក​ឡើង​ថា​ សកម្មជន​ថៃ​នេះ​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​ម៉ាក​ Toyota Highlander ​នៅ​វេលា​ម៉ោង​ជិត ​៥ ​ល្ងាច​ នៅ​ក្បែរ​ខុនដូ​ដែល​លោក​ស្នាក់​នៅ​យូរ​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​រាជធានី​ភ្នំពេញ។​

សាក្សី ​៣​ នាក់​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ​បាន​ប្រាប់ ​VOA ​ថា ពួក​គេ​បាន​ឃើញ​លោក​Wanchalearm​ ដើរ​ចេញ​ពី​អគារ​ខុនដូ​មក​ទិញ​ស្រាបៀរ ​បារី​និង​ទឹក​ដោះ​គោ ​ដាក់​ស្បោង​ផ្លាស្ទិក​មុន​នឹង​ចូល​ទៅ​អង្គុយ​នៅ​លើ​គ្រែ​តូច​មួយ​ក្បែរ​ចិញ្ចើម​ផ្លូវ។​ ពេល​នោះ​លោក​បាន​កុម្ម៉ង់​ប្រហិត​ដែល​គេ​លក់​តាម​រទេះ។​

ខណៈ​លោក​ Wanchalearm​ ដែល​ពាក់​អាវ​ផ្កា​ដៃ​ខ្លី​ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​ កំពុង​អង្គុយ​រង់​ចាំ​ប្រហិត​របស់​គាត់​ ​ស្រាប់​តែ​មាន​រថយន្ត​ពណ៌​ខ្មៅ​មួយ​គ្រឿង​មក​ដល់។​ មាន​បុរស ​៣​ នាក់​ស្លៀក​ពាក់​ស៊ីវិល​ពាក់​ម៉ាស​បិទ​មុខ​ចេញ​ពី​រថយន្ត។ ​ពេល​នោះ​សកម្ម​ជន​ថៃ​នោះ​ត្រូវ​បាន​វាយ​ត្រង់​កញ្ចឹង​ក​ ហើយ​ក្រៀក​ក្បាល​ពី​ខាង​ក្រោយ​ព្យាយាម​អូស​ចូល​រថយន្ត​ ដែល​មិន​មាន​អ្នក​ណា​ចាប់​ភ្លឹក​មើល​ចាំ​ផ្លាក​លេខ​នោះ​ទេ។

សាក្សី​ដែល​ឃើញ​ការ​ចាប់​នោះ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​បារម្ភ​អំពី​សុវត្ថិភាព។ ​ពួកគេ​ថា ​បុរស​ជាតិ​ជាតិ​ថៃ​នោះ​បាន​ស្រែក​ជា​ភាសា​ខ្មែរ​ថា​ «ជួយ​ផង​ជួយ​ផង»​ ជា​ច្រើន​ដង​ ហើយ​លោក​ក៏​ធ្លាក់​វែនតា។ ​បុរស​ជន​ជាតិ​ថៃ​ក៏​ត្រូវ​បាន​ចាប់​យក​ទៅ។​

លោក​ ស៊ឹង សែន​ករុណា​ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ការ​ចាប់​នេះ​ បើ​ទោះ​ជា​មិន​មាន​ពាក្យ​បណ្តឹង​ក៏​ដោយ​ ដោយសារ​ករណី​នេះ​កំពុង​ត្រូវ​បាន​តាម​ដាន​ដោយ​សហគមន៍​អន្តរ​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​កំពុង​តែ​បារម្ភ​នៅ​ក្នុង​មូលហេតុ​ហ្នឹង​ ហើយ​ប្រសិន​បើ​បាត់​មនុស្ស​ជា​ទូទៅ​យើង​ឃើញ​ថា​ច្បាស់​ណាស់​សមត្ថកិច្ច​នឹង​មិន​ទុក​ឲ្យ​អ្នក​ហ្នឹង​បាត់​ខ្លួន​អ៊ីចឹង​ទេ។​ ច្បាស់​ជា​ចាត់​វិធានការ​ស្រាវជ្រាវ​ជា​ធម្មតា​ហើយ។​ ហើយ​ប្រសិន​បើ​អត់​ប្រើ​វិធាន​ការ​ហ្នឹង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ គេ​អាច​យល់​ថា ​រឿង​ហ្នឹង​ជា​រឿង​មួយ​ផ្សេង។​ វា​អាច​ថា​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ហ្នឹង​ច្រើន​ជាង»។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា ​ការ​បាត់​ខ្លួន​សកម្ម​ជន​ថៃ​នេះ​ជា​ករណី​មាន​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​ជាតិ ​និង​អន្តរ​ជាតិ​ហើយ​វា​ជា​ «ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ»។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ថា​អាជ្ញាធរ​កម្ពុជា​មិន​គួរ​ណា​លឿន​ពេក​នៅ​ក្នុង​ការ​បដិសេធ​ក្នុង​ការ​ស៊ើប​អង្កេត​ឬ​ស្រាវជ្រាវ​ករណី​នេះ​ទេ​ ពី​ព្រោះ​រឿង​ហេតុ​កើត​នៅ​លើ​ទឹក​ដី​កម្ពុជា​ អ៊ីចឹង​បើ​សិន​ជា​មាន​ទទួល​ព័ត៌មាន​ហើយ​ ទោះ​ជា​ព័ត៌មាន​ហ្នឹង​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​លម្អិត»។​

លោក​ Wanchalearm​ គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ដែល​តែង​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ប្រាយុទ្ធ ចាន់អូចា​ (Prayuth Chan-ocha)។​ មួយ​ថ្ងៃ​មុន​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​នោះសកម្ម​ជន​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ។ ​នៅ​ក្នុង​វីដេអូ​ប្រមាណ​១​នាទី​ សកម្មជន​រូប​នេះ​បាន​ «ជេរ​ប្រមាថ»​ លោក​ប្រាយុទ្ធ ​ថា​ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ដឹកនាំ​ប្រទេស​មិន​កើត​និង​ជា​ «មេ​ដឹកនាំ​ល្ងង់​ខ្លៅ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​លើក​ឡើង​ថា ​សកម្ម​ជន​រូប​នេះ​បាន​គេច​មក​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​២០១៤។​ អង្គការ​ Human Rights Watch​ បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០១៨​ អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Wanchalearm៕

XS
SM
MD
LG